ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ណែនាំ​កូនសោ​គន្លឹះ​៥​យ៉ាង ដើម្បី​សុវត្ថិភាព​អាហារ​សម័យកាល​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​ប្រកាស និង​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​លើ​ចំណីអាហារ ដើម្បី​ការពារ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​ប្រកាស និង​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​លើ​ចំណីអាហារ ដើម្បី​ការពារ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ ។

ការ​ណែនាំ​អំពី​សុវត្ថិភាព​ចំណីអាហារ​នេះ ធ្វើ​ឡើង​ក្រោយ​មានការ​សិក្សា​ខ្លះ ដែល​គិត​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ បាន​បង្ហាញ​ថា មាន​វីរុស​កូ​វី​ដ​១៩ អាច​នៅ​រស់នៅ​លើ​អាហារ​កក​ៗ​ដែរ បើ​ទោះបីជា​វីរុស​កូ​វី​ដ​-១៩ មិន​អាច​បង្កើត​កូនចៅ​ក្នុង​ចំណីអាហារ​បាន​ក៏​ដោយ​។ ក្នុង​ន័យ​នេះ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូន​ថា បុគ្គល​អាច​មិន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពី​ចំណីអាហារ ឬ​ពី​អាហារ​វេច​ខ្ចប់ ប្រសិនបើ​បាន​អនុវត្ត​វិធានការ​អនាម័យ​ចំណីអាហារ ឲ្យ​បាន​ជាប់​ជា​និច្ច ។

ព្រម​ជាមួយ​គ្នា​នោះ ឯកឧត្តម រដ្ឋមន្ត្រី​បាន​ណែនាំ​នូវ​វិធានការ​គន្លឹះ ៥ យ៉ាង​សម្រាប់​ធ្វើ​ឱ្យ​ចំណីអាហារ​មាន​សុវត្ថិ​ភាពល្អ ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ​រួម​មាន ៖

១- ការ​រក្សា​អនាម័យ ៖
– ត្រូវ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​ជែ​ល លាងដៃ​មុន និង​ក្រោយ ចាប់​កាន់​ចំណីអាហារ សាច់​កក អាហារ​ស្រស់ បន្លែ​ផ្លែ​ឈ​ល ជាដើម ។
– និង លាង​សម្អាត​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ជូត​សម្អាត​វត្ថុ និង​ផ្ទៃ​នានា ដែល​សង្ស័យ​ថា​មាន​ប្រលាក់ ឱ្យ​បាន​ស្អាត​ជា​និច្ច ។

២- ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា ។

៣- ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់ សត្វ​ស្លាប ស៊ុត អាហារ​សមុទ្រ និង​អាហារ​ដែល​យក​ចេញពី​ការ​បង្កក ចៀសវាង​ការ​ចម្លង​វីរុស ឬ​មេរោគ​ជាយថាហេតុ ។

៤- មិន​ត្រូវ​រក្សា​ទុក​អាហារ​ជា​ច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏​ដោយ​។ ដូច្នេះ «​បើ​យើង​រក្សា​ទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់ គឺ​ត្រូវ​ឱ្យ​នៅ​ក្រោម​សីតុណ្ហភាព ៥ អង្សា​សេ ។ បើ​យើង​រក្សា​ទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំ​ដៅ គឺ​ត្រូវ​ឱ្យ​លើស​ពីសី​តុ​ណ្ហ​ភា​ប ៦០ អង្សា​សេ​»​។

៥- ប្រើប្រាស់​ទឹក និង​វត្ថុធាតុដើម ដែល​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ