ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង រក​ឃើញ ២​ករណី​ដំបូង អ្នក​ឆ្លង​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី Delta Plus

2 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ អាជ្ញាធរ​សុខាភិបាល គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង កូរ៉េ​ខាងត្បូង (KDCA) បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​០៣ សីហា​នេះ​ថា…

ទីក្រុង​សេ​អ៊ូ​ល ៖ អាជ្ញាធរ​សុខាភិបាល គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង កូរ៉េ​ខាងត្បូង (KDCA) បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​០៣ សីហា​នេះ​ថា ប្រទេស​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ ០២​ករណី​ជា​លើក​ដំបូង ចំពោះ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ប្រភេទ​ថ្មី Delta Plus នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

វីរុស​កូ​វី​ដ​បំប្លែង​ថ្មី Delta Plus ដែល​មាន​ប្រភព​ដំបូង នៅ​ក្នុង​ប្រទេស​ឥណ្ឌា បើ​តាម​របាយការណ៍ ប្រភេទ Delta Plus មាន​តិចតួច​ណាស់ រហូត​មក​ដល់​ពេល​នេះ គេ​ធ្លាប់​រក​ឃើញ​វត្តមាន នៅ​ប្រទេស​អង់គ្លេស ព័រ​ទុ​យ​ហ្កា​ល់ និង​ឥណ្ឌា ។

អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា “​ករណី​ដំបូង ត្រូវ​បាន​រក​ឃើញ​លើ​បុរស​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​មាន​អាយុ ៤០​ឆ្នាំ បើ​តាម​ការ​ស្រាវជ្រាវ អ្នកជំងឺ មិន​មាន​ប្រ​វ​តិ្ត​ធ្វើ​ដំណើរ​ទេ នា​ពេល​ថ្មី​ៗ​នេះ​” ។

លទ្ធផល​តេស្ត​លើ​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ខាងលើ បាន​បង្ហាញ​ថា សមាជិកគ្រួសារ​ម្នាក់ របស់​គាត់ មាន​វិជ្ជមាន ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង មិន​បាន​បញ្ជាក់​ថា អ្នកជំងឺ​បាន​ឆ្លង​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី Delta Plus ឫ​កូ​វី​ដ​-១៩ នោះ​ទេ ។

អាជ្ញាធរ​សុខាភិបាល បាន​និយាយ​បន្ត​ថា “​ករណី​ទី ២ ត្រូវ​បាន​រក​ឃើញ នៅ​លើ​អ្នកទេសចរ​ជនជាតិ​បរទេស​ម្នាក់ ចូល​មក​កូរ៉េ​ខាងត្បូង​” ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​០២ សីហា ម្សិលមិញ​នេះ ប្រទេស​កូរ៉េ​ខាងត្បូង រក​ឃើញ​ករណី​ឆ្លង​សរុប​កើនឡើង​ដល់ ២០២.២០៣​ករណី ដោយ​មាន​អ្នក​ស្លាប់​សរុប​ចំនួន ២.១០៤​នាក់ និង​អ្នកជា​សះស្បើយ​សរុប ១៧៧.៩០៩​នាក់ ។

ប្រទេស​កូរ៉េ​ខាងត្បូង ត្រឹម​ថ្ងៃ​អង្គារ​នេះ បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់​ខ្លួន ប្រមាណ ២០​លាន​នាក់ ឬ​៣៩% នៃ​ប្រជាជន​គោលដៅ ។ ប្រទេស​នេះ មាន​គោលបំណង​ផ្តល់​វ៉ាក់សាំង យ៉ាង​ហោច​ណាស់ ៣៦​លាន​នាក់ ត្រឹម​ខែកញ្ញា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ