រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហាងលក់ស្រាក្រឡុកមួយកន្លែងបើកលក់ ទទួលភ្ញៀវមួយយប់ទល់ភ្លឺ ហើយចូលផឹកស៊ីបានដោយសេរី ស្រាប់តែនៅវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក៏មានក្រុមយុវវ័យ មានទាំងប្រុស មានទាំងស្រីចំនួន២ក្រុម ដោយម្ខាងៗជាង១០នាក់ សរុបប្រមាណជាង៣០នាក់ បាននាំគ្នាចូលផឹកស៊ីសប្បាយអឺងកង ប៉ុន្តែនៅទីបំផុតក៏កើតជាទំនាស់សម្តី រហូតឈានដល់ប្រើកៅអីជ័រ ស្បែកជើង វាយប្រតាយប្រតប់គ្នាយ៉ាងអាណាធិបតេយ្យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ និងមហាជនរឹតតែទ្រូង មិនដឹងថា តើកូនចៅអស់លោកណានោះទេ? មកសាកកណ្តាប់ដៃគ្នាលើសង្វៀន នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ជូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងលក់ស្រាក្រឡុក គ្រឿងស្រវឹង បន្តឲ្យភ្ញៀវ ជាពិសេសក្រុមយុវវ័យចូលផឹកស៊ីដោយសេរី ទោះជាជាសាលារាជធានីភ្នំពេញ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរ អាជីវកម្ម ផឹកស៊ី គ្រឿងស្រឹង ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក៏ដោយ តែផ្អុយទៅវិញ ទីតាំងហាងលក់ស្រាក្រឡុកខាងលើ ដែលស្ថិតនៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យនេះ នៅតែឃើញបើកលក់ រហូតដល់កើតមានបញ្ហាបង្កអសន្តិសុខ ផឹកស៊ីវាយតប់គ្នា បណ្តាលឲ្យមានអ្នករងរបួស បាត់បង់សម្ភារៈ លុយកាក់ជាដើម ។

ពលរដ្ឋបានបន្តទៀតថា មុនកើតហេតុ គេឃើញយុវវ័យ២ក្រុម មានប្រុស មានស្រី ប្រមាណជាង៣០នាក់ ចូលផឹកស៊ីនៅកន្លែងលក់ស្រាក្រឡុកខាងលើ ស្រាប់តែមួយសន្ទុះក្រោយមក ក៏កើតទំនាស់សម្តីគ្នារវាងនារីនឹងនារី ឈានដល់ម្ខាងជះស្រាដាក់លើក្រុមម្ខាងទៀត និងរហូតដល់ប្រើកម្លាំងបាយ ប្រដាប់ដោយស្បែកជើង កៅអីជ័រ វាយប្រយុទ្ធគ្នាទៅវិញទៅមក ផ្អើលអស់អ្នកដំណើរ មហាជនរឹតតែទ្រូង មិនដឹងថាជាកូនចៅអស់លោកណា សុទ្ធតែយុវវ័យមកវាយតប់គ្នាបែបនេះ ។
បាតុភាពទំនាស់ហិ.ង្សារបស់ក្រុមយុវវ័យ២ក្រុមខាងលើនេះ ត្រូវបាននគរបាលចុះទៅអន្តរាគមន៍ ហើយក៏ឃាត់ហៅក្រុមនារីៗទាំង២ក្រុម ទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ចំណែកក្រុមយុវជនវិញ ក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ផងដែរ ៕


ចែករំលែកព័តមាននេះ