ខេត្តស្វាយរៀង៖ មហាជនរិះគន់ចំៗ លើករណីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង កាប់ដើមឈើទាល ប្រមាណជិត ២០ដើម នៅក្នុងបរិវេណនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត។ មហាជននិយាយថា ដើមឈើទាលទាំងអស់នេះ គឺដាំក្នុងអំឡុងឆ្នាំ១៩១២ ឬនៅឆ្នាំ១៩២២ ពេលបង្កើតក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទំហំមុខកាត់ ១ម៉ែត្រ ទៅ ០,៧ម៉ែត្រ កម្ពស់ជិត ២០ម៉ែត្រ គឺគួរតែអភិរក្ស។ ប៉ុន្តែលោកប្រធានមន្ទីរ លើកឡើងថា ដើមឈើទាំងនោះ ប៉ះពាល់ផ្ទះ និងអគារ ហើយមន្ទីរ ត្រូវការសាងសង់អគារបន្ថែម។ ក្នុងនោះ ដើមឈើ ១ដើម លក់បានពី ៣០ម៉ឺន ទៅ ៦០ម៉ឺនរៀល គ្រាន់យកមកធ្វើតារាងប៊ូល។
ករណីកាប់ដើមឈើទាលនេះ កើតឡើង ៣ថ្ងៃមកហើយ គឺចាប់តាំងពីថ្ងៃទី៧ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០៩សីហានេះ អស់ចំនួនជិត ២០ដើម រាប់ទាំងដើមតូចធំ។
ទាក់ទិនករណីនេះ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង បានមានប្រសាសន៍ថា ដោយដើមឈើទាល នៅក្នុងបរិវេណនៃមន្ទីរអប់រំ ជាទ្រព្យសម្បត្តិរបស់មន្ទីរ លោកមិនបានសុំទៅខាងក្រៅទេ។ ទី១ ដើមឈើទាល ២ដើម គឺនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតរបងមន្ទីរ មានការភ័យខ្លាច ដើមឈើបាក់រលំសង្កត់លើផ្ទះគាត់ ទើបកាប់ចេញ ២ដើម។ ទី២ ដើមឈើទាល ៣ដើម គឺនៅគៀកនឹងអាគារ នៃមន្ទីរ ពេលមានខ្យល់មកខ្លាំង បាក់មែកធ្លាក់លើដំបូលបែកក្បឿង បង្កឲ្យទឹកហូរស្រក់ខូចពិដានអគារ ទើបកាប់ចេញ ហើយចំពោះដើមឈើទាលជាង ១០ដើមទៀត គឺកាប់ចេញយកទីធ្លា សាងសង់សំណង់ ដោយមន្ទីរ មានគម្រោងរៀបចំសាងសង់អាគារ សម្រាប់កីឡាករស្នាក់នៅ និងដាក់សម្ភារៈកីឡា និងគម្រោង សាងសង់ទីលានកីឡា បាស្កេត (ប៉ាល់បោះ) និងរោងចំណតរថយន្ត។
ទាក់ទិនករណីនេះដែរ លោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង បានមានប្រាសាសន៍ថា ករណីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត កាប់ដើមឈើទាល ជិត ២០ដើមនេះ លោកមិនបានដឹងទេ ហើយមន្ត្រីជំនាញ ក៏មិនបានដឹងដែរ។ កន្លងមក លោកប្រធានមន្ទីរអប់រំ ដាក់សំណើរមករដ្ឋបាលខេត្តស្វាយរៀង សុំកាប់ដើមឈើ ចំនួន ១ដើម ដែលនៅខាងមុខមន្ទីរ ក្រៅរបង ក្បែរផ្លូវជាតិលេខ១ ដោយបញ្ជាក់មូលហេតុ ថា ប៉ះបង្គោលខ្សែភ្លើង និងខ្សែភ្លើងអគ្គិសនី ទើបលោកអភិបាលខេត្ត អនុញ្ញាតឲ្យកាប់ចេញ តាមសំណើរ។ ចំពោះកាប់ដើមឈើទាលជិត ២០ដើមផ្សេងទៀត គឺរដ្ឋបាលខេត្ត មិនបានដឹងទេ។
ចំណែកមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងម្នាក់ បានបង្ហើបឲ្យដឹងថា សង្ស័យលោកប្រធាមន្ទីរអប់រំ លោកយល់ច្រឡំ ស្តីពី ច្បាប់ភូមិបាល ហើយមើលទៅ ដោយលោកមានប្រសាសន៍ ថា ដីឯកជនរបស់មន្ទីរ ទើបលោក សម្រេចចាត់ចែងបែបនេះ។ ដីឯកជនរបស់រដ្ឋ (ដីកម្មសិទ្ធិរបស់មន្ទីរសាមីគ្រប់គ្រង) ចំពោះដើមឈើធំៗ ឈើប្រណិត គឺជាទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋ ដែលមានផ្នែករដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រង បើមន្ទីរអប់រំ មានគម្រោងរៀបចំដីសាងសង់អាគារ ឬអភិវឌ្ឍន៍នៅលើដី ក្នុងបរវេណនៃមន្ទីរសាមីរបស់ខ្លួន ត្រូវតែដាក់សំណើរ ទៅឯកឧត្តមអភិបាលខេត្ត រួចដើមឈើទាំងអស់ ត្រូវដាក់ដេញថ្លៃ យកថវិកាចូលរដ្ឋ មិនគួរកាប់ដើមឈើទាល ធំៗ រហូតជិត ២០ដើម លក់យកប្រាក់ ដោយគ្មានការស្នើសុំ និងដាក់ដេញថ្លៃបែបនេះទេ។
ទាក់ទិនករណីកាប់ដើមឈើទាលជិត ២០ដើមលក់នេះ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត មានប្រសាសន៍យ៉ាងខ្លីថា លក់ក្នុង ១ដើម បាន ៣០ម៉ឺនរៀល ទៅ ៦០ម៉ឺនរៀលប៉ុណ្ណឹង យកប្រាក់គ្រាន់ធ្វើការអភិវឌ្ឍន៍ តារាងបោះប៊ូល (តារាងកីឡាបេតង់)៕ វ៉ាន់ ប៊ុនធឿន












ចែករំលែកព័តមាននេះ