បន្ទាយមានជ័យ៖ សមត្ថកិច្ច បានបង្ក្រាបសត្វជ្រូកចំនួន ៨ក្បាល ដែលឈ្មួញ លួចនាំចូល តាមច្រករបៀង យកមកលក់តាមជាយដែន ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សាច់ជ្រូកទាំង ៨ក្បាលនោះ ក្រោយពីចាប់បាន ត្រូវបានយកមកដុតកម្ទេចចោល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ថា សត្វជ្រូក ដែលចាប់បាននេះ ត្រូវពួកក្រុមឈ្មួញ កាប់មកពីប្រទេសថៃហើយជាស្រេច។ ដោយគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ លោកបានដឹកនាំក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចរាចរណ៍សត្វ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម បានបញ្ជាក់ថា សត្វជ្រូកនេះ នាំចូលមកពីប្រទេសថៃ សម្រាប់លក់ចែកចាយបន្ត តាមភូមិក្បែព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានតំណាងម្ចាស់ជ្រូក ឈ្មោះ វន្នី វន្ថា នៅស្រុកអូរជ្រៅ។ ពេលចាប់បានហើយ ក្រុមការងារ បានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកម្ទេចចោល នៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជៀសការឆ្លងនូវមេរោគផ្សេងៗ ដល់សត្វជ្រូកក្នុងស្រុក ពិសេសគឺជំងឺប៉េសអាហ្វ្រិក៕ ណុប រក្សា

ចែករំលែកព័តមាននេះ