ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ជាបណ្ដោះអាសន្ន រយៈពេល ២ សប្ដាហ៍បន្ថែមទៀត គិតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ នៅក្នុងភូមិសាស្ត្រទីតាំង ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរីករាលដាល ទៅតំបន់ផ្សេងទៀត។

អាជីវករផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប បានមកយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ ជាលើកទី២ មានចំនួន ៥៣១នាក់ រកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០នាក់។

លោក បូ ម៉េងទ្រី អភិបាលរង ក្រុងសៀមរាប មានប្រសាសន៍ថា ក្រុមគ្រួពេទ្យខេត្ដសៀមរាប បានចុះទៅយកសំណាក ដើម្បីធ្វើតេស្ដរកមេរោគកូវីដ- ១៩ ពីអាជីវករ នៅផ្សារលើធំថ្មី ជាលើកទី២ មានចំនួន ៥៣១ នាក់ វិជ្ជមានជាង ១០នាក់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខណៈលើកទី១ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះ មានអាជីវករចូលរួមផ្ដល់ចំណាក សរុបចំនួនជាង ១. ៣០០នាក់ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារលើធំថ្មីនេះ។
ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុងសៀមរាប បានអំពាវដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលមានជាប់ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ សូមមកផ្ដល់សំណាកធ្វើតេស្ដលើកទី២ បន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរ មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង តាមដានការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ ដែលជាថ្ងៃនេះការឆ្លងរាល ដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារលើធំថ្មីនេះ មានអាជីវករឆ្លងកូវីដ-១៩ ជាច្រើននាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ រហូតដល់ពេលនេះ ផ្សារលើធំថ្មី ត្រូវបានអាជ្ញាធរខេត្តសៀមរាប ចេញប្រកាសបិទជាលើកទី៣ ព្រោះ នៅមានអាជីវករ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅឡើយ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានម្នាក់ បានស្លាប់ ខណៈដែលអ្នកវិជ្ជមានកូវីដ-១៩ ទាំងនោះ មួយចំនួន ជាអាជីវករលក់ចាប់ហួយ អ្នកប្រមូលថ្លៃអនាម័យ និងជាអ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ រួមទាំងអ្នកដេរស្បែកជើង នៅខាងមុខ ឈៀងខាងលិចផ្សារលើធំថ្មីផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតមកទល់ពេលរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ ត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០២នាក់ ហើយផ្សារលើធំថ្មី ត្រូវបានប្រកាសបិទលើកទី១ ក្នុងរយៈ ពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងប្រកាសបិទបន្ត លើកទី២ ក្នុងរយៈពេល ១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងលើកទី៣ រយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១៕ ច័ន្ទ រស្មី










ចែករំលែកព័តមាននេះ