ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺទៅពេទ្យកុំភ្លេចត្រៀមលុយពី ២០ ទៅ ៦០ ដុល្លារ ដើម្បីធ្វើតេស្តកូវីដ ១៩

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតែត្អូញត្អែរពីការលំបាកនៅក្នុងការកន្លែងព្យាបាលជំងឺ នៅក្នុងសម័យកូវីដ ១៩ រាតត្បាតនេះ ។  ការព្យាបាលជំងឺផ្សេងៗក្រៅពីកូវីដ ១៩ នាពេលនេះជាទូទៅតម្រូវឲ្យពលរដ្ឋចំណាយប្រាក់ច្រើន…

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតែត្អូញត្អែរពីការលំបាកនៅក្នុងការកន្លែងព្យាបាលជំងឺ នៅក្នុងសម័យកូវីដ ១៩ រាតត្បាតនេះ ។  ការព្យាបាលជំងឺផ្សេងៗក្រៅពីកូវីដ ១៩ នាពេលនេះជាទូទៅតម្រូវឲ្យពលរដ្ឋចំណាយប្រាក់ច្រើន ពីព្រោះក្រៅពីការចំណាយលើព្យាលជំងឺដែលឈឺហើយ ពលរដ្ឋត្រូវចំណាយលុយធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ទៀតផង ។

អ្នកស្រី ចន្ថា អាយុ ៣៩ ឆ្នាំ ពលរដ្ឋម្នាក់នៅភ្នំពេញ និយាយថា បច្ចុប្បន្ននេះអ្នកស្រីបន់ស្រន់សូមកុំឲ្យសមាជិកគ្រូសារអ្នកស្រីឈឺថ្កាត់នានាត្បិតអីបើឈឺពិបាករកសេវាព្យាបាលណាស់ ដោយសារគ្រប់កន្លែងគេខ្លាចជំងឺកូវីដ ១៩ ។ «ខំការពារណាស់តែចៀសមិនផុតទេរឿងឈឺនេះ ។ កាលពីសប្តាហ៍មុនខ្ញុំមានអាការក្តៅខ្លួន ញ័រដៃអស់កម្លំាង ក៏ទៅពេទ្យ ។ ទៅដល់ពេទ្យឯកជនគេតម្រូវឲ្យធ្វើតេស្តរហ័សមុនចូលពិនិត្យអាការរោគ ។ ភ្លាមនោះគឺខ្ញុំចំណាយប្រាក់ ៦០ ដុល្លារសម្រាប់តេស្តរហ័សរកមេរោគកូវីដ ១៩ នេះហើយ» ។ 

Picture

ជាមួយការត្អូញត្អែរ អ្នកស្រី ចន្ថា ថា តម្លៃតេស្តរហ័សនេះថ្លៃណាស់ ។ បើតាមអ្នកស្រីដឹងនៅមន្ទីរពេទ្យឯកជនពលរដ្ឋចំណាយប្រាក់ពី ៤០ ទៅ ៦០ ដុល្លារក្នុងការធ្វើតេស្តម្តង ។ អ្នកស្រី ចន្ថា បន្តថា គាត់គ្រាន់តែទៅពេទ្យមួយភ្លែតចំណាយអស់ ៩០ ដុល្លារទៅហើយ ។ ៦០ ដុល្លារសម្រាប់ការធ្វើតេស្តកូវីដ ១៩ និង ៣០ ដុល្លារសម្រាប់អាការជំងឺរបស់គាត់ ។

ក្រៅពីការចំណាយធ្វើតេស្តរហ័សខ្ពស់ហើយពលរដ្ឋមួយចំនួនទៀតបានត្អូញពីតម្លៃឧបករណ៍ធ្វើតេស្តរហ័សនេះ លក់ក្នុងតម្លៃខ្ពស់ផងដែលនៅលើទីផ្សារ ។ ពលរដ្ឋបាននិយាយថា ពួកគាត់សង្កេតឃើញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសលក់ឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ ផលិតនៅសាធារណកូរ៉េថ្លៃតែជាងតែ ៣,៧ ដុល្លារប៉ុណ្ណោះ ក្នុងមួយឧបករណ៍ ប៉ុន្តែបើនៅលើទីផ្សារវិញឈ្មួញលក់ថ្លៃពី ៩ ទៅ ១៥ ដុល្លារក្នុងមួយឧបករណ៍ ។ 

Picture

លោក សុផល ពលរដ្ឋនៅភ្នំពេញ ដែលទិញឧបករណ៍ធ្វើតេស្តរហ័សនេះមកប្រើប្រាស់ប្រចំាគ្រួសារច្រើនគ្រឿងមកហើយបាននិយាយថា «ហេតុអីបានឈ្មួញគេយកចំណេញច្រើនម្លេះ ។ ខ្ញុំសំណូមពរឲ្យក្រសួងមានសមត្ថកិច្ចអន្តរាគមន៍ក្នុងរឿងនេះ ពីព្រោះសម័យនេះពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចដូច្នេះដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ឲ្យមានប្រសិទ្ធភាពគួរណាសម្ភារៈ ឬថ្នាំពេទ្យណាដែលពាក់ព័ន្ធជំងឺកូវីដ ១៩ គួរតែរដ្ឋកំណត់ថ្លៃដើម្បីកុំឲ្យឈ្មួញលក់ថ្លៃតាមចិត្ត យកចំណេញខ្លំាងពេកពីពលរដ្ឋ» ។

ជាការកត់សម្គាល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លក់ឧបករណ៍តេស្តកូវីដ ១៩ ក្នុងតម្លៃថោក តែការលក់នោះសម្រាប់តែការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះ ចំពោះសាធារណជនដែលចង់ទិញមកប្រើប្រាស់ក្នុងគ្រួសារមិនអាចបញ្ជាទិញពីក្រសូងបានឡើយ ៕