ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺពោះសម្រាល​ ខំទៅពេទ្យ តែមិនទទួល ចុងក្រោយមកកើតកូនក្នុងបន្ទប់ជួល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​នៅ​ក្នុង​បន្ទប់​ជួល​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​គ្មាន​គ្រូ​ពេទ្យ ឬ​ឆ្មប ជួយ​បង្កើតកូន​ឡើយ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​នៅ​ក្នុង​បន្ទប់​ជួល​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​គ្មាន​គ្រូ​ពេទ្យ ឬ​ឆ្មប ជួយ​បង្កើតកូន​ឡើយ នៅ​​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​ទី​៥ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ។

ស្ត្រី​ឆ្លងទន្លេ​ខាងលើ​មានឈ្មោះ ចាន់ ពិសី អាយុ​ជាង​២០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ។ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ គី​ម សុខ​មាន អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ។ អ្នក​ទាំង​២ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ តែ​២​នាក់​ប្តី​ប្រពន្ធ​ប៉ុណ្ណោះ ។

លោក​សេង ស៊ី​វ៉ា​ន់​ថា ចៅសង្កាត់​រង​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​ខាងលើ​បាន​​ឈឺពោះឆ្លងទន្លេ​ ខ​ណះ​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​ក៏​គ្រប់​ខែ​ផង​ដែរ ។ នៅ​ល្ងាច​ថ្ងៃ​ដដែល បុរស​ជា​ប្តី​បាន​ដឹក​ស្ត្រី​ជា​ប្រពន្ធ ជូន​មន្ទីរពេទ្យ​ឯកជន​ចំនួន​២កន្លែង​ នៅ​ក្បែរ​តំបន់​ដែល​ពួកគាត់​​រស់នៅ ប៉ុន្តែ​គេ​មិន​ទទួល​ពិនិត្យ​ឡើយ ដោយសារ​តែ​ស្ត្រី​ជា​ប្រពន្ធ មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​១៩ ទាំង​២​លើក ។ បន្ទាប់​ពី​ពេទ្យ​ឯកជន​ទាំង​២កន្លែង​ បដិសេធ​មិន​ទទួល​ពិនិត្យ​ហើយ​នោះ បុរស​ជា​ប្តី បាន​ដឹក​ស្ត្រី​ជា​ប្រពន្ធ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ដើម្បី​សម្រាក​មួយ​ភ្លែត​សិន ​ទើប​​ទៅ​រក​មន្ទីរ​​ពេទ្យ​ផ្សេង​ទៀត ដើម្បី​ពិនិត្យ​បន្ត​ទៀត ។

លោក​ចៅសង្កាត់​រង​បាន​បន្ត​ថា ខ​ណះ​ពេល​ដែល​ស្ត្រី​រូប​នេះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នោះ នាង​ក៏​បាន​ចូល​ទៅ​បត់ជើងតូច ហើយ​​ក៏​ឡើង​ទៅ​សម្រាក​នៅ​លើ​គ្រែ ស្រាប់តែ​កូន​ក្នុង​ផ្ទៃ​ក៏​ចាប់​ផ្តើមសម្រាល​​ចេញ​មក​តែ​ម្តង ធ្វើ​អោយ​នាង​ឈឺចាប់​តែ​មួយ​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ដោយ​​សម្រាល​​បាន​កូនស្រី​នៅ​ក្នុង​ថ្លុកឈា.ម ។ ភ្លាម​ៗ បន្ទាប់​ពី​​សម្រាល​​បាន​កូនស្រី​រួច​ហើយ​នោះ បុរស​ជា​ប្តី បាន​ហៅ​អោយ​អ្នក​ជិតខាង​​ឱ្យមក​ជួយ​មើល​ប្រពន្ធ​​របស់​ខ្លួន​​​សិន ហើយ​បុរសជា​ប្តី​ក៏ ​​បាន​ជិះ​ម៉ូតូ​ទៅ​ហៅ​ពេទ្យ​អោយមក​ជួយ​ពិនិត្យ​សុខភាព​ប្រពន្ធ និង​កូនស្រី ប៉ុន្តែ​ត្រូវ​បាន​ពេទ្យ​ជា​ច្រើន​បដិសេធ មិន​ទៅ​ធ្វើការ​ពិនិត្យ​ឡើយ ។

បន្ទាប់​ពី​កើត​មាននូវ​បាតុភាព​ខាងលើ​នេះ អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ដឹកនាំ​ដោយ​លោក​ទូច សំ​អុល ចៅសង្កាត់ និង​លោក​សេង ស៊ី​វ៉ា​ន់​ថា ចៅសង្កាត់​រង​ទី​១ បាន​ចុះ​ដល់ទី​តាំង​បន្ទប់​ជួល​របស់​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ និង​បាន​ជួយ​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រូពេទ្យ​បង្អែក​ច្បារ​អំពៅ អោយមក​ទទួលយក​ទៅ​ពិនិត្យសុខភាព​ទាំង​ម្តាយ និង​កូនស្រី​ផង​ដែរ ។ ប៉ុន្តែ​នៅ​មុន​ពេល​ក្រុម​គ្រូពេទ្យ​សម្រេច​ទទួលយក​ទៅ​ពិនិត្យ​នោះ គឺ​ត្រូវធ្វើ​តេ​ស្តិ៍​សំណាក​ទាំង​ស្ត្រី​ជា​ម្តាយ និង​បុរស​ជា​ប្តី ទាំង​២​នាក់ ឃើញ​ថា​លទ្ធផល អវិជ្ជមាន​កូ​វី​ដ​១៩ ទើប​លើក​​ដាក់លើ​រថយន្ត​សា​ម៊ុ​យ យក​ទៅ​​ព្យាបាល​តែ​ម្តង​ ។

សូម​បញ្ជាក់​ថា ដោយ​មានការ​អាណិតអាសូរ​ជា​ពន់ពេក​លើ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​ លោក​ចៅសង្កាត់​បាន​ឧបត្ថម្ភ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​២០​ម៉ឺន​រៀល និង​លោក​ចៅសង្កាត់​រង​ចំនួន​១០​ម៉ឺន​រៀល ដល់​ពួក​​គាត់​​ទាំង​២​នាក់​ប្តីប្រពន្ធ​ ដើម្បី​សម្រាល​​ដល់​ការ​លំបាក កំឡុង​ពេល​សម្រាកព្យាបាល​​នៅ​មន្ទីរពេទ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ