ខេត្តក្រចេះ ៖ ដោយក្នុងរយៈពេលកន្លងមក ព្យុះទី៧ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្ដា ឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រពន្ធ័នានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើអោយមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះ បានធ្វើអោយទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តហក់ឡើង ដែលអាចបណ្ដាលអោយជន់លិចតំបន់ទំនាបអមមាត់ទន្លេមេគង្គខាងលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវ ឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។
ជាក់ស្ដែង ស្ថានភាពទឹកទន្លេមេគង្គក្រចេះ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មានកម្ពស់ ១៦ម៉ែត្រ ស្ថានភាពបែបនេះ គឺទឹកទន្លេមេគង្គមានការហក់ឡើង បើប្រៀបធៀប កាលពីថ្ងៃទី២១ ខែកក្កដា ទឹកទន្លេបានហក់ឡើងកម្ពស់ ៣ម៉ែត្រ ប៉ុន្តែទឹកភ្លៀងមានភាព អំណោយផលល្អ ចំពោះ វិស័យកសិកម្ម ដូចជា ស្រូវរដូវវស្សា ដំណាំដំឡូងមី និងដំណាំផ្សេងៗទៀតផងដែរ ។ ដោយឡែក បញ្ហាខ្យល់កន្ត្រាក់វិញ គឺរហូតមកដល់ពេលនេះ គឺពុំមានកើតឡើង ឬបង្ករឲ្យមានការខូចខាត់ជាទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូន ប្រជាពលរដ្ឋនៅឡើយទេ ។
រីឯអាកាសធាតុនៅថ្ងៃនេះវិញ នៅពេលព្រឹក មានពពកខ្មៅក្រាលគ្រប់ពះពាញមេឃ និងមានភ្លៀងធ្លាក់នៅពេលថ្ងៃ និងពេលយប់ ពីតិចទៅច្រើន មានធ្លាក់ខ្យល់ត្រជាក់ផងដែរ ៕
ចែករំលែកព័តមាននេះ