ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ កំពុងផ្ទុះឆ្លងចូលសហគមន៍​ជនជាតិ​ដើមភាគតិច​ទ្រង់ទ្រាយធំ នៅស្រុកកោះញែក

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ស្ថានភាព​រាល​ដាលជំងឺកូវីដ១៩ នៅ​ស្រុកកោះញែក កំពុងឈានដល់ការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយភ្លាមៗ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាត់វិធានការបន្ទាន់ ដោយចុះធ្វើតេស្តយកសំណាក​បងប្អូនប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ និងបិទខ្ទប់តំបន់មួយចំនួន ជាពិសេសផ្សារស្រុកកោះញែក…

ខេត្តមណ្ឌលគិរី​៖ ស្ថានភាព​រាល​ដាលជំងឺកូវីដ១៩ នៅ​ស្រុកកោះញែក កំពុងឈានដល់ការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយភ្លាមៗ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាត់វិធានការបន្ទាន់ ដោយចុះធ្វើតេស្តយកសំណាក​បងប្អូនប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ និងបិទខ្ទប់តំបន់មួយចំនួន ជាពិសេសផ្សារស្រុកកោះញែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាបន្ត។

គិតត្រឹមល្ងាចថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ស្រុកកោះញែក បានក្លាយជាតំបន់ផ្ទុះករណីកូវីដ​១៩ នាំ​មុខ​គេ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមានចំនួនអ្នកវិជ្ជមាន រហូតដល់ ១០៤ករណី (ប៉ុណ្ណោះអាសន្ន គិតត្រឹមថ្ងៃ១៧) ក្នុងមួយថ្ងៃ ដែលបង្កជាការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុខភាពសាធារណៈ។

ឯកឧត្តម ស្វាយ​ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ករណីផ្ទុះរីករាលដាលជំងឺខូវីដ​១៩ ក្នុងសហគមន៍​ ក្នុងស្រុកកោះញែក ដែលបានរីករាលដាលរហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់បែបនេះ បណ្ដាលមកពីខ្វះការ​ចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេស​វិធានការរបស់ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល។

​ប្រភពព័ត៌មានបានឲ្យដឹងថា ករណីចម្លងកូវីដ១៩​ ក្នុងសហគមន៍ក្នុងភូមិទួល ឃុំស្រែហ៊ុយ និងភូមិមួយចំនួនទៀត ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះ បានកើតឡើងភ្លាមៗ ក្រោយមានពិធីបុណ្យ​សពមួយរបស់បងប្អូនជនជាតិ​ដើមភាគតិច ក្នុងមូលដ្ឋាន ដោយពួកគាត់ បានចូលរួមប្រារព្ធពិធីបុណ្យសពនោះ មានការជួបជុំផឹកស៊ី តាមបែបប្រពៃណី មិនត្រឹមតែប៉ុណ្ណោះគឺមានការ​ផឹកស្រាពាង ដែលតម្រូវបឺតទុយោរួមគ្នាបន្តពីម្នាក់ទៅម្នាក់ ទើបបង្កហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ ក្នុងសហគមន៍យ៉ាងឆាប់រហ័សបែបនេះ។ នៅរសៀលថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត ដែលដឹកនាំដោយ​ឯកឧត្តម ស្វាយ សំអ៊ាង បានចុះភ្លាមៗ ដល់មូលដ្ឋានស្រុកកោះញែក ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការរីករាល​ដាល​ជំងឺកូវីដ១៩ ក្នុងសហគមន៍ជាបន្ត ហើយតំបន់ ដែលមានការប្រឈមខ្ពស់ ត្រូវបានបិទខ្ទប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ