ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ កំពុង​ខ្វះខាត​ចង្ហាន់ និង​​បច្ច័យ​បង់ថ្លៃ​ទឹក​ភ្លើង ខណៈ​កូ​វី​ដ​រាតត្បាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស្ថានភាព​ដែល​កូ​វី​ដ​១៩ កំពុង​តែ​រា​ត្បា​ត វត្ត​អារាម​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស កំពុង​តែ​ប្រឈម​មុខការ​លំបាក​ខ្វះ​ទាំង​ចង្ហាន់​, បច្ច័យ​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង និង​បច្ច័យ​សម្រាប់​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​។ នៅ​ក្នុង​នោះ​ក៏​មាន​វត្ត​ខ្លះ ទោះ​មានការ​លំបាក​យ៉ាងណា ក៏​នៅ​តែ​បន្ត​សាងសង់ ព្រោះ​ព្រះសង្ឃ​មាន​ចំណូល​ខ្លះ​ៗ​បាន​មក​ពី​ការ​ប្រោះព្រំ ស្រោច​ទឹក និង​លើក​រា​ស្រី​ជាដើម​។

ដោយឡែក នៅ​វត្ត​អារាម​នានា​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​និង​កំពុង​តែ​ជួប​បញ្ហា​ខ្វះខាត​ទាំង​ចង្ហាន់ បច្ច័យ​បង់ថ្លៃ​ទឹក​ភ្លើង ផង​ដែរ​។ នេះ​បើ​តាម​សង្ឃដីកា​អោយ​ដឹង​ពី​ព្រះ​មង្គលរ​ក្ចិ​ត​វត​ន​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព​វង្ស​, ព្រះ​អនុគណ​ខណ្ឌ​ឬ​ស្សី​កែវ ,​ប្រធាន​សហគមន៍​មូ​និ​ធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី ស្ថិត​នៅ​ខាងជើង​អង់​តែ​ន​ទូរទស្សន៍​ជាតិ​កម្ពុជា ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។

ទោះបីជា​យ៉ាងណា សម្រាប់​វត្ត​របស់​ព្រះ​ង្ឃ​បាន​និង​បន្តក​សាងសាលា​ឆន្ទ ដែល​ជា​សមិទ្ធផល​មួយ​យ៉ាង​ធំ​ស្កឹមស្កៃ ដែល​មាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​។ ព្រះ​តេជគុណ បណ្ឌិត ខឹ​ម សម្បត្តិ មាន​សង្ឃដីកា​អោយ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​កូ​វី​ដ​១៩ កំពុង​តែ​រាត​ត្បាត​នា​បច្ចុប្បន្ន​នេះ ទី​វត្ត​អារាម​ស្ងាត់ មិនសូវ​មាន​ពុទ្ធបរិស័ទ​ចេញ​-​ចូល​ធ្វើបុណ្យ និង​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ច្រើន​ដូច​ពី​មុន​ផ្ទុះ​កូ​វី​ដ​នោះ​ទេ ដោយសារ​តែ​ពុទ្ធបរិស័ទ​មានការ​ព្រួយបារម្ភ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព និង​គោរព​តាម​វិធានការ​សុខាភិបាល ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល់​នូវ​ជំងឺ​កូ​វី​ដ​១៩​។

ព្រះ​តេជគុណ បណ្ឌិត ខឹ​ម សម្បត្តិ មាន​សង្ឃដីកា​បន្ត​ទៀត​ថា នៅ​ក្នុង​ស្ថានភាព​បែប​នេះ វត្ត​អារាម​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ទាំង​៥​វត្ត មានការ​ខ្វះខាត​បច្ច័យ​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង ក៏​ដូច​ជា​បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ជាដើម​។ មិន​ថា តែ​វត្ត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​នោះ​ទេ គឺ​មានការ​ខ្វះខាត​ស្ទើរ​គ្រប់​វត្ត​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្តង​។ ណាមួយ​ព្រះសង្ឃ ក៏​ដូច​ជា ពុទ្ធបរិ​ស័ទ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ដោយ​ពុទ្ធបរិស័ទ​ពុំ​មានការ​ជួប​ប្រមូលផ្តុំ​គ្នា ធ្វើបុណ្យ​ទាន​ផ្សេង​ៗ​ឡើយ ហើយ​ព្រះសង្ឃ​ក៏​ពុំដែល​មានកម្ម​វិធី​សូត្រ​មន្ត​ដូច​មុន​នោះ​ទេ ។

ព្រះ​អង្គ មាន​សង្ឃដីកា​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​វត្ត​ញាណ​រង្សី មាន​ព្រះសង្ឃ​ចំនួន​១៧​អង្គ និង​គ្រហស្ថ ដែល​ជាតា​យាយ និង​សិស្ស និស្សិត ប្រមាណ​ជាង​១០​នាក់ ដែល​ត្រូវ​បាន​ព្រះ​អង្គ​ទទួល​រ៉ាប់រង​ទាំងអស់​, ចង្ហាន់ សម័យ​កូ​វី​ដ មានការ​ខ្វះខាត ក៏​បានអោយ​ចុងភៅ​ដាំបាយ និង​ស្ល​បន្ថែម​, ថ្លៃ​ទឹក ភ្លើង ដោយ​ទឹក​២​ខែ អស់​ប្រមាណ​ជាង​១​លាន​រៀល និង​ភ្លើង​១​ខែ​អស់​ប្រមាណ​១​លាន​២០​ម៉ឺន​រៀល​។

ព្រះ​អនុគណ​ខណ្ឌ​បាន​បញ្ជាក់​ដែរ​ថា កាលពីមុន​វត្ត​ញាណ​រង្សី ចង្ហាន់​មិន​ដែល​ខ្វះខាត​នោះ​ទេ ក្នុង​១​ថ្ងៃ​ៗ​មាន​ពុទ្ធ​ប្រមាណ​ជិត​១០០​នាក់ បាន​នាំ​គ្នា​ទៅ​ស្រោច​ទឹក​ប្រោះព្រំ និង​ទស្សន៍​ទាយ​មើលខែឆ្នាំ តែ​ឥឡូវនេះ​ក្នុង​មួយ​ថ្ងៃ​មាន​ពុទ្ធបរិស័ទ​មក​ស្រោច​ទឹក ប្រោះ​ព្រំ​ប្រមាណ​តែ​៥​ទៅ​១០​នាក់​តែ​ប៉ុណ្ណោះ ។ ទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​យ៉ាង​ណ​ក៏​ដោយ សម្រាប់​វត្ត​ញាណ​រង្សី ព្រះ​តេជគុណ បណ្ឌិត​ខឹ​ម សម្បត្តិ នៅ​តែ​បន្ត​សាងសង់​សាលា​ឆន្ទ​ដ៏​ធំ​មួយ ដែល​មាន​ទំហំ​២៨,៨​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​មាន​កម្ពស់​៣​ជាន់​ទាំង​ជាន់​ផ្ទាល់​ដី ដែល​មាន​តម្លៃ​ប្រមាណ​ជិត​២​លាន​ដុល្លារ ហើយ​ពេល​នេះ​សាងសង់​បាន​ប្រមាណ​៨០​ភាគរយ​ហើយ ។

ព្រះ​តេជគុណ មាន​សង្ឃដីកា​អោយ​ដឹង​ទៀត​ថា ក្រៅពី​កំពុង​បន្ត​សាងសង់ ព្រះ​អង្គ​ក៏​នៅ​បន្ត​កៀរគរ​បច្ច័យ និង​គ្រឿង​ឧបភោគ បរិភោគ​រួម​ជាមួយ​វត្ត​នានា​ក្នុង​មូលដ្ឋាន ដើម្បី​ធ្វើ​ជា​មនុស្សធម៌​ជួយ​ដល់​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ឬ​ស្សី​កែវ ក៏​ដូច​ខណ្ឌ​នានា​ក្នុង​រយៈពេល​៣​ខែ​ម្តង​ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ ជន​ទី​ទល់​ក្រ គ្មាន​ទីពឹង នានា​ជាដើម​។ បច្ច័យ​ទាំង​បាន​មក​ពី​ពុទ្ធបរិស័ទ​មួយ​ចំនួន ដែល​មាន​ជំនឿ​ក្នុង​ពុទ្ធសាសនា ក៏​ដូច​ជា​ជំនឿ​មក​លើ​ព្រះ​បារមី​វត្ត​ញាណ​រង្សី ក៏​ដូច​ជា​ព្រះ​អង្គ​បាន​នាំ​គ្នា​មក​ស្រោច​ទឹក ប្រោះព្រំ លើករាសី និង​ចេះ​តែ​សុខ​សប្បាយ​រកស៊ី​មានបាន​កាកកបរ​ហូត​មក​នោះ​៕