ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ខែ​ចុង​ក្រោយ​ អ្នក​បាត់ដំបង​ឆ្លង​កូ​វី​ដ​មាន​រហូត​ដល់​​២,៤៣០​នាក់ ស្លា.ប់​៣៧​នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ គ្មាន​សញ្ញា​ថមថយ​ទេ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​«​កូ​វី​ដ​១៩»ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ខេត្តបាត់ដំបង ​។ នេះ​បើ​យោង​លើតួ​លេខ​នៅ​ក្នុង​របាយ​ការ​ណ៍​ប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ។ បើ​តាម​ការ​កត់សម្គាល់​លើ​របាយ​ការ​ណ៍ គេ​សង្កេត​ឃើញ​ចំនួន​អ្នក​ឆ្លង…

​ខេត្តបាត់ដំបង ​៖ គ្មាន​សញ្ញា​ថមថយ​ទេ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​«​កូ​វី​ដ​១៩»ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ខេត្តបាត់ដំបង ​។ នេះ​បើ​យោង​លើតួ​លេខ​នៅ​ក្នុង​របាយ​ការ​ណ៍​ប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ។

បើ​តាម​ការ​កត់សម្គាល់​លើ​របាយ​ការ​ណ៍ គេ​សង្កេត​ឃើញ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លា.ប់​ហាក់​មាន​សន្ទុះ​ខ្លាំង​ក្នុង​រយៈពេល​មួយ​ខែកក្កដា​ចុង​ក្រោយ​នេះ​ ។ របាយ​ការ​ណ៍​ប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ខេត្ត ស្ដី​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កោះសន្តិភាព​ទ​ទូល​បាន សម្រាប់​រយៈពេល​មួយ​ខែកក្កដា ចុង​ក្រោយ​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ កក្កដា ២០២១ គេ​ឃើញ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ចំនួន​អ្នក​ឆ្លង និង​ចំនួន​អ្នក​ស្លាប់ ដែល​មាន​គម្លាត​គ្នា​ឆ្ងាយ​ខុស​ពី​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លា.ប់ កាលពី​អំឡុង​ខែ​មុន​ៗ ​។

ហើយ​អ្នក​ឆ្លង​មេរោគ​នេះ ភាគច្រើន​នៅ​ក្នុង​សហ​គម​ន៍ បន្ទាប់​មក​គឺ​ពលករ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។ ចំនួន​តួលេខ​ដែល​បាន​បូក​សរុប​ក្រៅផ្លូវការ ផ្ទៀងផ្ទាត់​តាម​របាយ​ការ​ណ៍​ដែល​រដ្ឋបាល​ខេត្ត បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៌មាន​ប្រចាំ​ថ្ងៃ សម្រាប់​ខែកក្កដា ចុង​ក្រោយ​នេះ គឺ មាន​អ្នក​ឆ្លង​ជំងឺ​«​កូ​វី​ដ ១៩» ដល់​ទៅ​ចំនួន​២,៤៣០​នាក់ ។ រីឯ​អ្នក​ស្លា.ប់មាន​ដល់​ទៅ​ចំនួន​៣៧​នាក់ និង បានជា​សះស្បើយ​ចំនួន​៩៤០​នាក់ ខណៈ​មាន​អ្នកជំងឺ​ចំនួន​១,៤៥៣​នាក់ កំពុង​សម្រាក​ព្យ​បាល​នៅឡើយ​ ។ បើ​ពិនិត្យ​លើ​របាយ​ការ​ណ៍​សម្រាប់​ខែកក្កដា កន្លង​ទៅ​នេះ គឺ ចន្លោះ​ថ្ងៃ​តិច​ណាស់ ដែល​មិន​មាន​អ្នកជំងឺ​ស្លា.ប់​។

ថ្ងៃ​ខ្លះ​អ្នកជំងឺ​បាន​ស្លា.ប់​បន្តបន្ទាប់​ពី​០៣​នាក់​ទៅ​០៤​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត មាន​ក្ដី​បារម្ភ​បំផុត​។ ដោយសារ​តែ​ក្ដី​បារម្ភ​អំពី​ការ​កើនឡើង នៃ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​យោង​លើ​ការ​ចាំបាច់​របស់​រដ្ឋបាល​ខេត្ត ទើប​អភិបាលខេត្ត លោក​ងួ​ន រតនៈ បាន​ចេញ​សេចក្ដីសម្រេច កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០២១ ស្ដី​ពី «​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង​»​។

សេចក្ដីសម្រេច​នេះ បាន​បិទ​ខ្ទប់​ផ្សារ​ទាំង​តូច ទាំង​ធំ ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​១៤​ថ្ងៃ​ ដោយ​សំដៅលើ​ទីផ្សារ​ទាំងឡាយ​ណា ដែល​ស្ថិត​ក្នុង​តំបន់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាមួយនឹង​កូ​វី​ដ​១៩​។ បណ្ដា​ទីតាំង​ផ្សារ​ដែល​ត្រូវ​បិទ​ខ្ទប់​ទាំង​២៧​កន្លែង​នេះ មាននៅ​ក្នុង​ក្រុង​បាត់ដំបង​០៨​កន្លែង នៅ​ស្រុក​ថ្មគោល​០២​កន្លែង នៅ​ស្រុក​សង្កែ ០៦​កន្លែង នៅ​ស្រុក​មោង​ប្ញ​ស្សី ៩​កន្លែង និង នៅ​ស្រុក​កំ​រៀង ០២​កន្លែង​ ។ អភិបាលខេត្ត​បាត់ដំបង លោក ងួ​ន រតនៈ បាន​ប្រកាស​នៅ​ក្នុង​សេចក្ដីសម្រេច​ថា ទីតាំង​ផ្សារ​ចំនួន​២៧​កន្លែង នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០១ សីហា ដល់​ថ្ងៃ​ទី​១៤ សូ​ហា ២០២១​។

គោលបំណង​នៃ​ការ​បិទ​ខ្ទប់​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហ​គម​ន៏ នៃ​មេរោគ​កូ​វី​ដ​១៩ ជា​ពិសេស មេរោគ​ប​ម្លែ​ង​ថ្មី​ដែល​តា (Delta)​។ សូម​បញ្ជាក់​ថា ចាប់ផ្ដើម​ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​មក សម្រាប់​ខេត្តបាត់ដំបង គិត​ត្រិ​ម​ថ្ងៃ​ទី​៣១ កក្កដា ២០២១ មាន​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ សរុប​ចំនួន​៣,៣៧៦​នាក់​ហើយ ព្យាបាល​ជា​សះស្បើយ​ចំនួន​២,០២៩​នាក់ ស្លាប់​ចំនួន​៤៣​នាក់ ខណៈ​អ្នកជំងឺ​ចំនួន​១៣០៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក និង នៅ​តាម​មណ្ឌល​ព្យាបាល​នានា នៅ​ក្នុង​ខេត្ត​។

បើ​ប្រៀបធៀប​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ទាំងអស់ និង​សម្រាប់​តែ​ក្នុង​ខែកក្កដា គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ បាន​ន័យ​ថា សន្ទុះ​នៃ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ខេត្តបាត់ដំបង មានការ​កើនឡើង​កាន់តែ​ខ្លាំង គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ ៕

សង

អត្ថបទសរសេរ ដោយ