បុរសម្នាក់ ស្រវឹងស្រា បង្កាត់ភ្លើងដាំបាយ មិនប្រយ័ត្ន បង្កឲ្យភ្លើងឆាបឆេះផ្ទះអស់ទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ផ្ទះ ១ខ្នង មានទំហំ ៥ x ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកដូង ត្រូវបានអគ្គិភ័យ បានឆាបឆេះអស់ទាំងស្រុង បំផ្លាញទាំងសម្ភារៈ និងទាំងទ្រព្យសម្បត្តិអស់មួយចំនួន។ ចំណែកម្ចាស់ផ្ទះ រលាកភ្លើង រងរបួសយ៉ាងដំណំផងដែរ។
ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី០៤ខែសីហា ឆ្នាំ២០២១ នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វាំង ធី ភេទប្រុស អាយុ ៥៧ឆ្នាំ ភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ម្ចាស់ផ្ទះ ជាមនុស្សញៀនស្រា ហើយរស់នៅតែម្នាក់ឯង។ ចំណែកប្រពន្ធ មិនបានរស់នៅជាមួយទេ ទៅនៅខេត្តផ្សេង។
ប្រភពដដែល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាំបាយហូប ប៉ុន្តែដោយស្រវឹងខ្លាំងពេលកេះដែកកេះ បង្កាត់ភ្លើង ក៏ជ្រុលទៅប៉ះនឹងជញ្ជាំងស្លឹកដូង បណ្តាលឲ្យឆាបឆេះតែម្តង គ្មានអ្នកណាមកជួយអន្តរាគមន៍បានទាន់ ព្រោះផ្ទះនៅដាច់ឆ្ងាយ ម្ចាស់ផ្ទះ ក៏រងរបួសធ្ងន់ ដោយរលាកភ្លើង ត្រូវស្បែកដៃ ខ្នង និងក្បាល ដោយសារតែស្រវឹងខ្លាំង ពេលផ្ទះ ត្រូវភ្លើងឆេះ រត់មិនរួច។
ជនរងគ្រោះ ត្រូវអាជ្ញាធរ និងនគរបាលមូលដ្ឋាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរីភ្លាម។ ចំណែកសម្ភារៈ និងទ្រព្យសម្បត្តិ ក្នុងផ្ទះ ឆេះអស់អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២.៥០០.០០០រៀល៕ ណុប រក្សា


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ