ទីក្រុងហាណូយ ៖ បន្ទាប់ពីថ្ងៃលិច ការកម្សាន្តពេលរាត្រីដែលធ្លាប់តែមានសភាពអ៊ូអរ ត្រូវប្រែទៅជាភាពស្ងៀមស្ងាត់ បន្ទាប់ពីទីក្រុងបានដាក់បទបញ្ជាបិទខ្ទប់ កាលពីចុងសប្តាហ៍មុន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមសារព័ត៌មានវៀតណាម vnexpress ។
បម្រាមគោចរ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក ម៉ោងក្នុងប្រទេសវៀតណាម ត្រឹមម៉ោង៨យប់ ផ្លូវនានា ដែលមានសភាពអ៊ូអរជាធម្មតានៅពេលយប់ គឺគ្មានមនុស្ស និងយានយន្តឡើយ ដោយសារទីក្រុងហាណូយ បានដាក់បទបញ្ជាបិទខ្ទប់ រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែកក្កដាមក ដោយតម្រូវឲ្យប្រជាជនស្នាក់នៅផ្ទះ ហើយចេញទៅក្រៅសម្រាប់តែតម្រូវការចាំបាច់ដូចជាទិញអាហារ ឬថ្នាំពេទ្យ ឬទៅធ្វើការនៅរោងចក្រ ឬអាជីវកម្មមួយចំនួន ដែលទទួលបានការអនុញ្ញាតឲ្យបើក ។
នៅថ្ងៃសុក្រ ទី៣០ កក្កដា ២០២១នេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មី ហក់ឡើងដល់ទៅ ៨.៦៤៩ករណី (ក្នុងនោះ ២៧នាក់ ជាករណីនាំចូល) និងមានអ្នកស្លាប់ចំនួន ២៩៨ នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ។ នាំឲ្យចំនួនអ្នកឆ្លងកូវីដសរុបកើនដល់ ១៣៧,០៦២នាក់, អ្នកជាសះស្បើយពីជំងឺ សរុបចំនួន ៣៥,៤៨៤នាក់ និងអ្នកស្លាប់ចំនួន ១,១៦១នាក់ ៕











ចែករំលែកព័តមាននេះ