ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យចិញ្ចឹមសត្វកាក់កបខ្លាំង ទោះស្ថិតក្នុងបរិបទកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងពេលវិស័យជាច្រើនបានរងផលប៉ះពាល់ដោយសារតែកូវីដ ១៩ តែសម្រាប់វិស័យចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​កម្ពុជា បែរជាទទួលបានផលល្អប្រសើរ និងកាក់កបទៅវិញ ហើយកសិករ​ជាច្រើនក៏បាន​ពង្រីកការចិញ្ចឹមសត្វបន្ថែម​ទៀត​ដើម្បីបង្កើនប្រាក់ចំណូល ។ បើតាមលោក​…

រាជធានីភ្នំពេញ ៖ ក្នុងពេលវិស័យជាច្រើនបានរងផលប៉ះពាល់ដោយសារតែកូវីដ ១៩ តែសម្រាប់វិស័យចិញ្ចឹមសត្វ​នៅក្នុង​ប្រទេស​កម្ពុជា បែរជាទទួលបានផលល្អប្រសើរ និងកាក់កបទៅវិញ ហើយកសិករ​ជាច្រើនក៏បាន​ពង្រីកការចិញ្ចឹមសត្វបន្ថែម​ទៀត​ដើម្បីបង្កើនប្រាក់ចំណូល ។

បើតាមលោក​ ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា នៅក្នុងបរិបទកូវីដ ១៩ នេះ ប្រជាពល​រដ្ឋកម្ពុជា​ជា​ច្រើន​​បានបាត់បង់ការងារ ហើយក៏ត្រលប់ទៅស្រុកវិញ ដើម្បីបង្កបង្កើនផលកសិកម្ម ក្នុងនោះ​ការចិញ្ចឹម​សត្វ​ក៏ជា​ជម្រើស​មួយ​សម្រាប់ពលរដ្ឋក្នុងវិបត្តិកូវីដ ១៩ ដែរ ដូច្នេះហើយធ្វើឱ្យកំណើននៃ​ការចិញ្ចឹម​សត្វនៅក្នុង​ប្រទេស​កម្ពុជាមានការកើ​នឡើង​ខ្ពស់ ជាមួយនឹងតម្លៃក៏រក្សាស្ថិរភាពល្អប្រសើរដែរ ។

លោកបន្តថា កាលពីមួយរយៈការចិញ្ចឹមសត្វបានលើសពីតម្រូវការ ក្រោយជួបព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ភ្លាមៗ ប៉ុន្តែ​ក្រោយ​​​​មកតម្រូវការក៏ឃើញ ថា កើនឡើងវិញនៅពេលបិទខ្ទប់ និងរហូតមកដល់ពេលនេះ ក៏នៅតែមានតម្រូវការ ជាក់​ស្ដែង​ទីផ្សារ​​ជ្រូកនៅក្នុងប្រទេសកម្ពុជាឃើញថា កសិករ និងក្រុមហ៊ុនចិញ្ចឹ​មជ្រូកក្នុងអា​ចផ្គត់ផ្គង់​បាន ៨៥ ​ភាគរយ ​ទៅហើយ​នៅ​ក្នុង​វិបត្តិនេះ និងមានការនាំចូលពីខាងក្រៅ តិចតួចបំផុតមក​បំពេញតម្រូវការ ។ លោកថា ៖ «មិនយូរទេ កសិករ​ និងក្រុម​ហ៊ុន​ចិញ្ចឹម​ជ្រូក​​នឹងអាចផ្គត់ផ្គង់បានទាំងស្រុងនៅលើទីផ្សារកម្ពុជា បើសិនជារដ្ឋាភិបាលទ​ប់ស្កាត់​ការហូរ​ចូលជ្រូកខុស​ច្បាប់ពីប្រទេស​ជិត​ដែលអាចយកមកចម្លងជ្រូកក្នុងស្រុក ខណៈប្រទេសជិតខាងកំពុងតែផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ» ។

លោក ពៅ បន្តទៀតថា បច្ចុប្បន្ននេះ បើសិនជាកម្ពុជាមិននាំចូលជ្រូកក៏សឹងតែអាចផ្គង់ផ្គង់គ្រប់ ឬមិនខ្វះសាច់ហូបដែរ ខណៈ​ត្រី​ក៏សម្បូរសាច់មាន់ សាច់ទាក៏សម្បូរ ដូច្នេះយើងអាចយកផ្សេងមកជំនួសជ្រូកក៏បានដែរ តែដើម្បីឱ្យ​បង្គ្រប់​ទៅ​តាម​តម្រូវ​ការ​យើងក៏​បាននាំចូលពីប្រទេសជិតខាងតិចតួចបំផុត ។

លោកបន្ថែមថា តម្លៃសាច់សត្វនាពេលនេះ គឺមានភាពល្អ អាចទទួលយកបានទាំងអ្នកបរិភោគ និងអ្នកចិញ្ចឹម ដូច្នេះ​ហើយ​ទើប​ធ្វើឱ្យអ្នកចិ​ញ្ចឹមបន្តចិញ្ចឹមសត្វដោយក្ដីរំពឹង និងអាចផ្គត់ផ្គង់ដល់ជីវភាពគ្រួសារបានស្រួលនៅក្នុងវិបត្តិកូវីដ ១៩ នេះ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាដែលបាត់បង់ការងារ និងទើប​ត្រលប់​មកពីប្រទេសថៃវិញ សូមឱ្យចាប់យកវិស័យកសិកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ពីព្រោះ​ក្នុង​បរិបទ​កូវីដ ​១៩ នេះ អ្វីៗអាចបាត់បង់តម្រូវការ ប៉ុន្តែរបស់ហូបចុកមិនថមថយទេ គឺតម្រូវការនៅតែមាន មិនថា​តែនៅកម្ពុជា ​ឬប្រទេស​ណា​នោះ​ឡើយ ដូច្នេះ​នៅពេ​លដែលយើ​ងមានស្បៀង​យើង​អាច​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ផងហើយនឹងអាច​នាំចេញទៅ​កាន់ទីផ្សារ​អន្តរជាតិ​បានផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងទៅក៏បានបញ្ជាក់ថា ការនាំចូលកសិផល​ពីខា​ងក្រៅប្រទេសនាពេលនេះ គឺដើម្បីបំពេញតម្រូវការប៉ុណ្ណោះ ដូចជាការនាំចូលត្រី ការនាំចូលសត្វជ្រូក និងមាន់ទាជាដើម ។ បច្ចុប្បន្នកម្ពុជាក៏បាននាំចេញផលិតផលកសិកម្មជាច្រើនទៅកាន់ទីផ្សារអន្តរជាតិផងដែរ ក្នុងវិបត្តិកូវីដ ១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ