ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ខ្លួន​មនុស្ស​១៣នាក់​ និងបិទហាងផឹកស៊ី៤ទីតាំងដែលប្រមូលផ្តុំផឹកសុីច្រៀងរាំល្មើសបម្រាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃាត់ខ្លួន ជាមួយនឹង​ការ​ពិនិត្យ​យក​សំណាក​(​តេស្ត​រហ័ស )​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃាត់ខ្លួន ជាមួយនឹង​ការ​ពិនិត្យ​យក​សំណាក​(​តេស្ត​រហ័ស )​ភ្លាម​ៗ ខណៈ​ដែល​ពួក​គេ​ប្រមូលផ្តុំ​គ្នា​ពពាក់ពពូន​ផឹកស៊ី​រាំច្រៀង ក្នុង​ហាង​ហូប​ចុក​មួយ​កន្លែង​ផ្គើន​បម្រាម ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បិទ​បម្រាម​គោចរ ចាប់​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ភ្លឺ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ​គិត​ចាប់ពី​ម៉ោង​២៣​និង​៥៩ នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០ នាទី​យប់​ថ្ងៃ​ទី​៤ ខែសីហា​នេះ នៅ​ចំណុច​ទីតាំង​ហាង នី​សា​កែវ​ព្រិល តាម​បណ្តោយ​មហា​វិមាន​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ទីតាំង​ខាងលើ​បាន​បង្កើត​អោយ មានកម្ម​វិធី​ខួបកំណើត​មួយ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ និង​ការ​ដាក់​ធុងបាស់​តាំងពី​ក្បាល​ព្រលប់​រហូត​ដល់​ម៉ោង​បម្រាម​គោចរ​នៅ​តែ​បន្ត​មិន​ឈប់​ទៀត ។

លុះដល់​វេលា​កើតហេតុ កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ក៏​បាន​ចុះ​ធ្វើការ​បង្ក្រាប​តែ​ម្តង ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ប្រុស​ម្នាក់ ។ ក្រោយ​ពី​ការ​បង្ក្រាប​អាជ្ញាធរ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ មក​ពិនិត្យ​យក​សំណាក​(​តេស្ត​រហ័ស )​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ជា​លទ្ធផល​ពួក​គេ​ទាំង​១៣​នាក់​នោះ អវិជ្ជមាន​ទាំងអស់​គ្នា ។

ក្រោយមក អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​បាន​អប់រំ​ណែនាំ​ឱ្យទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​សម្រាប់ បុរស​ម្នាក់​ដែល​ជា​ថៅកែ​ហាង ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី​ចាត់ការ​តាម​ច្បាប់ ដោយ​មិន​មានការ​លើកលែង​ឡើយ ។

ពាក់ព័ន្ធ​នឹង​ហាង​ផឹកស៊ី​នេះ​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា​នេះ លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ និង​លោក យិ​ន គា នាយក​រដ្ឋបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ខណ្ឌ​ចុះ​បិទ​ទីតាំង KTV ចំនួន​៣​ទីតាំង សរសេរ​ស្លាក​ជា​ភោជនីយដ្ឋាន​ហើយ​ខាងក្នុង KTV ដែល​នៅ​តែ​គឃ្លើន​លួច​បើក​ដំណើរការ​អាជីវកម្ម​ល្មើស​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

ទីតាំង KTV ទាំង​៣ កន្លែង​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​មាន ៖ ១ ភោជនីយដ្ឋាន ពិភព​តា​រ៉ា​រះ ២​ភោជនីយដ្ឋាន រស្មី ពន្លឺ​ពេជ្រ ៣​ភោជនីយដ្ឋាន​បុប្ផា​រាជធានី ។

ក្នុង​ប្រតិបត្តិការ​ចុះ​បិទ​ទីតាំង KTV ទាំង​បី​កន្លែង​នេះ​ដែរ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន ព្រមទាំង​រុះរើ​ស្លាក​យីហោ ជញ្ជាំង​បិទ​បាំង ដែល​ល្មើស​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ឬ​ភ្ញៀវ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ