ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្មាត​ត្នោត និង​ត្មាតផេះ វិលមក​កាន់​ទ្រនំ​វិញ ក្រោយបាត់ជាង​៥​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពោរពេញ​ដោយ​ក្តី​រីករាយ​ឥត​ឧបមា​សម្រាប់​កម្ពុជា សត្វ​ត្មាត​ត្នោត និង​ត្មាតផេះ វិល​ត្រឡប់​មក​កាន់​ទ្រនំ​របស់​ពួក​វា​វិញ ក្រោយ​អវត្តមាន​ជាង​៥​ឆ្នាំ​។ ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ នៃ​ក្រសួងបរិស្ថាន និង​អង្គការ

រាជធានី​ភ្នំពេញ ៖ ពោរពេញ​ដោយ​ក្តី​រីករាយ​ឥត​ឧបមា​សម្រាប់​កម្ពុជា សត្វ​ត្មាត​ត្នោត និង​ត្មាតផេះ វិល​ត្រឡប់​មក​កាន់​ទ្រនំ​របស់​ពួក​វា​វិញ ក្រោយ​អវត្តមាន​ជាង​៥​ឆ្នាំ​។ ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​ផ្តល់​ដំណឹង​នា​ពេល​ថ្មី​ៗ​ថា ពួក​គេ​បាន​កត់ត្រា​នូវ​វត្តមាន នៃ​សត្វ​ត្មាត​ត្នោត​ចំនួន​ពីរ​ក្បាល និង​ត្មាតផេះ​ចំនួន​មួយ​ក្បាល នៅ​សំបុក​ព្រៃ​ធម្មជាតិ​របស់​ពួក​វា​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​ខេត្តមណ្ឌលគិរី​។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងបរិស្ថាន លើក​ឡើង​ថា ក្រុមការងារ​ស្រាវជ្រាវ បាន​បញ្ជាក់​ថា លទ្ធផល​ជា​ច្រើន​ដែល​គេ​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក ដើម្បី​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ជា​កត្តា រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​វិល​ត្រលប់​មក​កាន់​ទ្រនំ​វិញ​របស់​សត្វ​ស្លាប​ទាំង​ពីរ​ប្រភេទ​នេះ ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ក្រោយ​ពី​អវត្តមាន​ក្នុង​រយៈពេល​ដ៏​យូរ​។

ក្រសួង​បន្ដ​ថា ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ក្នុង​តំបន់​នេះ សត្វ​ត្មាត​ត្នោត​ធ្លាប់​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​បួន​ក្បាល ហើយ​ឃើញ​វត្តមាន​របស់​វា​ចុង​ក្រោយបង្អស់​នៅ​ចុងឆ្នាំ​២០១៥ រីឯ​សត្វ​ត្មាតផេះ​វិញ ត្រូវ​បាន​គេ​កត់ត្រា​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៧ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​។

យោង​តាម​ការ​សន្និដ្ឋាន​មួយ​របស់​កញ្ញា Milou Groenenberg ប្រធាន​ក្រុម​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាត់​វត្តមាន​របស់​ពួក​វា​ពី​ក្នុង​តំបន់​ក្នុង​រយៈពេល​ដ៏​យូរ​នេះ គឺ​ភាគច្រើន​ដោយសារ​ពួក​វា​បាន​ទទួល​រង​នូវ​ការ​ពុល​ដោយ​ប្រយោល​នឹង​សារធាតុ​គីមី​ដែល​គេ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេង​។

សូម​បញ្ជាក់​ដែរ​ថា សត្វ​ត្មាតភ្លើង​ក៏​ជា​សត្វ​ស្លាប​មួយ​ប្រភេទ​ទៀត​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ដែរ កំណត់​ត្រា​ថ្មី​បំផុត​នៃ​ការ​រាប់​ចំនួន​សត្វ​ត្មាត​ទាំង​បី​ប្រភេទ ដោយ​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ WWF បាន​បង្ហាញ​វត្តមាន​សត្វ​ត្មាត​ត្នោត​ចំនួន​បួន​ក្បាល សត្វ​ត្មាតផេះ​ចំនួន​១១​ក្បាល និង​សត្វ​ត្មាតភ្លើង​ចំនួន​ប្រាំ​ក្បាល កំពុង​រស់នៅ​ក្នុង​ទ្រនំ​ធម្មជាតិ​របស់​ពួក​វា​ដែល​ស្ថិត​ក្នុង​ទីតាំង​ជាប់​ដែនជម្រកសត្វព្រៃ​សំបូរ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៃ​ខេត្ត​ក្រេ​ចះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ