ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃប៊ុត ប៊ុនតិញ វាយប្រហារវ៉ាក់សាំងចិន ថាធ្វើឱ្យសាច់ញាតិលោកងងឹតភ្នែក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងគង់នៅក្រៅប្រទេស បានធ្វើការវាយប្រហារខ្លាំងទៅលើវ៉ាក់សាំងរបស់ប្រទេសចិន ថាបានបណ្តាលឱ្យបងប្រុសមួយរូបរបស់ព្រះអង្គ ទៅជាងងឹតភ្នែក និងមានបញ្ហាសុខភាពមួយចំនួនទៀត…

រាជធានីភ្នំពេញ ៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងគង់នៅក្រៅប្រទេស បានធ្វើការវាយប្រហារខ្លាំងទៅលើវ៉ាក់សាំងរបស់ប្រទេសចិន ថាបានបណ្តាលឱ្យបងប្រុសមួយរូបរបស់ព្រះអង្គ ទៅជាងងឹតភ្នែក និងមានបញ្ហាសុខភាពមួយចំនួនទៀត ក្រោយពីបានចាក់វ៉ាក់សាំងរួច ដែលការលើកឡើងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាការចោទប្រកាន់គ្មានការពិត និងមានចរិកលក្ខណៈនយោបាយ ។

ព្រះអង្គប៊ុត ប៊ុនតិញ បានបង្ហោះរូបភាពមួយសន្លឹករបស់បុរសម្នាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ កាលពីព្រលប់ថ្ងៃអាទិត្យ ទី ២២ ខែសីហា និងបានបញ្ជាក់បុរសនោះមាន ឈ្មោះ លោក ប៊ុត ស្ដើង ត្រូវជាបងប្រុសរបស់ព្រះអង្គ ដែលក្នុងរូបថតមានមាត់វៀច ទៅម្ខាង។ អមជាមួយនឹងរូបថតមួយសន្លឹក ព្រះអង្គ ក៏បានសរសេរសារ វាយប្រហារយ៉ាងដូច្នេះថា «ចាក់វាក់សាំងចិនបង្កបញ្ហាដល់សុខភាពឥតគណនាករណីញោមប្រុសបង្កើតរបស់អាត្មា លោកប៊ុត ស្ដើង ក្រោយចាក់វ៉ាក់ សាំងមួយយប់រួចមក គាត់វែកមាត់ ទាញសរសៃ ងងឹតភ្នែក។ គ្មានអ្នកទទួលខុសត្រូវ មានតែក្រុមបញ្ជោរលើកជើងជនពាលក្នុងសង្គម។ មូលហេតុអ្វី បានជាមុននឹងចាក់វាក់សាំងមិនមើលលក្ខណសុខភាពមនុស្សសិន»។ ក៏ប៉ុន្តែ ព្រះអង្គ ប៊ុត ប៊ុនតិញ មិនបានបញ្ជាក់លម្អិតថាតើបងប្រុសរបស់ព្រះអង្គចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ និងពេលវេលានៃការចាក់តាំងពីពេលណានោះទេ ។


យ៉ាងណាមិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន្ត បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពនៅព្រឹកថ្ងៃទី ២៣ ខែសីហា នេះធា ការបង្ហោះរបស់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលរត់ទៅក្រៅប្រទេស គឺជាវាយប្រហារមកលើរាជរដ្ឋាភិបាល និងកំពុងតែយកសាសនាជាខែលដើម្បីគាំទ្រឧន្ទាមក្រៅច្បាប់នៅក្រៅប្រទេសហើយកំពុងតែនិយាយមួលបង្កាច់មិនផ្សារភ្ជាប់ការពិតនៅកម្ពុជា។ ឯកឧត្តម សុខ ឥសាន្ត មានប្រសាសន៍បញ្ជាក់ថា «ការលើកឡើងរបស់បុគ្គល ប៊ុត ប៊ុនតិញនេះមិនបានផ្សារភ្ជាប់ទៅការពិតជាជាក់ស្តែង ដែលកើតឡើងនៅកម្ពុជានោះទេ»។

ឯកឧត្តមបានចោទជាចម្ងល់ផងដែរថា ហេតុអ្វីបានជាបុគ្គលប៊ុត ប៊ុនតិញ លើកឡើងបែបនេះ បើពេលនេះមានប្រជាជនខ្មែរ និងជនបរទេសនៅកម្ពុជា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានច្រើន0ជាង៩លាននាក់ហើយនោះ ហើយសួរថាតើក្នុងចំណោមប្រជាជនជាង៩លាននេះមានអ្នកណាខ្លះវៀចមាត់ ដៃជើង គឺ អត់មានទេ?។ អ្នកនាំពាក្យគណបក្សប្រជាជនបានបន្តទៀតថា «អ៊ីចឹងមូលហេតុបានជាមានតែកើតឡើង តែក្រុមគ្រួសារប៊ុត ប៊ុនទិញអីចឹង? ចំណុចនេះយើងដឹងហើយ និងទុកឲ្យមហាជនពិចារណាចុះ?»។ ទាក់ទងនឹងការវាយប្រហាររដ្ឋាភិបាល និងវាយប្រហារលើវ៉ាក់សាំងរបស់ចិនថាបានធ្វើឲ្យបងប្រុសរបស់ព្រះអង្គទៅជាវៀចមាត់ ងងឹតភ្នែកនេះ ត្រូវបានឯកឧត្តម សុខ ឥសាន ថាទោះបីដឹងថាព្រះអង្គប៊ុត ប៊ុនតិញ លើកឡើងចោទប្រកាន់គ្មានការពិតក្តី ក៏រាជរដ្ឋាភិបាលមិនបានព្យាបាទព្រះអង្គទេ ។ពីព្រោះថារដ្ឋាភិបាលដឹង ច្បាស់ថានៅពេលលោកបានទៅក្រៅប្រទេសនឹងវាយប្រហាររដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជាហើយ» ។

ឯកឧត្តម បន្តថាប្រជាជនកម្ពុជាបានដឹងច្បាស់ពីសកម្មភាពជាក់ស្តែងនូវឧបាកល និងចរិករបស់បុគ្គល ប៊ុត ប៊ុនតិញ បានយកសាសនាជាខែលដើម្បីបំម្រើនយោបាយរបស់ក្រុមឧន្ទាមក្រៅច្បាប់ ។ ឯកឧត្តម បញ្ជាក់បន្ថែមថា «អីញ្ចឹងប្រជាជនដឹងច្បាស់ហើយ ហើយរាជរដ្ឋាភិបាលមិនចាំបាច់ធ្វើអ្វី ផ្លូវច្បាប់នោះទេ ។ ពីព្រោះថាប្រសិនបើធ្វើផ្លូវច្បាប់ក៏គ្មានវិសាលភាពទៅដ ល់ក្រៅប្រទេសនោះទេ ។ យើងធ្វើច្បាប់នៅក្នុងប្រទេសអីញ្ចឹងមិនចាំបាច់សងសឹកអ្វីទេ ទុកឲ្យប្រជាជនពិចារណាហើយដឹងការពិតទៅពេលនោះបុគ្គលនោះអត់សិទ្ធិអំណាចដោយខ្លួនឯងហើយ»។

សូមបញ្ជាក់ថា កិតត្រឹមថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មាន ៨៧,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើតាមការឱ្យដឹងពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។ ជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមកក្រសួងសុខាភិបាលបានប្រកាសច្បាស់អំពីលក្ខខណ្ឌមួយចំនួន ដែលមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះទេ ដូចជាអ្នកមានជំងឺប្រចាំកាយ រុំារ៉ៃ ជាដើម ។ សូមអានលម្អិតនូវលក្ខខណ្ឌ អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយនិងចែកជូនអ្នកទៅចាក់វ៉ាក់សាំង ខាងក្រោមនេះ ៖

ជាមួយគ្នានោះផងដែរ នៅពេលបើកយុទ្ធនាការចាក់វាក់សាំងបង្ការកូវីដ-១៩ នាខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលមិនអាចចាក់វ៉ាក់សាំងបាន គឺរួមមាន ៖ មានអាការៈក្ដៅខ្លួន  មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត(Asthma) មានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរុំារ៉ៃឧស្សាហ៍ធ្វើទុក មានជំងឺអាឡែកស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema) មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ តាមការឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានសារធាតុផ្សំ (វីរុស កូវីដ-១៩ ដែលបានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដូ្យមអុកស៊ីត “Sodium Oxide” ឌីសូដ្យូមហ៊ីដ្រូហ្សែនផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូមអីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែល មានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរ ពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ឋប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតនោះទេ។  អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។ ស្រី្តមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពរពោះក្នុងរយៈពេល៣ខែ។ អ្នកមានជំងឺប្រកាច់ (កន្រ្តាក់) មានជំងឺឆ្កួតជ្រូក(ស្កន់) មានជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។ អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី…) និង បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ