ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ចណ្ឌាល​និង​រតន​ឧបាសក​ឧបាសិកា

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​សម្ដែង​ថា ប្រសិនបើ​ឧបាសក ឧបាសិកា​ណាមួយ​ជឿ​លើ​មង្គល​ភ្ញាក់ផ្អើល​ដូច​ជា​ជឿ​ថា អ្នកមាន​បុណ្យ​ផុស​ឯណេះ ផុស​ឯណោះ​ជាដើម​ក្តី ហើយ​មិន​ជឿ​ទៅ​លើ​កម្មផល​របស់​ខ្លួន បែរជា​ទៅ​ជឿ​លើ​វត្ថុ​ផ្សេង​ៗ​ដូច​ជា ការ​កាប់​មិន​មុត ដុត​មិន​ឆេះ​ថា​ជា​មង្គល ហើយ​ជឿ​ទៅ​លើ​ការ​រៀបចំ​ពិធីបួងសួង​សព្វគ្រប់​ប្រការ ឧបាសក​ឧបាសិកា​ទាំងនោះ ឈ្មោះ​ថា​ចណ្ឌាល គឺ​ឧបាសក​ឧបាសិកា​អន់ មិនមែន​ជា​បុគ្គល​ដែល​គួរ​ឱ្យ​ប្រាថ្នា​នៃ​ពុទ្ធសាសនា​ឡើយ ។

បើ​ឧបាសក​ឧបាសិកា​ណា​ជឿ​ទៅ​លើ​កម្មផល ហើយ​ចេះ​បដិបត្តិ​អប់រំ​កាយវាចា​ចិត្ត​ទៅ​តាម​ធម៌​វិន័យ ឧបាសក​ឧបាសិកា​នោះ​ឈ្មោះ​ថា រតន​បាសក​ឧបាសិកា គឺ​ឧបាសក​ឧបាសិកា​ស្ថិត​នៅ​ក្នុង​ភាព​នៃ​ជីវិត​ថ្លៃថ្នូរ ហើយ​និង​បានជា​ឧបាសក​ឧបាសិកា​គួរ​លើកតម្កើង គួរ​គោរព​បូជា ។

ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ចំពោះ​រតន​ឧបាសក ឧបាសិកា​មិន​មាន​ចំនួន​ច្រើន​ទេ ចំណែកឯ​ចណ្ឌាល​ឧបាសក​ឧបាសិកា​វិញ គឺ​មាន​ចំនួន​ច្រើន​ណាស់ ឯ​អ្នក​មិន​ប្រាកដជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​វិញ​នោះ​ក៏​រឹតតែ​ច្រើន​ណាស់​ទៅ​ទៀត ដូច្នេះ​ហើយ​បានជា​សង្គម​សាសនា​មួយ​នេះ​ចេះ​តែ​អន់​ថយ​ជា​លំដាប់ ។

ម្យ៉ាងទៀត អ្នកខ្លះ​បានជា​ប្រថុយ​ខ្លួន​ធ្វើ​ជា​ឧបាសក​ឧបាសិកា​ព្រោះ​មាន​ផ្លូវ​មួយ គឺ​ចង់​យក​ពុទ្ធសាសនា ឬ​អំណាច​សីល​របស់​ខ្លួន​ទៅ​ធ្វើ​ជា​វាំងនន​បាំង​មុខ​ដើម្បី​ជា​អាជីព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ បុគ្គល​អលជ្ជី​ឥត​ខ្មាស​អៀន​ដូច្នោះ​គឺជា​បុគ្គល​បាប បុគ្គល​ពួក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ព្រះពុទ្ធ​សា​នា​ថយ​ចុះ​ឥទ្ធិពល ។

សព្វ​ថ្ងៃនេះ​មាន​អ្នក​មិន​ស្អាតស្អំ​ច្រើន​ណាស់​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​ពួក​គេ​តែង​ធ្វើ​នូវ​អ្វី​ៗ​សព្វគ្រប់​បែប​យ៉ាង​ដើម្បី​បាន​នូវ​លាភសក្ការៈ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដោយ​យក​ព្រះពុទ្ធ​សាសនា​ធ្វើ​ជា​ខែល វាំងនន សម្រាប់​បិទ​បាំង​ដោយ​ពុំ​ខ្លាច​កម្ម​ពៀរ​វេរា​អ្វី​ទាំងអស់ ៕ សាន សារិន