ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​នាយក​សាលា​ម្នាក់ និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ បន្ទាប់​ប្រើ​ល្បិច​ទារប្រាក់​ពី​ជន​រង​គ្រោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ ចោទប្រកាន់​ពី​បទ​.​ឆបោក ដោយ​មាន​ស្ថាន​ទម្ងន់ទោស ។
ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុ សេដ្ឋី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជានា​យក​សាលា​បឋម​សិក្សា ហ៊ុន សែន ចម្រើន​ជាតិ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ឹ​ម សុភាព ហៅ ជា សុភាព ឬ​ហៅ ជា សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប និង​អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង បាន​បើក​ការ​សាកសួរ​ជនសង្ស័យ​អស់​រយៈពេល​២​ថ្ងៃ និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​ទទួល​បន្ទុក​បាន​បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ និង​បាន​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​.​ឆបោក ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៣៧៧ និង​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​រំលឹក​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែសីហា ឆ្នាំ​២០២១ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​បើ​ការ​ស៊ើបសួរ ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នោះ បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ក្រោយ​ពី​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ ទាក់ទិន​នឹង​ការ​ចាប់ខ្លួន នាយក​សាលា​បឋម​សិក្សា​ម្នាក់ និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឲ្យ​ដឹង​ថា (​សូម​ជម្រាប​ជូន​សាធារណជន និង​អ្នក​សារព័ត៌មាន ក្នុង​រយៈពេល​ពីរ​ថ្ងៃ អ​.​ប​.​ព អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ក្នុង​ករណី​ពីរ​ខុស​គ្នា​ដែល​ក្លែងខ្លួន​ជា​មន្ត្រី អ​.​ប​.​ព ទៅ​ទារ​លុយ​ពី​ជន​រង​គ្រោះ ។

កន្លង​មកនេះ មាន​លេចឮ​ព័ត៌មាន​ជា​បន្តបន្ទាប់​នៅ​កន្លែង​នេះ នៅ​កន្លែង​នោះ​ថា មាន​មន្ត្រី អ​.​ប​.​ព ទូរស័ព្ទ​ទៅ​ដើម្បី​សុំ​លុយ ឬ​ក៏​ទារប្រាក់​ជា​ថ្នូរ​នឹង​ការ​បិទ​បាំង​នូវ​អំពើ​ពុក​រលួយ ។ ព័ត៌មាន​ចុង​ក្រោយ គឺ​មាន​អំពើ​ទារ​លុយ​នេះ រហូត​ដល់​ប៉ះ​មក​លើ​អ្នកគ្រូ​នាយក​សាលា និង​មុខសញ្ញា​មួយ​ចំនួន​ទៀត ។ អ​.​ប​.​ព បាន​ប្រមូល​កម្លាំង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​រហ័ស រហូត​ប្រមូល​បាន​ភស្តុ​តាង​រឹង​មាំ​ជាក់លាក់ លើ​ករណី​ពីរ​ខុស​គ្នា ដែល​ករណី​មួយ ក្លែង​ជា​អនុប្រធាន​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​នោះ​គឺជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោម​ចៅ​ទី​១ ឯ​ករណី​ទី​២ វិញ យើង​មានការ​ហួសចិត្ត​ដែល​ជា​នាយក​សាលា​មួយ​រូប​តាំងពី​ឆ្នាំ​២០១៥​មក បែរជា​ប្រព្រឹត្ត​អំពើ​មក​លើ​នាយក​សាលា​ដូច​គ្នា មក​លើ​គ្រូបង្រៀន ជា​ពិសេស​មក​លើ​នាយករង​របស់​ខ្លួន និង​មក​លើ​គ្រូ​របស់​ខ្លួន​បី​បួន​នាក់ ។ មុន​នឹង​បញ្ជូន​ទៅ​តុលាការ អ​.​ប​.​ព​. បាន​រក​គ្រប់​វិធី ដើម្បី​ឱ្យ​ជនល្មើស​ទាំង​២ ករណី​នេះ​សង​លុយ​មក​ដល់​អ្នក​រង​គ្រោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ