ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​បារម្ភ​! ត្រឹម​៥​ថ្ងៃ​ រក​ឃើញ​៤​វត្ត​កំពុង​តែ​ផ្ទុះ​រាល​ដាល​​​នៃ​​ជំងឺ​កូ​វី​ដ​១៩​ក្នុង​​តាកែវ

2 ឆ្នាំ មុន
  • តាកែវ

វត្ត​ចំនួន​៤​ហើយ ដែល​កំពុង​តែ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នោះ ហើយ​បញ្ហា​នេះ​បាន​កើតជា​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថែម​ទៀត អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​

ខេត្តតាកែវ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​មាន​វត្ត​ចំនួន​៤​ហើយ ដែល​កំពុង​តែ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នោះ ហើយ​បញ្ហា​នេះ​បាន​កើតជា​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថែម​ទៀត អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ដែល​បាន​ចុះ​ផ្ទាល់​ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​ធ្វើតេស្ត​យក​សំណាក​ពី​ព្រះសង្ឃ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ព្រះសង្ឃ​ដែល​កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​វត្ត​នោះ​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា នៅ​ស្រុក​សំរោង​នេះ បាន​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ព្រះសង្ឃ​ចំនួន​៣​វត្ត​ហើយ ។

លោក​អភិបាលស្រុក​សំរោង បាន​បន្ត​ទៀត​ថា ទី​១- វត្ត​ប្រាសាទនាងខ្មៅ ស្ថិត​នៅ​ឃុំរ​វៀង បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២០ កក្កដា ២០២១ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​រហ័ស​លើ​ព្រះសង្ឃ​ដែល​ជា​សាមណេរ​សិស្ស​ចំនួន​២៥០​អង្គ ហើយ​រក​ឃើញ​មាន​វិជ្ជមាន​លើ​ព្រះសង្ឃ​ចំនួន​២៩​អង្គ ។ ហើយ​នៅ​ថ្ងៃ​ទី​២២ កក្កដា ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ លើ​ព្រះសង្ឃ​១០​អង្គ​បន្ថែម​ទៀត អ​ញ្ចឹ​ង​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ផ្ទុះ​ឡើង​នៅ​លើ​ព្រះសង្ឃ​ក្នុង​វត្ត​ប្រាសាទនាងខ្មៅ​នេះ គឺ​សរុប​ចំនួន​៣៩​អង្គ​ហើយ​ៗ ។

លោក​អភិបាលស្រុក​បន្ត​ថា ទី​២- នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ លោក​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​នៅ​វត្ត​អង្គ​ប្រឹ​យ៍ ស្ថិត​ក្នុង​ឃុំ​លំចង់​លើ ទៅ​លើ​ព្រះសង្ឃ​ចំនួន​១១៩​អង្គ រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៤​អង្គ​, យាយជី​ម្នាក់ និង​កូនសិស្សលោក​ចំនួន​២​នាក់​ទៀត សរុប​៣៧​អង្គ​/​នាក់​បន្ថែម​ទៀត អ​ញ្ចឹ​ង​សរុប​ទាំង​២​វត្ត​នេះ គឺ​មាន​ព្រះសង្ឃ​ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​ចំនួន​៧៦​អង្គ​ហើយ ។ ហើយ​លោក​ក៏​បាន​ណែនាំ​ដល់​ព្រះសង្ឃ ក៏​ដូច​ជា​គណៈកម្មាធិការ​វត្ត ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​អនុវត្ត​ផែនការ​ការពារ «៣​កុំ ៣​ការពារ​» របស់​សម្តេច អោយ​បាន​ច្បាស់លាស់​ផង​ដែរ​។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បានអោយ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​យើង​ធ្វើការ​ពិនិត្យ​យក​សំណាក​លើ​ព្រះសង្ឃ​ចំនួន​២​វត្ត​រួច​មក ក៏​នៅ​មាន​វត្ត​១​បន្ត​ទៀត​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​លើ​ព្រះសង្ឃ​ផង​ដែរ គឺ​វត្ត​ក្បាល​សំរោង ស្ថិត​ក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ដោយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​ទៅ​លើ​ព្រះសង្ឃ​ចំនួន​៣២​អង្គ ជា​លទ្ធផល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​អង្គ អ​ញ្ចឹ​ង​សរុប​ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទាំង​៣​វត្ត ក្នុងស្រុក​សំរោង​យើង​នេះ គឺ​មាន​ចំនួន​៨៦​អង្គ​/​នាក់​ហើយ​។

លោក​អភិបាលស្រុក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា វត្ត​ទាំង​៣​ខាងលើ​នេះ ត្រូវ​បាន​បិទ​ខ្ទប់​ទាំងស្រុង ហើយ​ព្រះសង្ឃ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ និង​ព្រះសង្ឃ​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ គឺ​ដាក់​អោយ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​វត្ត ដោយ​មាន​គ្រូពេទ្យ​នៅ​ប្រចាំការ​ព្យាបាល​។

គួរ​បញ្ជាក់​ថា ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ក៏​បាន​ផ្ទុះ​ឡើង​នៅ​វត្ត​សីហ​រត​នះ​រាម ស្ថិត​ក្នុង​ក្រុង​ដូន​កែវ​ផង​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដោយ​បាន​ធ្វើតេស្ត​យក​សំណាក​នៅ​លើ​ព្រះសង្ឃ​ចំនួន​១០០​អង្គ ហើយ​ក៏​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២០​អង្គ​ទៅ​ហើយ ។

គួរ​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ខាងលើ​នេះ គឺ​ព្រះសង្ឃ​ស្ទើរ​ទាំងអស់​ជា​សាមណេរ​សិស្ស​មានការ​ទំនាក់ទំនង​គ្នា​ទៅ​មក ដោយ​ឆាន់​ជាមួយ​គ្នា រៀន​ជាមួយ​គ្នា ។ សរុប​មក​ព្រះសង្ឃ​ទាំង​៤​វត្ត​ខាងលើ ដែល​មាន​វិជ្ជមាន​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ បាន​ឡើង​ដល់​ចំនួន​១០៦​អង្គ​/​នាក់​ហើយ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​-​ក្រុង ដើម្បី​ធ្វើតេស្ត​នៅ​លើ​ព្រះសង្ឃ​ដែល​មានការ​ពាក់ព័ន្ធ​បន្ត​ធ្វើ​រាល់ថ្ងៃ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ