ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ៖ ប្រយុទ្ធនឹង Delta ទប់ស្កាត់ការចម្លងថ្មី បង្កើនសមត្ថភាពព្យាបាលអ្នកឈឺ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេល វីរុសកូវីដ-១៩ បំប្លែងថ្មី ឈ្មោះ (Delta variant) បានរកឃើញនៅក្នុងប្រទេសកម្ពុជា អង្គការសុខភាពពិភពលោក…

រាជធានីភ្នំពេញ ៖ នៅពេល វីរុសកូវីដ-១៩ បំប្លែងថ្មី ឈ្មោះ (Delta variant) បានរកឃើញនៅក្នុងប្រទេសកម្ពុជា អង្គការសុខភាពពិភពលោក បានប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងនោះមានការផ្តល់ប្រឹក្សា និងផ្តោតលើការគាំទ្រនៅក្នុងផ្នែកសំខាន់ៗសម្រាប់ការឆ្លើយតបរហ័សចំពោះរោគមេរោគបំប្លែងថ្មីនេះ ដូចជាត្រូវទប់ស្កាត់ការចម្លងតាមរយៈការរកឃើញបានឆាប់ ការវិភាគស្ថានភាព ក៏ដូចជាអន្តរាគមន៍សុខភាពសាធារ ណៈមិនមែនឱសថ និងវិធានការសង្គមចំគោលដៅ និងរួមបញ្ចូលគ្នា ។  ពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងធានាអាទិភាពដល់បុគ្គលិកសុខាភិបាល មនុស្សចាស់ បុគ្គលដែលមានជំងឺប្រចាំកាយ និងប្រជាជនងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដទៃទៀត ហើយនិងបង្កើនសមត្ថភាពថែទាំអ្នកជំងឺ និងការផ្តល់សេវាសុខភាព ជាពិសេសសមត្ថភាព ប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺសង្គ្រោះបន្ទាន់ និងការតាមដានពិនិត្យមើលខ្សែបន្ទាត់ក្រហម ។

យោងតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិពភលោកថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា «យើងកំពុងតែប្រណាំងប្រជែងជាមួយនឹងវីរុសបំប្លែងថ្មីទម្រង់ផ្សេងៗជាច្រើន ។ យើងត្រូវតែធ្វើសកម្មភាពនៅថ្ងៃនេះ ហើយយើងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីកុំឲ្យមានការស្តាយក្រោយនៅថ្ងៃស្អែក ។ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល និងដៃគូ ដើម្បីអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបចំពោះជំងឺកូវីដ-១៩» ។ 

តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជាបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការចម្លង និងស្វែងរកការចូលរួមពីអ្នករាល់គ្នា ដើម្បីប្រកាន់ខ្ជាប់នូវវិធានការសាធារណៈ និងសុវិត្ថិភាពផ្ទាល់ខ្លួន ហើយសំខាន់គឺលើកកំពស់ការចូលរួមក្នុងការអនុវត្តនូវវិធានការសាធារណៈ និងសុវិត្ថិភាពផ្ទាល់ខ្លួននៅក្នុងចំណោមសហគមន៍ ។ លោកស្រីវេជ្ជបណ្ឌិត Li Ailan បានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជា កំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ ។ រាជរដ្ឋាភិបាល បានធ្វើសេចក្តីសម្រេចចិត្តម៉ឹងម៉ាត់មួយចំនួនរួមទាំងការបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន ៨ ដែលភាគច្រើននៅជាប់ព្រំដែន និងបានដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដែលជាជំហានសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ជាពិសេសជាការឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ បំប្លែងថ្មីទម្រង់ឌែលតា(Delta variant) តែម្តង» ។

ត្រឹមថ្ងៃទី ១ សីហា ២០២១ នេះកម្ពុជាមានអ្នកជំងឺកូវីដ ១៩ កើនដល់ ៧៧ ៩១៤ នាក់ និងមានអ្នកស្លាប់ចំនួន ១៤២០ នាក់ ។ តំណាងអង្គការសុខភាពពិភពលោកប្រចំានៅកម្ពុជា បានអំពាវនាវដល់ពលរដ្ឋចាត់វិធានការដែលត្រូវបានណែនាំ និងចាំបាច់នានា ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារអ្នកដទៃទៀតពីការឆ្លងរោគជំងឺដ៍សាហាវនេះ ។ «សកម្មភាពរួមរបស់យើង នឹងកំណត់ជោគជ័យ ឬក៏បរាជ័យរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ យើងត្រូវតែរួមគ្នា និងធ្វើសកម្មភាពរួមគ្នា ដើម្បីជួយសង្គ្រោះអាយុជីវិត ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់សង្គម ។ «នេះជាការបញ្ជាក់របស់លោកស្រី Li Ailan» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ