ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុងពេល​កូ​វីដ​ឆ្លង​រាល​ត្បា​ត​ទូទាំងប្រទេស រហូតដល់​ពេលនេះ តាម​វត្ត វិហារ​សាសនា​គ្រឹ​ស្ត និង​អ៊ិ​ស្លាម​សាសនា ជាដើម ក៏បាន​ឆ្លង​កូ​វីដ​ដែរ​។ ក្នុងនោះ យ៉ាងហោចណាស់…

ភ្នំពេញ​៖ ក្នុងពេល​កូ​វីដ​ឆ្លង​រាល​ត្បា​ត​ទូទាំងប្រទេស រហូតដល់​ពេលនេះ តាម​វត្ត វិហារ​សាសនា​គ្រឹ​ស្ត និង​អ៊ិ​ស្លាម​សាសនា ជាដើម ក៏បាន​ឆ្លង​កូ​វីដ​ដែរ​។ ក្នុងនោះ យ៉ាងហោចណាស់ មាន​ព្រះសង្ឃ នៅក្នុង​វត្ត នៅ​ភ្នំពេញ​ជាង ២០០​អង្គ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​មាន​ព្រះសង្ឃ ១​អង្គ បាន​សុគត​។​

​របាយការណ៍​របស់​ម​ន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ បង្ហាញថា ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ២០​កុម្ភៈ នៅក្នុង​រាជធានី​ភ្នំពេញ រហូតមកដល់​ពេលនេះ បានធ្វើឱ្យ​ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ចំនួន ២១២​អង្គ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ អ៊ិ​ស្លាម​សាសនា ចំនួន ២៩៩​នាក់ គ្រី​ស្ទ​សាសនា​ចំនួន​ ១០០​នាក់ និង​សាសនា​មហាយាន ចំនួន ១២​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ មាន​ព្រះសង្ឃ ១​អង្គ បាន​សុគត ដោយសារតែ​ជំងឺ​កូ​វីដ​១៩​។​

​នៅ​ភ្នំពេញ មកដល់​ថ្ងៃទី​២៨​កក្កដា​នេះ មាន​វត្ត​ព្រះពុទ្ធសាសនា ចំនួន ១២​វត្ត បាន​ឆ្លង​កូ​វីដ ដោយមាន​ព្រះសង្ឃ ចំនួន ២១២​អង្គ​។ ក្នុងនោះ មាន​ព្រះសង្ឃ ១៣៧​អង្គ បានជា​សះស្បើយ និង​ព្រះសង្ឃ ៧៥​អង្គ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​។ វត្ត​ចំនួន ៨ កំពុង​បិទ​ខ្ទប់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ព្រះសង្ឃ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​វត្ត ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​វត្ត​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​រាជធានី​ភ្នំពេញ រួមមាន​៖ ទី​១-​វត្ត​សារាវ័ន្ត​តេ​ជោ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៥០​អង្គ ជាសះស្បើយ ៤៩​អង្គ សុគត ១​អង្គ​។ វត្ត​នេះ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​២- វត្ត​បទុម​វ​តី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ១៤​អង្គ ជាសះស្បើយ ១​អង្គ សម្រាក​ព្យាបាល​១៣​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៣- វត្ត​កោះ​មេត្តា​ពោធិ​វង្ស ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៧​អង្គ ជាសះស្បើយ ៧​អង្គ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​៤- វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ ព្រះសង្ឃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​មាន​ចំនួន ៣៧​អង្គ ជាសះស្បើយ ៣៧​អង្គ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​៥-​វត្ត​ដំបូក​ខ្ពស់ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៣​អង្គ កំពុង​សម្រាក​ព្យាបាល ៣​អង្គ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៦- វគ្គ​មហាមន្ត្រី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៤៨​អង្គ ជាសះស្បើយ ៤១​អង្គ កំពុង​សម្រាក​ព្យាបាល ៧​អង្គ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៧- វត្ត​សាក់​សំពៅ ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ២​អង្គ ជាសះស្បើយ ២​អង្គ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។ ទី​៨- វគ្គ​តេ​ជោ​ឧកញ៉ា​វាំង ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ២​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​៩- វត្ត​វារិ​ន្ទ​ព្រែកលៀប ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ២១​អង្គ កំពុង​សម្រាក​ព្យាបាល កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​១០- វត្ត​ទួល​ទំពូង ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​២០​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​១១- វត្ត​អរុណ​វ​តី ព្រះសង្ឃ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៤​អង្គ កំពុង​សម្រាក​ព្យាបាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​១២- វត្ត​ជុំ​ព្រះសង្ឃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ៤​អង្គ កំពុង​សម្រាក​ព្យាបាល​ជំងឺ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ចំពោះ​អ៊ីស្លាម​សាសនា គ្រី​ស្ទ​សាសនា និង​សាសនា​ផ្សេងៗ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ នៅក្នុង​រាជធានី​ភ្នំពេញ រួមមាន​៖ ទី​១-​អ៊ិ​ស្លាម​សាសនា អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ២៩៩​នាក់ ជាសះស្បើយ​ចំនួន ២៦១​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣៨​នាក់ និង​ស្លាប់ ៦​នាក់​។ ទី​២- គ្រី​ស្ទ​សាសនា អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១០០​នាក់ ជាសះស្បើយ ចំនួន ៩៨​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ២​នាក់​។ ទី​៣- សាសនា​មហាយាន មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១២​នាក់ ជាសះស្បើយ​ចំនួន ១២​នាក់​។

​ដោយឡែក ក្រសួង​ធម្មការ និង​សាសនា បានប្រកាសថា គិត​ត្រឹម​ឆមាស​ទី​១ ដើមឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​ព្រះសង្ឃ ប្រមាណ ២៣៩​អង្គ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ រាជធានី​ភ្នំពេញ និង​ខេត្ត​ត្បូងឃ្មុំ ឈានមុខ​គេ ដោយមាន​ព្រះសង្ឃ​ឆ្លង​ច្រើនជាងគេ ហើយ​ក៏មាន​ព្រះសង្ឃ ២​អង្គ បាន​សុគត​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​របាយការណ៍​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ក្នុង​ដើមឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ព្រះសង្ឃ​ចំនួន ១៣៤​អង្គ បាន​ឆ្លង​កូ​វីដ​១៩ និង​សុគត ១​អង្គ​។ ខេត្តកណ្តាល ឆ្លង ១​អង្គ​។ ខេត្តកំពត ឆ្លង​ចំនួន ១០​អង្គ​។ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ឆ្លង ចំនួន ៨៨​អង្គ ខេត្តព្រៃវែង មាន​ចំនួន ៤​អង្គ និង​សុគត ១​អង្គ​។ ខេត្តស្វាយរៀង មាន​ករណី​ឆ្លង​ចំនួន ១​អង្គ​។ ខេត្តកំពង់ចាម មាន​ករណី​ឆ្លង ១​អង្គ​។​

​ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះ កន្លងមក ក្រសួង​ធម្មការ និង​សាសនា បានចេញ​សេចក្តីណែនាំ​ជាច្រើន​មកហើយ និង​បាន​ដាក់ចេញ​នូវ​សារាចរ​ណែនាំ សង្ឃប្រកាស​នានា អោយ​អនុវត្តន៍​រួចហើយ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ក្នុង​វត្ត​អារាម និង​ក្នុង​វិហារ​សាសនា​នានា​។​

​ក្នុងនោះ ក្រសួង​ធម្មការ និង​សាសនា ក៏​តែងតែ​ជំ​រុញអោយ​មន្ត្រី​ធម្មការ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​វត្ត​អារាម ឬក៏​វិហារ​សាសនា​នានា ដើម្បី​អនុវត្ត​កិច្ចការងារ ដែល​ត្រូវធ្វើ​នៅ​ចំពោះមុខ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​មិន​ឲ្យ​មានការ​ជួបជុំ​ប្រារព្ធ​ពិធី​សាសនា ទាំង​នៅក្នុង​វត្ត នៅ​វិហារ​សាសនា និង​នៅតាម​ផ្ទះ ដែលមាន​ការប្រមូល​ម​នុស្ស​ច្រើន​ឡើយ​។​

​យ៉ាងណាក៏ដោយ ក្នុងពេល​ព្រះសង្ឃ ដែល​បាន​ប៉ះពាល់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ត្រូវ​បិទ​ខ្ទប់​វត្ត​អារាម​នោះ គឺ​អាជ្ញា​មូលដ្ឋាន បាន​អនុវត្តន៍​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​បាន​ជួយ​ឧ​ត្ថ​ម្ភ និង​ប្រគេន​ព្រះសង្ឃ​នូវ​គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ​។ ចង្ហាន់ ត្រូវបាន​សន្សំសំចៃ ហើយ​បែងចែក​ប្រគេន​ព្រះអង្គ ឆាន់​នៅតាម​កុ​ដ្ឋិ ដែល​ព្រះសង្ឃ​គង់នៅ ក្នុង​វត្ត​និ​មួយៗ ដោយ​មិន​មានការ​ឆាន់ចង្ហាន់​រួម ដែលមាន​ការប្រមូលផ្តុំ​ដូច​មុន​ទៀត​នោះទេ​។​

​តាម​បទពិសោធន៍​នៃ​ការឆ្លង​កូ​វីដ​១៩ ចូលក្នុង​វត្ត​នាពេល​កន្លងមក យ៉ាងហោចណាស់ មាន​ហេតុផល ៤​យ៉ាង រួមមាន​៖ ១-​ឆ្លងតាម​ព្រះសង្ឃ និមន្ត​ចេញ​បិណ្ឌ​បាត្រ ក្រៅ​វត្ត ២-​ឆ្លងតាម​សិស្ស​និស្សិត ឬ​អ្នក​នៅ​វត្ត ដែល​បាន​ទៅធ្វើ​ការ ហើយ​នៅ​កន្លែងធ្វើការ​នោះ ឆ្លង​កូ​វីដ ៣-​ពុទ្ធបរិស័ទ យក​ច​ង្ហ​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត ក្រោយមក រកឃើញ​ពុទ្ធបរិស័ទ​នោះ កើត​កូ​វីដ ហើយក៏​ឆ្លង​ដល់​ព្រះសង្ឃ និង​ហេតុផល​ទី​៤ គឺ​តាអាច្ចារ្យ ឬ​អ្នក​រស់នៅក្នុង​វត្ត បាន​ចេញទៅ​ក្រៅ​វត្ត ទៅ​ហាង​កាហ្វេ នៅ​ជិតៗ​វត្ត ហើយ​ក្រោយមក ទីកន្លែង​ទាំងនោះ ក៏​ផ្ទុះ​ការឆ្លង​កូ​វីដ​។ រីឯ​អ្នក​នៅ​វត្ត ទៅ​កន្លែង​កើត​កូ​វីដ​ទាំងនោះ ក៏​រកឃើញ​ឆ្លង​កូ​វីដ​ផងដែរ​។​

​ទាំង ៤​ច​ណុ​ចនេះ ជាហេតុ​ផល​នៃ​ការឆ្លង​កូ​វីដ ចូលក្នុង​វត្ត ពិសេស​វត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​កន្លងមក​។ កន្លងមក ចាប់តាំងពី​ផ្ទុះ​នូវ​ការឆ្លង​កូ​វីដ​ខ្លាំង មាន​វត្ត​ខ្លះ បាន​បិទទ្វារ​ខ្លួនឯង ដោយសារតែ​បារម្ភ​ខ្លាច​ឆ្លង​កូ​វីដ​។ ប៉ុន្តែ​ដោយសារតែ​ហេតុផលប៉ុន្មាន​ចំណុច​ខាងលើ​នេះហើយ ក៏​បណ្តាល​ឲ្យ​ព្រះសង្ឃ និង​អ្នក​នៅក្នុង​វត្ត​ច្រើន​នាក់​ផ្សេងទៀត បាន​ឆ្លង​កូ​វីដ​។​

​នៅក្នុង​រដូវ​ចូល​ព្រះវស្សា​រយៈពេល ៣​ខែ​នាពេលនេះ ជា​ពេលវេលា​សមគួរ ដែល​ព្រះសង្ឃ ត្រូវ​ស្ថិតនៅតែក្នុង​វត្ត ហាក់ដូចជា ព្រះសង្ឃ ធ្វើ​ច​ត្តា​ឡី​ស័ក​ដូច្នោះ​ដែរ​។ ក៏ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​តាម​វត្ត​ជាច្រើន ក្នុងពេល​កូ​វីដ​ឆ្លង​រាត​ត្បាត​នេះ គឺ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ខណៈដែល​ប្រជា​ពុទ្ធបរិស័ទ ដែលមាន​សទ្ធា​ធ្វើ​បុណ្យទាន ក៏​ហាក់ដូចជា ថយចុះ ដោយសារតែ​បញ្ហា​កូ​វីដ​នេះ​តែម្តង​។ ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច​ តាម​រាជធានី​ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ ក៏​សូម​ទំនុកបម្រុង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ស្របតាម​សេចក្តីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងពេល​កន្លងមក​។ រីឯ​ប្រជា​ពុទ្ធបរិស័ទ​នានា ក៏​នៅតែ​អាចធ្វើ​បុណ្យ​បាន ដោយ​ព្រះសង្ឃ បើកទទួល​ចង្ហាន់ នៅ​ក្លោងទ្វារ​រៀងរាល់​ព្រឹក ទោះបីជា​វត្ត​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដោយ​។

​កន្លងមក វិធាន​សុខាភិបាល និង​អនាម័យ ក៏​ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នៅតាម​វត្ត​អារាម​។ ប៉ុន្តែ​ដើម្បី​ចៀសវាង​នូវ​ការឆ្លង​កូ​វីដ​ តាម​វត្ត​អារាម​តទៅទៀត ក៏​គួរតែ​ទប់ស្កាត់​នូវ​ចំណុច​ទាំង ៤​ខាងលើ គឺ​ព្រះសង្ឃ និមន្ត​ចេញ​បិណ្ឌ​បាត្រ ឬក៏​ទៅ​កន្លែង ​ដែលមាន​ហានិភ័យ អ្នករស់នៅ​ក្នុង​វត្ត ក៏​មិនត្រូវ​ចេញ​ក្រៅ​វត្ត បើ​មិនចាំបាច់ រីឯ​ប្រជា​ពុទ្ធបរិស័ទ ទៅ​ប្រគេន​ចង្ហាន់ ក៏ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពោល​គឺអាច​ប្រគេន​នៅត្រឹម​ក្លោងទ្វារ ហើយ​ឃ្លាត​ពី​ព្រះសង្ឃ តាអាច្ចារ្យ យាយជី ដោយ​ត្រូវ​ពាក់​ម៉ាស និង​ប្រើ​អាល់កុល​លាងដៃ​ឲ្យ​ញឹកញាប់ ជាដើម​៕​