រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងចាប់ខ្លួននាយទាហាន និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ហើយត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ឆបោក និងរំលោ.ភលើទំនុកចិត្ត លើទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២១ ខណៈពេលនាយទាហានរូបនេះដើរចេញពីក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយឆ្លងកាត់មហាវិថីមុនីរ៉េតទៅកាន់ផ្សារទំនើបស៊ីធីមល ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល បន្ទាប់ពីត្រូវនគរបាលដាក់ដោះដៃ រួចនាំឡើងរថយន្តមួយគ្រឿងដឹកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាត់នោះ ដើមចមពីក្រោយគឺពាក់ព័ន្ធនឹងបណ្តឹងលោកឧកញ៉ា ប្រាក់ ប្រាកដ ដែលរងអយុត្តិធម៌ពីនាយទាហានរូបនេះ។

នាយទាហានខាងលើត្រូវបានគេស្គាល់ថា ឈ្មោះ អេង អូន ពាក់សក្តិ៥ (វរៈសេនីយ៍ឯក) ឈរជើងការពារព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុន (ខ្យល់) អភិវឌ្ឍភ្នំថ្កូវ ខេត្តកំពត មានអាស័យដ្ឋានស្នាក់នៅភូមិលេខ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
តាមប្រភពព័តិមានបឋមឲ្យដឹងថា ការចាប់ខ្លួននាយទាហានឈ្មោះ អេង អូន គឺសមត្ថកិច្ចអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ឈ្មោះ អេង អូន ពីបទ. ឆបោក និងរំលោ.ភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណ៩២ម៉ឺនដុល្លារអាមេរិក ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា ដើមបណ្តឹងក្នុងចាប់ខ្លួននាយទាហានម្នាក់នោះ គឺលោកឧកញ៉ា ប្រាក់ ប្រាកដ ។ ហើយលោកឧកញ៉ា ប្រាក់ ប្រាកដ កាលពីប៉ុន្មានសប្តាហ៍មុននេះ ក៏រងនូវបណ្តឹងដោយអយុត្តិធម៌បំផុតពីសំណាក់ប្រពន្ធលោក អេង អូន ប្តឹងចោទប្រកាន់ថា លោកឧញ៉ា ឆ.បោកប្រាក់១០ ម៉ឺនដុល្លារអាមេរិកយកទៅរត់ការឲ្យប្តី (អេង អូន) ផ្ទេរចេញពីទាហានទៅនគរបាលជាតិ និងមានតួនាទីជាស្នងការរងខេត្តព្រះសីហនុ ។ បណ្តឹងក្នុងសំណុំរឿងនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលោកឧញ៉ា ប្រាក់ ប្រាកដ រួចបញ្ជូនទៅស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញដែរ ប៉ុន្តែនៅពេលតំណាងអយ្យការបើកការស៊ើបសួរយ៉ាងល្អិតល្អន់ទៅ រកមិនឃើញលោកឧកញ៉ា ប្រាក់ ប្រាកដ ពុំមានកំហុសទើបព្រះរាជអាជ្ញារងកាន់សំណុំរឿងនោះ សម្រេចឲ្យចុងចោទមានសេរីភាពបានវិលទៅផ្ទះវិញ ។

ក្រោយពីលោកឧកញ៉ា ប្រាក់ ប្រាកដ រួចផុតពីបណ្តឹងនោះ ក៏ចាប់ផ្តើមប្តឹងឈ្មោះ អេង អូន វិញ រួមជាមួយអតីតអភិបាលរងខេត្តកំពតម្នាក់ទៀត ពាក់ព័ន្ធថាបានយករថយន្តឡិចស៊ី៥៧០ មួយគ្រឿង ជាកម្មសិទ្ធិរបស់រដ្ឋទៅក្លែងស្លាកលេខ ហើយយកមកបញ្ចាំឲ្យដើមបណ្ដឹងយកប្រាក់ទៅបាត់ នេះបើយោងតាមលោកឧកញ៉ា ប្រាក់ ប្រាកដ បានប្រាប់តាមទូរស័ព្ទ ។

ក្រៅពីនេះទៀតឈ្មោះ អេង អូន បានឆ.បោករូបលោកឲ្យទិញដីជាច្រើនកន្លែង ដូចជានៅខេត្តព្រះសីហនុ ខេត្តកែប ដោយយកប្រាក់ម្ដង៣០ម៉ឺនដុល្លារ ម្ដង២០ម៉ឺនដុល្លារ និងដីនៅកន្លែងផ្សេងទៀត សរុបសាច់ប្រាក់ទាំងអស់ប្រមាណ៩២ម៉ឺនដុល្លារអាមេរិក ។ ហើយនៅទីបំផុតឈ្មោះ អេង អូន អត់មានដីមួយដុំណាមួយប្រគល់ម្ចាស់ប្រាក់នោះទេ ហើយថែមទាំងប្ដឹងម្ចាស់ប្រាក់ទៀត ទើបលោកឧញ៉ាទ្រាំលែងបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យចាត់ការលើបុគ្គលរូបនេះវិញ ទើបបានជាត្រូវប៉ូលិសចាប់ខ្លួននាយទាហ៊ានម្នាក់នោះ ផ្អើលនៅមុខតុលាការភ្នំពេញតែម្តង ។

តែទោះជាយ៉ាងណាក្តី នារសៀលថ្ងៃដដែល គឺថ្ងៃទី២៦ ខែកក្កដានេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជនសង្ស័យឈ្មោះ អេង អូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីឲ្យស្ថាប័នអយ្យការធ្វើការសាកសួរតាមពាក្យបណ្តឹងខាងលើនេះហើយ ។ គួររំលឹកទៀតថា ៖ ចាប់ខ្លួនមន្ត្រីយោធា និងជាប្រធានក្រុមហ៊ុន ពាក់ព័ន្ធលើទឹកប្រាក់៩២ម៉ឺនដុល្លារ ៕









ចែករំលែកព័តមាននេះ