ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ដាក់ចេញ១៤ចំណុច​រឹតបន្តឹងការឆ្លងកូវីដ-១៩នៅការដ្ឋានសំណង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ដោយមើលឃើញថាអត្រានៃការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមការដ្ឋានសំណង់គ្រប់ប្រភេទហាក់មានអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ ​សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៣ ខែកក្កដា នេះបានសម្រេចដាក់ចេញនូវវិធានការណ៍ ១៤…

រាជធានី​ភ្នំពេញ​ ៖​ ដោយមើលឃើញថាអត្រានៃការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមការដ្ឋានសំណង់គ្រប់ប្រភេទហាក់មានអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ ​សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៣ ខែកក្កដា នេះបានសម្រេចដាក់ចេញនូវវិធានការណ៍ ១៤ ចំណុចដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលនៅការដ្ឋានសំណង់ ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ ផ្អែកតាមការវាយតម្លៃលើសភាពការណ៍វិវឌ្ឍថ្មីនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នារយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្តបន្ទាប់ ក្នុង ចំណោមបុគ្គលិក និងកម្មករ-និយោជិតកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការរឹតបន្តឹងឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងសេចក្តីណែនាំ ចុះហត្ថលេខា ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះមុខ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្ដឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំនួន ១៤ ចំណុច ។ ដែលវិធានការណ៍ ១៤ ចំណុចរួមមាន ៖

១-ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

២.ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីឈ្មោះ៖ លេខទូរស័ព្ទ អាសយដ្ឋាន ឬ ទីកន្លែងស្នាក់នៅក្នុងអំឡុង ពេលបំពេញការងារ និងព័ត៌មានចាំបាច់មួយចំនួនទៀតរបស់បុគ្គលិក និងកម្មករ-និយោជិតទាំងអស់ ដែលកំពុងបម្រើការងារក្នុងការដ្ឋានសំណង់នីមួយៗ ផ្តល់ជូនមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការកំណត់ អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ប្រសិនបើមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង ការដ្ឋានសំណង់ជាយថាហេតុ។

៣.ចាត់ឱ្យមានអ្នកចែកម៉ាស់ វាស់កម្ដៅ បាញ់ទឹកអាល់កុល ឬ ដែលអាល់កុល និងអនុវត្តការស្កេន QR Code *ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលការដ្ឋាន និងតម្រូវឱ្យគ្រប់បុគ្គលទាំងអស់ ដែលមានវត្តមានក្នុងការដ្ឋានសំណង់ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់។

៤- ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬ ដាក់ទឹកអាល់កុល-ដែលអាល់កុល ឱ្យបានច្រើនទីតាំង ក្នុងការដ្ឋាន ដើម្បីឱ្យបុគ្គលិក និងកម្មករ-និយោជិតប្រើប្រាស់។

៥. ណែនាំដល់បុគ្គលិក និងកម្មករ- និយោជិត ឱ្យធ្វើការសម្អាតអនាម័យ-បរិស្ថាននៅក្នុង និងក្រៅបរិវេណ ការដ្ឋានសំណង់រៀងរាល់មួយសប្តាហ៍ម្តង និងចាត់ឱ្យមានអ្នកទទួលខុសត្រូវសម្អាតជាប្រចាំចំពោះ៖ បន្ទប់ទឹក បន្ទប់សម្រាក និងកន្លែងទទួលទានអាហាររបស់បុគ្គលិក និងកម្មករ-និយោជិត។ ក្នុងករណី មានជាប់ពាក់ព័ន្ធករណីវិជ្ជមានជំងឺកូវីដ-១៩ ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់នីមួយៗ ត្រូវបាញ់ថ្នាំសម្លាប់មេរោគឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ភ្នំពេញ មុននឹងអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ-និយោជិតចូលបំពេញការងារវិញ។

៦. រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់ដែលមាន លទ្ធភាព គួររៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រចាំថ្ងៃជូនបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួន ដើម្បី ងាយស្រួលគ្រប់គ្រង និងថែរក្សាសុខុមាលភាពរបស់ពួកគេ។ ក្នុងករណីមិនអាចរៀបចំបាន ត្រូវណែនាំ ឱ្យពួកគេចៀសវាងការស្នាក់នៅប្រមូលផ្តុំក្រៅពីរង្វង់ក្រុមគ្រួសារ ឬ បុគ្គលិក និងកម្មករ-និយោជិតដែល បម្រើការងារក្នុងការដ្ឋានសំណង់តែមួយ និងត្រូវគ្រប់គ្រងទីតាំងដែលពួកគេស្នាក់នៅឱ្យបានច្បាស់លាស់។

៧.មិនអនុញ្ញាតឱ្យមានការលក់ដូរអាហារ-ភេសជ្ជៈ សម្ភារប្រើប្រាស់ ឬ គ្រឿងឧបភោគ-បរិភោគផ្សេងៗ ដែលគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ទាំងខាងក្នុង និងជុំវិញទីតាំងការដ្ឋានដាច់ខាត លើកលែង តែសេវាកម្មផ្គត់ផ្គង់អាហារប្រចាំថ្ងៃ ដែលសហការ ឬ រៀបចំដោយម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋាន។

៨. មិនអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ-និយោជិត ចេញមកទទួលទានអាហារនៅខាងក្រៅការដ្ឋាននោះទេ និងលើកទឹកចិត្តឱ្យវេចខ្ចប់អាហារ សម្រាប់ទទួលទាននៅក្នុងអំឡុងពេលមកបំពេញការងារ។ ការទទួល ទានអាហារ ត្រូវអនុវត្តនៅហ្នឹងកន្លែងបំពេញការងារ ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ១,៥ ម៉ែត្រ និង ហាមឃាត់ការជួបជុំប្រមូលផ្តុំគ្នា ក្រោយពេលសម្រាកពីការងារ ទោរក្រោមរូបភាពណាក៏ដោយ ជាពិសេសចំពោះបុគ្គលិក និងកម្មករ-និយោជិត ដែលស្នាក់នៅក្នុងការដ្ឋាន ឬ ទីកន្លែងស្នាក់នៅរួម ដែលម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានបានរៀបចំឱ្យស្នាក់នៅ។

៩. ចូលរួមផ្សព្វផ្សាយ អប់រំណែនាំបន្ថែម និងក្រើនរំលឹកជាប្រចាំដល់បុគ្គលិក និងកម្មករ-និយោជិតទាំងអស់ ក្នុងការដ្ឋាន អំពីវិធានសុខាភិបាល និងវិធានការចាំបាច់មួយចំនួនទៀត ក្នុងការទប់ស្កាត់ និងបង្ការការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣កុំ ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

១០. ពិនិត្យលទ្ធភាពត្រៀមទីតាំងសមស្រប សម្រាប់ការធ្វើតេស្តយកសំណាក ការអនុវត្តវិធានចត្តាឡីស័ក ឬ ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។


១១.ត្រៀមឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ ដែលបានចុះបញ្ជីកាពីក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ ក្នុងការដ្ឋាន។ ប្រសិនបើមានបុគ្គលិក និងកម្មករ-និយោជិតណាមួយ មានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ភ្លុក-កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋាន ត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ ចំពោះបុគ្គលនោះ និងអ្នកពាក់ព័ន្ធជាបន្ទាន់។ ក្នុង ករណីលទ្ធផលតេស្តបង្ហាញវិជ្ជមានជំងឺកូវីដ-១៩ ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋាន ត្រូវទំនាក់ទំនង មកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងរាយការណ៏មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ វិធានការគ្រប់គ្រងឱ្យបានទាន់ពេលវេលា។

១២.ធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ចំពោះបុគ្គលិក និងកម្មករ-និយោជិតថ្មី។ ករណីលទ្ធផលតេស្តអវិជ្ជមាន ត្រូវអនុញ្ញាតឱ្យចូលធ្វើការ ប៉ុន្តែ ត្រូវបន្តតាមដានសុខភាព ដោយធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ចំនួន ២ លើកបន្ថែមទៀត រៀងរាល់មួយសប្តាហ៍ម្តង និងគួរណែនាំឱ្យទទួលទានអាហារ និងសម្រាកនៅ ដាច់ដោយឡែកពីកម្មករដទៃទៀត រយៈពេល ១៤ ថ្ងៃ ។


១៣. ណែនាំបុគ្គលិក និងកម្មករ-និយោជិត ចៀសវាងគេចវេពីការធ្វើចត្តាឡីស័ក ឬ ការធ្វើតេស្តយកសំណាក ដើម្បីបញ្ចៀសបាននូវហានិភ័យខ្ពស់ចំពោះខ្លួនឯង-គ្រួសារ សុខភាពសាធារណៈ និងចៀសវាងការពិន័យ អន្តរការណ៍តាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

១៤.មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បី ត្រួតពិនិត្យការអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេរ។ ក្នុងករណីរកឃើញថា ម្ចាស់ការដ្ឋាន ឬ អ្នក គ្រប់គ្រងការដ្ឋានសំណង់ណាមួយមិនព្រមអនុវត្ត ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ