ខេត្តបន្ទាយមានជ័យ ៖ ក្នុងសម័យកាលកូវីដជិត២ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមនុស្សភាគច្រើនចេះបង្កើតមុខរបរដោយខ្លួនឯង មិនថា ប្រុស ឬស្រី ហើយក៏លែងគិតពីកាអៀនខ្មាស់ ដោយអ្នកមានប្រាក់បង្កើតមុខរបរលក់ដូរផ្សេងគ្នាៗជាហូរហែ រីឯអ្នកគ្មានប្រាក់ក៏នាំកូននាំចៅចូលព្រៃបេះបន្លែ, រាវគ្រុំឬខ្យងលក់ និងខ្លះទៀតក៏នាំគ្នារើសអេតចាយ ដែលទាំងនេះព្រោះតែកត្តាជីវភាពគ្រួសារ។
មុខរបរលក់ដូរដែលសំបូរជាងគេនាសម័យកូវីដនេះ គឺលក់បន្លែត្រីសាច់ ដោយខ្លះលក់តាមរ៉ឺម៉កម៉ូតូកង់បី ខ្លះរុញរទេះលក់ដោយថ្មើជើង។ ហើយមុខរបរលក់បន្លែត្រីសាច់នាពេលបច្ចុប្បន្ននេះ មិនថាតាមទីផ្សារ ឬតាមដងផ្លូវនោះទេ ឲ្យតែជាតំបន់ប្រជុំជន គឺហាក់មានការកើនឡើង រហូតដងផ្លូវមួយចំនួនក្លាយជាទីផ្សារទៅហើយ ហើយអ្នកលក់ពេលនេះស្ទើរតែច្រើនជាងអ្នកទិញទៅទៀត។
បើតាមស្ត្រីអ្នកលក់បន្លែត្រីសាច់តាមរ៉ឺម៉កម៉ូតូកង់បីម្នាក់ បាននិយាយថា មុនសម័យកូវីដ គាត់ចេញចូលទៅធ្វើកម្មករនៅផ្សាររុងក្លឿទឹកដីថៃ។ លុះសម័យកូវីដនេះចេះតែអូសបន្លាយពេល គាត់មិនដឹងថា ប្រកបមុខរបរអ្វីក៏សម្រេចចិត្តលក់បន្លែត្រីសាច់ គ្រាន់បានកម្រៃខ្លះដោះស្រាយជីវភាពគ្រួសារ។ មិនថាតែស្ត្រីទេ បច្ចុប្បន្នបុរសៗក៏ក្លាយជាអ្នកលក់ដូរតាមម៉ូតូ ឬរ៉ឺម៉កម៉ូតូកង់បីព្រោងព្រៀតដូចគ្នា។
ចំណែកអ្នកលក់ទឹកអំពៅតាមដងផ្លូវម្នាក់ក៏បាននិយាយដែរថា បច្ចុប្បន្នការលក់ដូរមិនសូវដាច់ទេ ព្រោះទាំងគេ ទាំងគ្រួសាគាត់សុទ្ធតែជួបបញ្ហាជីវភាពរកប្រាក់មិនសូវបាន។ ដ្បិតមុខរបរលក់ដូរកើតមានជាហូរហែ ប៉ុន្តែអ្នកលក់ទំនិញខុសពីបន្លែត្រីសាច់ ដូចជាទំនិញថ្លៃៗ ឬសំលៀកបំពាក់ ហាក់លក់មិនដូចដាច់ទេ។
បើតាមអាជីវករលក់សម្លៀកបំពាក់នៅផ្សារថ្មីប៉ោយប៉ែត មួយគ្រួសារ និងមានទីលំនៅភូមិសាមគ្គីមានជ័យ ប្រាប់កោះសន្តិភាពឱ្យដឹងថា ពួកគាត់បង្ខំចិត្តបិទតូបហើយ ព្រោះគ្មានអ្នកទិញ ។
គ្រួសារខាងលើនេះ បានអះអាងទៀតថា ថ្ងៃខ្លះលក់មួយថ្ងៃមិនបានកម្រៃសូម្បី១០០រៀល ដែលករណីនេះគេគិតថា បើកូវីដនៅតែអូសបន្លាយពេលយូរអង្វែងតទៅទៀត កុំថាឡើយអ្នកក្រដែលអាចប្រឈមបញ្ហាជីវភាព សូម្បីអ្នកមានជីវភាពកម្រិតមធ្យមក៏គង់តែលក់ខ្ទេចលក់ខ្ទី ឡាន ឬម៉ូតូ ដើម្បីដោះស្រាយជីវភាពដូចគ្នាដែរ៕
ចែករំលែកព័តមាននេះ