ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​រំលេច​រមណីយដ្ឋាន​មួយទៀត​គួរ​ជាទី​ទាក់ទាញ​អ្នកទេសចរ

8 ឆ្នាំ មុន

ខេត្តកំពត ៖ បន្ទាប់​ពី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៥​ទទួល​បាន​ជោគជ័យ ខេត្តកំពត​រំលេច​ចេញ​រមណីយដ្ឋាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ទាក់ទាញ​អ្នកទេសចរ​មួយទៀត នោះ​គឺ រមណីយដ្ឋាន​«​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​» ។

ខេត្តកំពត ៖ បន្ទាប់​ពី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៥​ទទួល​បាន​ជោគជ័យ ខេត្តកំពត​រំលេច​ចេញ​រមណីយដ្ឋាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ទាក់ទាញ​អ្នកទេសចរ​មួយទៀត នោះ​គឺ រមណីយដ្ឋាន​«​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​» ។ ទីនោះ​មាន​ទឹកជ្រោះ​ហូរ​ពីលើ​កំពូលភ្នំ ធ្លាក់​លើ​ផ្ទាំង​ថ្មដា​ដ៏​ធំ អម​ជាមួយ​ព្រៃ​ព្រឹក្សា​ពណ៌​បៃតងខ្ចី​គួរ ជាទី​គយគន់​និង​មុជទឹក​លេង ។ សព្វ​ថ្ងៃនេះ​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ច្រើន​កុះករ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​ស្ថិត​ក្នុង​ឃុំ​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូ ខេត្តកំពត បើ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​៣​ឆ្ពោះទៅ​ខេត្តកំពត ហើយ​ឆ្លង​ស្ពានថ្ម ក្នុង​ទីរួមខេត្ត​ប្រមាណ​ជា​៥០​ម៉ែត្រ​បត់​ខាងស្តាំ​នឹង​ឃើញ​ស្លាក​សញ្ញា​សួនសត្វ «​ញឹ​ម​វណ្ណ​ដា​ទឹកឈូ និង​រមណីយដ្ឋាន​ទឹកឈូ​» ហើយ​ឆ្ពោះទៅ​ដល់​វា​រី​អគ្គិសនី​បត់​ឆ្វេង​ប្រមាណ​៥០៤​ម៉ែត្រ ឃើញ​ស្លាក​របស់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ ហើយ ។ រមណីយដ្ឋាន​នោះ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​ឆ្នាំ​២០១៤ ដោយ​លោក​បណ្ឌិត​ញឹ​ម វណ្ណ​ដា។

លោក​ញឹ​ម វណ្ណ​ដា បាន​កសាង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​១.៤០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​មាន​បង្គោល​ភ្លើង​តាម​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​ដោយ​រួម​មាន​ស្ពាន​ឆ្លងកាត់​អូរ​ចំនួន​៤​មានឈ្មោះ តំបន់​ស្ពាន​អូរ​១, ស្ពាន​អូរ​២, ស្ពាន​អូរ​៣ និង​ស្ពាន​អូរ​៤ ថែម​ទាំង​រូប​បារមី​លោកយាយ​ម៉ៅ និង​រូប​បារមី​លោកតា​គ្រាក់ រួច​មាន​ផ្លូវ​ឡើង​ទៅ​ទឹកធ្លាក់​ធម្មជាតិ​ថ្ម​តា​ដា​សច្ចំ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ គឺជា​តំបន់​ទឹកធ្លាក់​ពី​ធម្មជាតិ​មាន​កម្ពស់​២៧​ម៉ែត្រ​មាន​របាំង​ថ្មភ្នំ​៣​ជាន់​ដែល​ក្នុង​របាំង​ថ្ម នីមួយ​ៗ​មាន​បណ្តោយ​៤២​ម៉ែត្រ និង​ទទឹង​៣៥​ម៉ែត្រ​ដែល​ហូរ​ធ្លាក់​ចុះ​មក​ខាងក្រោម មាន​ចម្ងាយ ១.៤០០​ម៉ែត្រ ទើប​ទៅ​ដល់​កន្លែង​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ និង​មាន​ទ្វារ​គ្រប់គ្រង បិទ​បើក​ទឹកជា​កន្លែង​កម្សាន្ត ។ នៅ​ក្នុង​បរិវេណ​ទឹកធ្លាក់​នោះ​មាន​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​ធម្មជាតិ​តា​ដា​បូកគោ​ផង​ដែរ ។

អ្នកទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ភាគច្រើន​រមែង​ធ្វើ​ដំណើរ​ទៅ​ឈប់​សំចត និង​លំហែកាយ​នៅ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​កែប​ដ៏​ល្បីល្បាញ និង​ទឹកឈូ​ដែល​ជា​គោលដៅ​ចម្បង​ក្នុង​ចំណោម​តំបន់​ទេសចរណ៍ ផ្សេង​ៗ​ទៀត  ប៉ុន្តែ​ពួក​គេ​ហាក់ដូចជា​កំពុង​ចាប់អារម្មណ៍​ពី​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ថ្មី​មួយ ដែល​ទើបតែ​រះ​ឡើង គឺ «​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​» ។

រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ មាន​លក្ខណៈ​ខុស​ប្លែក ឬ​ចម្លែក​ភ្នែក​ពី​រមណីយដ្ឋាន ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា ព្រោះ​ទីនោះ​មាន​ទឹកធ្លាក់​ប្រកបដោយ​ទេសភាព​ធម្មជាតិ​ស្រស់​ត្រកាល បើ​បាន​ទៅ​ទស្សនា​ហើយ​ប្រាកដជា​ចង់ទៅ​ម្តងទៀត ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ នោះ គឺ​អ្នកទេសចរ​អាច​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ គ្រាន់តែ​ឈាន​ជើង​ជិត​ដល់​ទឹកធ្លាក់​ហាក់ ដូច​ជា​មាន​ចំហាយ​ត្រជាក់​លាយឡំ​នឹង​ខ្យល់​បក់​មក​ប៉ះ​រាង​កាយ​ធ្វើ​ឱ្យ​បាត់​ការ​នឿយហត់​បន្ទាប់​ពី​ដើរ​ឡើង​អស់កម្លាំង ។
តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​បាន​និង​កំពុង​តែ​ស្ថាបនា ឱ្យ​មាន​សោភ័ណ​ភាពល្អ​ស្រស់​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​តំបន់​ទេសចរណ៍ ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ តាម​រយៈ​នៃ​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​មួយ​នោះ រំពឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​នឹង​មានមុខ​របរ រួម​ទាំង​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​មិន​ខាន ៕