ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​១៩ ក្នុង​ផ្សារ​ច្បារ​អំពៅ រក​ឃើញអ្នក​វិជ្ជមានកូវីដ​ ជិត២០​នាក់ ក្នុង​រយៈ​ពេល​២​ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អា​ជីករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ច្បារ​អំពៅ ១៧​នាក់​ត្រ​វ​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ក្រុម​អា​ជីករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ច្បារ​អំពៅ ១៧​នាក់​ត្រ​វ​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក បន្ទាប់​ពី​ដំបូង​ឡើយ​បាន​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​លើ​ក្រុម​សន្តិសុខ​ផ្សារ​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែ​ឆ្នាំ​ដដែល ។

គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រុម​អាជីវករ​បាន​នាំ​គ្នា​បន្ត​ទៅ​យក​សំណាក​ជា​បន្តបន្ទាប់ នៅ​ក្នុង​បរិ​វេន​សាលា​បឋម​សិក្សា​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។ ហើយ​ថ្ងៃនេះ គឺជា​ការ​ចុះ​យក​សំណាក​លើក​ទី​៣ ហើយ​សម្រាប់​ក្រុម​អាជីវករ​ផ្សារ​ច្បារ​អំពៅ ។

លោក​គ្រី ហ៊ុ​ច អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ច្បារ​អំពៅ​បាន​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​អោយ​ដឹង​ថា ៖ ដំបូង​ឡើយ​ក្រុម​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទាំងអស់​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ក្រោយមក​លទ្ធិ​ផល​បញ្ជាក់​ថា ក្រុម​សន្តិសុខ​ផ្សារ​៣​នាក់ មាន​វិជ្ជមាន ។

បន្ទាប់​ពី​មាន​វិជ្ជមាន​ហើយ​នោះ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ សូម​រុះ​រាន់​ទៅ​យក​សំណាក​អោយ​បាន​គ្រប់​ៗ​គ្នា​ជៀសវៀង​មានការ​ចម្លង​កាន់តែ​ខ្ពស់ ។ បន្ទាប់​ពី​មានការ​ណែនាំ​ពី​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រួច​មក​ក្រុម​បងប្អូន អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ បាន​នាំ​គ្នា​ទៅ​យក​សំណាក​ជា​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដដែល​ក៏​លទ្ធិ​ផល នៃ​ការ​តេស្ត​សំណាក​បញ្ជាក់​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១៧​នាក់ ក្នុង​នោះ​១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ ។

លោក​គ្រី ហ៊ុ​ច បាន​បន្ត​ប្រាប់​អោយ​ដឹង​ថា តូច​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទាំងអស់​មាន​សរុប​១៤៤៧​តូប ហើយ​នៅ​ខាងក្រៅ​ផ្សារ​មាន​ជាង​៣០០​តូប ប៉ុន្តែ​ចាប់​គិត​តាំងពី​មានការ​បើក​អោយ​ដំណើរការ​ផ្សារ​វិញ​មក ឃើញ​ថា ការ​លក់ដូរ​មិន​មាន​ណែនណាន់តាន់តាប់​ដូច​មុន​នោះ ពោល​ទាំង​ក្នុង​ទាំង​ក្រៅ មាន​ត្រឹម​៥០​ភាគរយ នៃ​ការ​លក់​ប៉ុណ្ណោះ ។ ហើយ​ចំនួន​៥០​ភាគរយ​នៃ​តូប​ដែល​លក់​ទាំង​ក្នុង និង​ក្រៅ​នោះ គឺ​មាន​ចំនួន​មនុស្ស​សរុប​ប្រមាណ​ជិត​៥០០​នាក់ ។

ហើយ​បច្ចុប្បន្ន អាជីវក​រទាំង​៥០០​នាក់ កំពុង​នាំ​គ្នា​ទៅ​យក​សំណាក​ដើម្បី​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ នៅ​ក្នុង​សាលា​បឋម​សិក្សា​ច្បារ​អំពៅ ។

លោក​អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បាន​បញ្ជាក់​ជាមួយ​កោះសន្តិភាព​ថា ៖ តាំងពី​មានការ​សម្រេច​អនុញ្ញាត្តិ​អោយ​ផ្សារ​ដំណើរ​អោយ​បងប្អូន​អាជីវករ​លក់ដូរ​វិញ​មក សម្រាប់​អាជីវករ​ដែល​មាន​កម្រិតជីវភាព​ធូរធារ គេ​មិន​មក​លក់​ឡើយ ដោយ​ទុក​តូប​ចាក់សោរ​ចោល ព្រោះ​ខ្លាច​មានការ​ឆ្លង​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ ដោយឡែក​អាជីវករ​ដែល​បន្ត​មក​លក់ គឺ​ភាគច្រើន​ជា​អ្នកមាន​កម្រិតជីវភាព​មធ្យម ឬ​ធម្មតា ហើយ​ពិសេស​នោះ គឺ​អាជីវករ​ខ្លះ​មាន​ម៉ូយ​ទិញ​អ៊ី​វ៉ា​ន់​ច្រើន​ក៏​សម្រេច​មក​លក់​នឹង​គេ​នឹង​ឯង​តែ​ម្តង ។

លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​លក់ដូរ​នោះ គណៈ​គ្រប់គ្រង​ផ្សារ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​ជាមួយនឹង​វិធានការ​សុខាភិបាល​មាន​ទាំង​ការ​តម្រូវ​អោយ​អាជីវករ និង​ពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ម្ហូបអាហារ និង​អ៊ី​វ៉ា​ន់​ត្រូវ​ពាក់​ម៉ាស់ , ត្រូវ​បន្ត​រក្សា​គម្លាត​សុវត្ថិភាព , បូក​ជាមួយ​ការ​ដាក់​អាកុល​សម្រាប់​បាញ់ និង​ម៉ាស៊ីន​វាស់​កម្តៅ​ជាដើម ហើយ​អ្វី​ដែល​សំខាន់​ជាង​នោះ គឺ​៣​កុំ ៣​ការពារ​របស់​សម្តេច​តេ​ជោ ប្រមុខ​ថ្នាក់ដឹកនាំ នៃ​កម្ពុជា​ដោយ​អនុវត្ត​មិន​មានការ​ថ្លោះ​ថ្លោ​យ​ឡើយ ប៉ុន្តែ​ករណី​ដែល​កកើត​មាន​នោះ គឺជា​កតា្ត​ធ្វេសប្រហែស​ដោយ​បុគ្គល មិន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទើប​បង្ក​អោយ​មានការ​កកើត​មាន​ឡើង ហើយ​ក៏​បន្ត​ចម្លង​ពី​គ្នា​ទៅ​គ្នា ។

សូម​បញ្ជាក់ ដំណើរការ នៃ​ការ​តេស្ត​សំណាក​លើ​ក្រុម​អាជីវករ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ កំពុង​បន្ត ប៉ុន្តែ​មិន​ទាន់​មាន​តួលេខ ឬ​លទ្ធិ​ផល​បញ្ជាក់​អំពី​ការ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩​ទៀត​នៅឡើយ​នោះ​ទេ ។

ទន្ទឹម​នឹង​នោះ​ដែរ គិត​ត្រឹម​ព្រឹក​ថ្ងៃខែ​ដដែល​ផ្សារ​មិន​មានការ​បិទ​ឡើ យ គឺ​នៅ​បន្ត​មានការ​អនុញ្ញាត្តិ​អោយ​លក់ដូរ​ទាំង​ក្នុង និង​ក្រៅ​ធម្មតា ប៉ុន្តែ​មិន​មាន​អាជីវករ​លក់ដូរ​ច្រើន ពិសេស​ពលរដ្ឋ​ដែល​ទៅ​ទិញ​ម្ហូបអាហារ និង​អ៊ី​វ៉ា​ន់​ផ្សេង​ៗ ក៏​មិន​មាន​ច្រើន​ឡើយ​ពោល​អាច​និយាយ​បាន​ថា ត្រឹម​កម្រិត​២៥​ភាគរយ​នៃ​១០០​ភាគរយ​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ