រាជធានីភ្នំពេញ ៖ នៅក្នុងស្ថានភាពដែលកូវីដ-១៩ កំពុងតែរាតត្បាតមិនទាន់មានសញ្ញាធូរស្បើយនៅឡើយនោះ គេសង្កេតឃើញថាតម្លៃទំនិញ ត្រីសាច់ និងតម្លៃប្រេងឥន្ធនៈ និងរបស់របរប្រើប្រាស់ ក៏ដូចជាគ្រឿង ឧបភោគបរិភោគ នៅលើទីផ្សារមួយចំនួន ក៏បានឡើងថ្លៃគួរឱ្យកត់សំគាល់ ។
រឿងមួយទៀតដែលធ្វើអោយមហាជនចាប់អារម្មណ៏ខ្លាំង ក្រៅពីការឡើងថ្លៃប្រេងសាំងធម្មតានិងសាំងស៊ុបពែរ ដល់ ៤១០០ និង ៤៦០០ រៀលក្នុងមួយលីត្រនោះ សូម្បីតែបូមខ្យល់កង់ម៉ូតូឬកង់ឡាន ក៏បានឡើងថ្លៃដែរ ។ ដោយសារតែការឡើងថ្លៃ នេះ អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួនក៏បានបង្ហោះសារ ចែករំលែកនូវរឿងហួសចិត្តនៃការឡើងថ្លៃ រឿងតម្លៃបូមកង់ម៉ូតូនិងឡាន បែបនេះ ផងដែរ។ យ៉ាងណាមិញ ម្ចាស់កន្លែងបូមខ្យល់មួយចំនួន បានអះអាងថាពុំបានឡើងថ្លៃ ដូចការបង្ហោះ នៅក្នុងសង្គមនោះឡើយ ។
បើតាមគណនី ហ្វេសប៊ុកមួយឈ្មោះ « ម៉ានិត វាំងនន» បានបង្ហោះសារលើបណ្តាញសង្គមបង្ហាញការហួសចិត្តថា «សង្ឃឹម អីទៀត សូម្បី តែ បញ្ចូលខ្យល់កង់ឡានក៍ឡើងថ្លៃរ»។ ក្រោយការបង្ហោះសាររបស់អ្នកនាង គឺទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្តាញសង្គមដែលបានចូលរួមចែករំលែកនិងបញ្ចេញទស្សនៈថា កូវីដ-១៩ បាននិងកំពុងធ្វើឱ្យចំណូលធ្លាក់ចុះ តែទំនិញមួយចំនួនធំ របស់ប្រើប្រាស់ និងថ្លៃបូមកង់ឡាន-ម៉ូតូក៏ឡើងថ្លៃដែរ។
អ្នកនាង ហុង ម៉ានិត ដែលគេស្គាល់ថាជា ម្ចាស់ហាង «ម៉ានិត វាំងនន» នៅក្រុងភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពថា អ្នកនាងបានជួបហេតុការណ៍ហូសចិត្តនេះ កាលពីពេលថ្មីៗកន្លងទៅ ព្រោះអ្នកនាងធ្លាប់តែ ចំណាយ ២០០០ រៀលសម្រាប់ការបូមកង់ឡានចំនួន ៤ តែអ្នកនាងបែរជាត្រូវបង់មួយគុណនឹង ២ គឺស្មើ ៤០០០ រៀលសម្រាប់បូមកង់ទាំង ៤ ពីកន្លែងបូមកង់ឡានមួយកន្លែងនៅផ្លូវ ៦០ ម៉ែត្រ ។
អ្នកនាងបន្តថា មើលទៅគិតថា ជាចំនួនតិចតួច តែវាមិនតិចនោះទេ នៅពេលដែលគ្រប់មុខទំនិញ និងរបស់ប្រើប្រាស់ឡើងថ្លៃគ្រប់មុខបែបនេះ ។ អ្នកនាងបន្តថា «នៅពេលខ្ញុំសួរគាត់ថា ពូ រាល់ដងតែ ២០០០ រៀល ម៉េចឥឡូវក៏ឡើងថ្លៃដល់ ៤០០០ រៀល ស្មើនឹងគុណនឹងពីរ នៃតម្លៃពីមុន ។ គាត់បានតបថា ព្រោះសាំងក៏ឡើងថ្លៃដែរ អ៊ីចឹងរបស់នាំចូលគឺឡើងថ្លៃទាំងអស់» ។
ចំណែកប្អូនប្រុស សុធី វ៉ាន់ ដែលជាបុគ្គលិកធនាគារមួយរូបនៅភ្នំពេញ បានឱ្យដឹងថា ការពិតតម្លៃបូមកង់ម៉ូតូ -ឡានឡើងថ្លៃមួយរយៈហើយ តែឡើងដោយកន្លែង ។ សុធី បន្តថា «កាលពីមុន បូមកង់ម៉ូតូ ២ អស់តែ ៦០០ រៀល តែឥឡុវ គឺ១០០០ រៀល។ កន្លែងខ្លះ នៅជាយក្រុង មិនសូវសំបូរកន្លែងបូម គាត់អាចសុំ ១៥០០ រៀល ទៅ ២០០០ រៀល។ តែខ្ញុំខ្ជិលតវ៉ា គិតថា មួយខែបូមតែ ២ ដងអីទេ ។ តែបើគិតៗទៅ គ្រប់យ៉ាងឡើងថ្លៃទាំងអស់ ។ សាំងជាង ៤០០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា ខណៈថ្លៃម្ហូបអាហារក៏ឡើង ថ្លៃបូមកង់ឡាន ម៉ូតូក៏ឡើង។ ដល់គ្រប់មុខទំនិញឡើងមួយមុខតិចៗ គិតជាលុយទៅច្រើនខ្លាំងដែរ» ។
ជុំវិញការឡើងថ្លៃរឿងបូបកង់ឡាន – ម៉ូតូនេះផងដែរ លោក សោ ភណ្ឌ អាយុ ៣៥ឆ្នាំ បានអោយដឹងថា លោកបានបូមខ្យល់ កង់រថយន្ត ក្នុងកង់មួយ ថ្លៃ១០០០រៀល ,១៥០០រៀលឬ២០០០រៀល ទៅតាមកន្លែងបូមនានា តែប៉ុណ្ណោះ។ លោក ភណ្ឌបានអោយដឹងទៀតថា នៅពេលដែល លោកបូមខ្យល់ កន្លែងខ្លះ មិនបានទារនោះទេ គីគាត់បានអោយតែម្តងព្រោះប្រាក់១ពាន់២ពាន់ យូរៗបូមខ្យល់ម្តងមិន ថ្លៃនោះទេ ។ជួនកាលអ្នកខ្លះ បានអោយច្រើនជាងនេះទៀតផង ។
ដើម្បីចង់ដឹង ពីជុំវិញ ការបូមខ្យល់ម៉ូតូឬរថយន្ត នេះ ឡើងថ្លៃ ឬយ៉ាងណា នោះ កោះសន្តិភាព ក៍បានចុះទៅសាកសួរដោយផ្ទាល់នៅកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ដែលរកស៊ី ប្រកបមុខ របរបូមខ្យល់កង់ម៉ូតូ ឬរថយន្ត នៅតាមដងនានានៅក្នុងរាជធានីភ្នំពេញ។ ជួបជាមួយស្ត្រីម្នាក់ ដែល រកស៊ី ធ្វើម៉ូតូ នៅតាមដងផ្លូវនោះ ខាងជើងវត្តអង្គតាមម៉ិញ ជាមួយក្រុមគ្រួសារបានអោយដឹងថា កន្លែងរបស់គាត់បូមខ្យល់ ម៉ូតូយកតែកង់១តម្លៃ ៥០០រៀល មុខ ក្រោយក៍៥០០រៀលដែរ។រីឯរថយន្ត កង់១តម្លៃ១០០០រៀល មិនបានឡើងថ្លៃ នោះទេ ។
ចំណែក ជាងម៉ូតូ និងលាងម៉ូតូ នៅតាមផ្លូវភ្នំពេញហាណូយមុខសាលាប៊ែលធីអន្តរជាតិសាខាទឹកថ្លា បានអោយកោះសន្តិភាពដឹងដែរថា បូមខ្យល់កង់ម៉ូតូ២យក៥០០រៀល ,កង់១ក៍៥០០រៀល, រ៉ឺម៉កកង់៣យក៥០០រៀលនិងរថយន្ត យក១០០០រៀល។ ដោយឡែក កន្លែង បូមខ្យល់ ដែលស្ថិតនៅកន្លែងលក់កង់រថយន្ត ដែលមានឧបករណ៍ ថ្លឹងត្រឹមត្រូវ ក្នុងនៅពេលបូមខ្យល់កង់រថយន្ត១យកថ្លៃ១៥០០រៀល ទៅ២០០០រៀល គឺឡើងថ្លៃប្រមាណ៥០០រៀលតែប៉ុណ្ណោះ។ចំណែក កន្លែងខ្លះ មិនបានឡើងថ្លៃនោះទេ ។
តាមក្មេងម្នាក់ ដែលជួយបូមខ្យល់នៅកន្លែងរថយន្តកង់រថយន្តនៅតាមផ្លូវចោមចៅសង្កាត់ចោមចៅ២ បានអោយដឹងថា បូមខ្យល់កង់រថយន្ត១យកតែ១៥០០រៀល។ ចំណែក អ្នកលក់កង់រថយន្តនៅតាមផ្លូវភ្នំពេញហាណូយ ជិតសាលាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានអោយដឹងថា បូមខ្យល់កង់រថយន្ត ១ថ្លៃ ២០០០រៀល ។ តាមព័ត៌មានអោយដឹងថា ការបូមខ្យល់ កង់ម៉ូតូ ឬរថយន្ត បានឡើងថ្លៃ ទៅតាមកន្លែងខ្លះតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ