ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​បិណ្ឌបាតរបស់អ្នកបួស និង​ការ​សុំទាន​នៃ​ស្មូម​យាចក​ខុស​គ្នា​បែប​ណា ?

2 ឆ្នាំ មុន

សព្វ​សត្វ​ទាំងអស់​មានជីវិត​តាំងនៅ​បាន​ក៏​អាស្រ័យ​អាហារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ញ៉ាំង​ឱ្យ​រូប​កាយ សាច់ឈាម ស្បែក​សរសៃ និង​ពណ៌​សម្បុរ ចម្រើន​លូតលាស់​ស្រស់បស់​ទៅ​បាន ។ កាលបើ​ប្រាសចាក​អាហារ​ហើយ រូបរាង​កាយ​ទាំងមូល​ក៏​ស្វិត​ស្រពោន ថមថយ​ចុះ​ជា​លំដាប់…

សព្វ​សត្វ​ទាំងអស់​មានជីវិត​តាំងនៅ​បាន​ក៏​អាស្រ័យ​អាហារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ញ៉ាំង​ឱ្យ​រូប​កាយ សាច់ឈាម ស្បែក​សរសៃ និង​ពណ៌​សម្បុរ ចម្រើន​លូតលាស់​ស្រស់បស់​ទៅ​បាន ។ កាលបើ​ប្រាសចាក​អាហារ​ហើយ រូបរាង​កាយ​ទាំងមូល​ក៏​ស្វិត​ស្រពោន ថមថយ​ចុះ​ជា​លំដាប់ ទាំង​ជីវិត​ទៀត​សោត​ក៏​តាំងនៅ​បាន​ដោយ​កម្រ ។ សម្រាប់​បព្វជិត​ជា​អ្នក​លះ​ជីវភាព​ជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះសម្បែង​មក​បួស​ជា​បព្វជិត​ទ្រទ្រង់​ត្រ័យសិក្ខា​ក្នុង​ព្រះពុទ្ធ​សាសនា អាហារ​ភោជន​រួម​មាន​បាយ​ជាដើម​នេះ ចាត់​ចូល​ក្នុង​ជំពូក​បិណ្ឌបាតប្បច្ច័យ ដែល​ស្ថិត​ក្នុង​ចំណោម​បច្ច័យ​ទាំងឡាយ​៤ ។

ទន្ទឹម​គ្នា​នេះ​និស្ស័យ​៤ ដែល​គ្រូ​ឧបជ្ឈា​យា​ចា​រ្យ​តែង​ណែនាំ​ដល់​ភិក្ខុ​សាមណេរ​ទើបនឹង​បួស​ថ្មី ក្នុង​នោះ​ការ​និមន្ត​បិណ្ឌ​បាត គឺជា​និស្ស័យ​ទី​១ មាន​សេចក្ដី​ជា​អាទិ៍​ថា បព្វជ្ជា​អាស្រ័យ​ដោយ​ភោជន​ជា​ពំនូត ដែល​ភិក្ខុ​ត្រូវ​បាន​មក​ដោយ​កម្លាំ​ង​កំភួនជើង អ្នក​ត្រូវធ្វើ​សេចក្ដី​ប្រឹងប្រែង​ក្នុង​ភោជន​នោះ​អស់​មួយ​ជីវិត ។ អាស្រ័យ​ហេតុនេះ បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា​តែង​ត្រាច់ចរ​និមន្ត​បិណ្ឌបាត ស្វែងរក​អាហារ​យក​មក​ទ្រទ្រង់​ជីវិត ដែល​ជា​ទាន​របស់​សប្បុរសជន ។ ចំពោះ​សំណួរ​ថា តើ​ការ​និមន្ត​បិណ្ឌបាត​របស់​ភិក្ខុ​សាមណេរ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​យ៉ាងណា​ទៅ​នឹង​ការ​សុំទាន​នៃ​យាចក​ទាំងពួង ?

ព្រះ​មហា​ជា ដា​រ៉ូ មាន​ថេរ​ដីកា​ថា ចំពោះ​ការ​សុំ​របស់​ភិក្ខុ​ទាំងឡាយ​ក៏​មានឈ្មោះ​ថា សុំ​ដែរ ប៉ុន្តែ​ការ​សុំ​នេះ​ខុស​គ្នា​ពី​ការ​សុំ​របស់​ពួក​អ្នក​ដែល​ដើរ​សុំ​គេ​តាម​ចិញ្ចើមថ្នល់ តាម​ផ្អះ តាម​ផ្សារ គឺ​ពួក​យាចក​សុំ​របស់របរ​មិនមែន​ត្រឹមតែ​ដើម្បី​រស់ គឺ​សុំ​យក​មក​ធ្វើ​មាន​ធ្វើ​បាន ។ ចំណែក​អ្នកបួស ការ​ដែល​សុំ​ហ្នឹង គឺ​ត្រាច់​ទៅ​ឈរ​នៅ​នឹង​ផ្ទះ​របស់​អ្នកស្រុក មិន​ឆ្ងាយ​ពេក មិន​ជិត​ពេក ហើយ​ឈរ​ដោយ​ស្ងៀមស្ងាត់ សូ​ម្បី​តែ​ម្ចាស់ផ្ទះ​គេ​មិនឃើញ​ក៏​ដោយ គឺ​លោក​មិន​ចេញ​ស្រដី​ពាក្យ​សូម​វត្ថុ​អី​ណាមួយ​នោះ​ទេ គេ​ឱ្យ​ក៏​ទទួល គេ​មិន​ឱ្យ​ក៏​មិន​ខឹង មិនតូច​ចិត្ត ។

ពាក្យ​ថា​បិណ្ឌ គឺជា​ភាសាបាលី​ដែល​មាន​ន័យ​ថា ការ​ប្រមូល​ឱ្យ​មូល ឬ​ពូន​ឱ្យ​ជា​ដុំ​ៗ និង​ន័យ​ម្យ៉ាងទៀត គឺ​ការ​ចិញ្ចឹមជីវិត ។ តាម​ការ​ចារឹក​ទុក​ក្នុង​គម្ពីរ​ដីកា​អដ្ឋកថា និង​ឯកសារ​នានា ផ្នែក​ពុទ្ធសាសនា ការ​ត្រាច់​និមន្ត​បិណ្ឌបាត​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ច​វត្តប្រតិបត្តិ​របស់​ភិក្ខុ​សាមណេរ ក្នុង​ជីវិត​ជា​អ្នកបួស​ចេញ​ចាក​កាម​តាម​លំ​អាន​នៃ​ពុទ្ធកិច្ច និង​ពុទ្ធានុញ្ញាត ជា​បវេណី​នៃ​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ​តាំងពី​បុរាណកាល ដរាប​មក​ដល់​សព្វថ្ងៃ ។

ចំណែក​ពុទ្ធបរិស័ទ​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ក៏​នៅ​រក្សា​ទំនៀម​រៀបចំ​សម្រិតសម្រាំង​ចម្អិន​អាហារ​សម្រាប់​ដាក់​បាត្រ​ប្រគេន​ចង្ហាន់​ចំពោះ​ភិក្ខុ​សាមណេរ ដែល​និមន្ត​បិណ្ឌបាត​នៅ​តាម​ភូមិ​ស្រុក ខេត្ត ខណ្ឌ និគមជនបទ​នានា​។ ចំពោះ​ទំនៀម​នៃ​ការ​ឱ្យទាន​ជា​ចង្ហាន់​បិណ្ឌបាត ដែល​ទាយក​ទាយិកា​តែង​បូជា​ប្រកបដោយ​សេចក្តី​គោរព​ចំពោះ​ព្រះសង្ឃ ដោយសារ​ព្រះសង្ឃ គឺជា​ឧត្ដមភេទ ជា​អ្នកបួស ជា​បុគ្គល​រក្សា​នូវ​វិន័យ​ត្រ័យសិក្ខា ជា​អ្នក​ព្យាយាម​ប្រតិបត្តិ​ខ្លួន សង្រួមកាយវាចាចិត្ត​លើ​មាគ៌ា​សីល សមាធិ បញ្ញា ។

ទាំងនេះ​គឺជា​គុណសម្បត្តិ​ចម្បង​ដែល​បរិស័ទ​ចាត់​ទុក​ព្រះសង្ឃ​គឺជា​ស្រែបុណ្យ​ដ៏​មាន​ជីជាតិ ញ៉ាំង​ឱ្យ​ការ​ធ្វើ​ទាន​មាន​លក្ខណៈ​ខុស​គ្នា​រវាង​ព្រះសង្ឃ និង​ស្មូម​យាចក​ទាំងឡាយ​ទាំងពួង​ដែល​ជា​គ្រហស្ថ អ្នក​នៅ​មាន​សេចក្ដី​សៅហ្មង​ច្រើន អ្នក​កិលេស​រួមរឹត​ដោយ​ទ្រព្យ ការ​ធ្វើ​ទាន​ជាមួយ​ព្រះសង្ឃ យើង​តែងតែ​គិត​ថា យើង​ឧទ្ទិស​នូវ​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​នឹង​ដល់​ញាតិ​ទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ។ ខុស​ប្លែក​គ្នា​ត្រង់​ថា យើង​មានការ​គោរព​ចំពោះ​ព្រះសង្ឃ ព្រះសង្ឃ គឺជា​សាវក​របស់​ព្រះសម្មាសម្ពុទ្ធ លោក​មាន​តួនាទី​ច្រើន​ណាស់​ក្នុង​ការ​ជួយ​កសាង​ស្ថាបនា​ព្រះពុទ្ធ​សាសនា ។ ចំណែក​អ្នក​សុំទាន​ដូច​ជា​អ្នក​ក្រីក្រ ស្មូម​យាចក យើង​មិនមែន​មើលងាយ​គាត់​ទេ គឺ​ភាគច្រើន​បំផុត ពួក​គាត​មិន​មាន​សីល សិក្ខាបទ​អ្វី​ទេ ។ ព្រះសង្ឃ​លោក​មានគុណ​សម្បត្តិ​ច្រើន​ណាស់ ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​របស់​ពុទ្ធបរិស័ទ ធ្វើ​ទាន​រមែង​បាន​ផល​ច្រើន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ