ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​រថយន្តក្រុង ​ក្រុមហ៊ុន វី​រៈប៊ុ​ន​ថាំ បំផ្លាញអស់ ២៣​គ្រឿង និង​ស្លា.ប់​មនុស្ស​ម្នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំណតរថយន្ត​ក្រុង របស់​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រថយន្តក្រុង​ធំ​ៗ ចំនួន​២៣គ្រឿង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត…

រាជធានី​ភ្នំពេញ ៖ ចំណតរថយន្ត​ក្រុង របស់​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រថយន្តក្រុង​ធំ​ៗ ចំនួន​២៣គ្រឿង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត និង​ជាប់​មនុស្ស​ម្នាក់ ឆេះ​ស្លាប់​ក្នុង​រថយន្តក្រុង បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង នៅ​លើ​ស្ពាន​ជ្រោយចង្វារ ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ចំហៀង​ក្រុង កាលពី​វេលា​ម៉ោង​ប្រមាណ ៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីតាំង​ចំណតរថយន្ត ដែល​ស្ថិត​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ខាងកើត ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន អោយ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​រថយន្តក្រុង ដែល​កំពុង​តែ​ចត​ត្រៀបត្រា នៅ​កណ្តាល​ដី​រាល បង្ក​អោយ​មាន​អណ្តាតភ្លើង និង​ផ្សែងហុយ​ខ្មួលខ្មាញ់ ទៅ​លើ​អាកាស បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ភ្លាម​ៗ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ដោយសារ​តែ​ភ្លើង​ឆេះ​ពេញបន្ទុក សមត្ថកិច្ច​ពុំ​អាច​ទប់ស្កាត់​បាន​ភ្លាម​ៗ ។

ប្រភព​ពី​បុគ្គលិក​ក្រុមហ៊ុន បាន​ប្រាប់​ថា ការ​ឆាបឆេះ​នេះ​ពុំ​ដឹង​ពី​មូលហេតុ​នោះ​ទេ ស្រាប់តែ​ភ្លើង​បាន​ឆេះ​ចេញពី​រថយន្ត ដែល​កំពុង​តែ​ចត​ត្រៀបត្រា ។

ភ្លាម​នោះ បុគ្គលិក​បាន​នាំ​គ្នា​យក​បំពង​បាញ់​ពន្លត់​អគ្គិភ័យ​ដែរ តែ​ពុំ​អាច​ទប់ស្កាត់​បាន ព្រោះ​ភ្លើង​បាន​ឆេះ​យ៉ាង​ខ្លាំង​ទៅ​ហើយ ។ តាម​បុគ្គលិក​រូប​នោះ មានការ​សង្ស័យ​ថា ឆ្លង​ចរន្ត​ចេញពី​រថយន្ត ទើប​បង្ក​អោយទៅ​ជា​អគ្គិភ័យ តែ​ម្តង ។

ដោយឡែក​បើ​តាម​ព័ត៌មាន​ខ្លះ​ថា បណ្តាល​មក​ពី​បុគ្គលិក​ជា​អ្នកបើកបរ សំងំ​ជក់​ថ្នាំ​(​គ្រឿងញៀន​) ក្នុង​រថយន្ត ។ ទោះបី​យ៉ាងណា​គេ​ពុំ​ដឹង​ពី​មូលហេតុ ពិតប្រាកដ​ឡើយ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ។

យោង​តាម​មន្ត្រី​នគរបាល​ដែល​អន្តរាគមន៍ នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា បន្ទាប់​ពី​ភ្លើង​បាន​រលត់ សមត្ថកិច្ច​បាន​រក​ឃើញ​សាកសព​មនុស្ស​ម្នាក់ ប៉ុន្តែ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បាន​ស្លាប់​ក្នុង​រថយន្ត ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំងនោះ ។ ភ្លាម​ៗ​មន្ត្រី​ជំនាញ ក៏​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិត​នៃ​ការ​ឆេះ នៅឡើយ​ទេ ។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ កម្លាំង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​ច្រើន​គ្រឿង ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ។ យ៉ាងណា​ពុំ​ទាន់​ដឹង​ពី​ទំហំ នៃ​ការ​ខូចខាត គិត​ជា​ប្រាក់​អស់​ប៉ុន្មាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ