ទីក្រុងតូក្យូ ៖ នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ វត្តមានកីឡាករ-កីឡាការិនីកម្ពុជា កាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្បួនដង្ហែរអបអរសាទរពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ (Tokyo Olympic Game 2020) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសជប៉ុន ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មកម្ពុជា បានអញ្ជើញដល់ពហុកីឡដ្ឋានជាតិ នៃទីក្រុងតូក្យូ ដើម្បីចូលរួមអបអរសាទរប្រារព្ធពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ គឺ៤ឆ្នាំម្ដង ។
នៅពហុកីឡដ្ឋានផ្ទាល់លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ពិធីបើកនេះមានការចូលរួមទស្សនាតែភ្ញៀវអន្ដរជាតិភាគច្រើនប៉ុណ្ណោះ ពុំអនុញ្ញាតឲ្យប្រជាពលរដ្ឋជប៉ុន ចូលរួមទស្សនាឡើយ ប៉ុន្ដែនឹងមានការផ្សាយបន្ដផ្ទាល់ទៅគ្រប់ទូរទស្សន៍ទាំងអស់ លើឆាកអន្ដរជាតិ ។ ចំពោះភ្ញៀវអន្ដរជាតិ ដែលចូលរួមពិធីបើកនេះ មានតែប្រធាន និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ទាំង២០៦ប្រទេស រួមទាំងតំណាងសហព័ន្ធកីឡាអន្ដរជាតិទាំង ៣៣សហព័ន្ធ និងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមរៀបចំការប្រកួតប៉ុណ្ណោះ ដែលសរុបប្រមាណ ២០០ ទៅ ៣០០នាក់ ក្រៅពីនេះ ក៏មានអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនផងដែរ ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺពិធីបើកផ្លូវការ ដែលគ្រោងធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ដ្រីជប៉ុន លោក Yoshihide Suga នេះ ក៏មានវត្តមានភ្ញៀវពិសេសប្រធានាធិបតីបារាំង លោក Manuel Macron និងស្ដ្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោកជំទាវ Jill Biden ចូលរួមផងដែរ ហើយវត្តមានរបស់តំណាង និងថ្នាក់ដឹកនាំប្រទេសបារាំង ក៏ដូចជាសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍នេះ ក៏ព្រោះប្រទេសទាំងពីរ ត្រូវបន្ដវេណធ្វើម្ចាស់ផ្ទះ ពីទីក្រុងតូក្យូ ក្នុងនោះបារាំង ត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក នាឆ្នាំ២០២៤ ខណៈរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងធ្វើម្ចាស់ផ្ទះបន្ដវេណ នាឆ្នាំ២០២៨ ។
សូមជូនពរកីឡាករកម្ពុជាទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ៕
ចែករំលែកព័តមាននេះ