ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែនជម្រកសត្វព្រៃកែវសីមា ជាសក្តា​នុ​ពល​របស់កម្ពុជាសម្រាប់លក់កាបូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានភ្នំពេញ ៖ គម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលមានរយៈពេល ៣ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ…

រាជធានភ្នំពេញ ៖ គម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលមានរយៈពេល ៣ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ បានឈានដល់ទីបញ្ចប់ ។ អ្នកពាក់ព័ន្ធដែលមានម្ចាស់ជំនួយ ក្រសួងទទួលបន្ទុករួមនិងអ្នកអនុវត្តគម្រោងបានវាយតម្លៃខ្ពស់ដល់លទ្ធផលនៅក្នុងកិច្ចការពារបរិស្ថានរយៈពេល ៣ ឆ្នាំមកនេះ ។

សមិទ្ធផលនៃកិច្ចការពារបរិស្ថានទំាងការពារព្រៃឈើ និងសត្វព្រៃតាមរយៈការលើកកម្ពស់ជីវភាពសហគមន៍នោះ ត្រូវបានគេដឹងថា យ៉ាងហោចណាស់បានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានជាង ១,៦ លានតោនទៅក្នុងខ្យល់ ដែលផ្តល់លទ្ធភាពឲ្យកម្ពុជាលក់កាបូនបានរាប់លានមកអភិរក្សធម្មជាតិវិញ ។ ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ជាអ្នកផ្តល់ជំនួយដលើការងារអភិរក្សនេះដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង ។ 

ក្នុងពិធីបិទបញ្ចប់គម្រោងនៅសប្តាហ៍នេះ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាសម្រេចបាននូវគោលដៅសំខាន់ក្នុងការធានាបាននូវនិរន្តរភាពថវិកាដែលបាន ពីការលក់ឥណទានកាបូន សម្រាប់ការគ្រប់គ្រងដែនជម្រក សត្វព្រៃកែវសីមា ។ លទ្ធផលនេះនឹងអនុញ្ញាតិឱ្យមានការពង្រឹកសកម្មភាព និងរៀបចំធ្វើ ផែនការក្នុងចក្ចុវិស័យរយៈពេលវែង ។ ការលក់ឥណទានកាបូនក្នុងរយៈពេលកន្លងមកបានធានាឱ្យមាន និរន្តរភាពថវិកាសម្រាប់ការអភិរក្សតំបន់នេះក្នុងរយៈពេល ៥ ឆ្នាំបន្តទៀត ដែលប្រការនេះជាលើកដំបូងហើយ សម្រាប់តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា» ។

លោក សៅ សុភាព បានបញ្ជាក់បន្ថែមទៀតថា «ជោគជ័យក្នុងការលក់ឥណទានកាបូនបានធ្វើឱ្យដែន ជម្រកសត្វព្រៃកែវសីមាមាននិរន្តរភាពថវិកា ដែលជាឱកាសដ៏ល្អមួយសម្រាប់ការពង្រីកសកម្មភាព អភិរក្សនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលរួមទាំងការបង្កើនលទ្ធភាពក្នុងការដោះស្រាយកត្តា ដែលធ្វើឱ្យបាត់បង់ព្រៃឈើដោយផ្ទាល់ និងប្រយោល និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» ។

ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងចំនួនពីរ មានដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall ជាដើម ។

លោកស្រី ឡូរ៉ា ស៊ីស្មូ (Laura Cizmo) ប្រធានស្តីទីនៃការិយាល័យអភិវឌ្ឃន៏សេដ្ឋកិច្ចដោយចីរភាពនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានកោតសរសើរដល់កិច្ចប្រឹងប្រែងអ្នកពាក់ព័ន្ធទំាងអស់ ដែលធ្វើឲ្យគម្រោងបានចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានជាង ១,៦ លានតោន ។ លោកស្រីថា សមិទ្ធផលនេះ បានជួយកម្ពុជា សម្រេចបានគោលដៅជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន ។

លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (CWS) បានបញ្ជាក់ថា «គម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាបានគាំទ្រសកម្មភាពអភិរក្សសំខាន់ៗជាច្រើន និងបានដើរតួនាទីដ៏សំខាន់នាពេលបច្ចុប្បន្នដើម្បីធានាដល់និរន្តរភាពនៃកម្មវិធីអភិរក្សនៅដែនជម្រកសត្វព្រៃកែវសីមាក្នុង រយៈពេលវែង ។ លោកថា យើងខ្ញុំរង់ចាំបន្តសហការជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងដៃគូដទៃទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ការពារនិងអភិរក្ស ព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ