រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា នៅកម្ពុជាយើង គិតត្រឹមថ្ងៃទី១៩សីហា បានប៉ះពាល់ដល់ ២៣រាជធានី-ខេត្ត លើកលែងតែ ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ ក្នុងចំណោម២៥ខេត្ត-ក្រុងនៅទូទាំងប្រទេស ។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា តាំងពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែសីហានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា ចំនួន ៨៣៦នាក់ (ស្ត្រី ៤០៥នាក់) អ្នកឆ្លងកូវីដ ដែលតា ជាអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ជូនជីនៅវត្ត និងសិស្ស ។
ក្រសួងសុខាភិបាល អោយដឹងថា កូវីដដែលតា ទាំង៨៣៦នាក់ រួមមាន ៖ ១-ឧត្តរមានជ័យ ១៦៥នាក់, ២-ភ្នំពេញ ១៦៨នាក់, ៣-សៀមរាប ១៣០នាក់, ៤-បន្ទាយមានជ័យ ១១៦នាក់, ៥-ប៉ៃលិន ២៧នាក់, ៦-ព្រះវិហារ ៤២នាក់, ៧-បាត់ដំបង ២២នាក់, ៨-ស្វាយរៀង ៣០នាក់, ៩-កំពង់ធំ ៣៤នាក់, ១០-ត្បូងឃ្មុំ ១២នាក់, ១១-កំពង់ចាម ១៨នាក់, ១២-រតនគិរី ១០នាក់, ១៣-កំពង់ស្ពឺ ៦នាក់, ១៤-កណ្តាល ២៣នាក់, ១៥-ព្រៃវែង ៣នាក់, ១៦-កំពត ២នាក់, ១៧-ស្ទឹងត្រែង ៩នាក់, ១៨-កំពង់ឆ្នាំង ម្នាក់, ១៩-ពោធិ៍សាត់ ៤នាក់, ២០-កោះកុង ម្នាក់, ២១-មណ្ឌលគិរី ៦នាក់, ២២-ព្រះសីហនុ ៣នាក់, និង២៣-តាកែវ ៤នាក់ ។
បើតាមក្រសួងសុខាភិបាល លទ្ធផលខាងលើនេះបង្ហាញឲ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ