ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈលើ​ទឹកដី​កម្ពុជា មិន​ខ្វល់​ប្រតិកម្ម​សៀម

13 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​សាងសង់​ក្នុង​ទឹកដី​របស់​កម្ពុជា មានអាយុ​ជាង​១២​ឆ្នាំ​មក​ហើយ និង​ជិត​២​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០០៨ មក​ទល់​ពេល​នេះ​ត្រូវ​បាន​ទាហានសៀម​ចូល​មក​លុកលុយ​ដោយ​អះអាង​ថា ជាទឹកដី​របស់​សៀម​ក្នុង​ទំហំ​៤,៦​គីឡូ​ម៉ែត្រការ៉េ តាម​ផែនទី​ឯកតោភាគី​របស់​ខ្លួន ។ពេល​នេះបរិស្ថាន​នៅ​ក្នុង​បរិវេណ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ របស់​ខ្មែរ គេ​បាន​សង្កេត​ឃើញ​២៤​ម៉ោង​លើ២៤​ម៉ោង គ្មាន​អ្វី

ខេត្ដព្រះវិហារ ៖ វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​សាងសង់​ក្នុង​ទឹកដី​របស់​កម្ពុជា មានអាយុ​ជាង​១២​ឆ្នាំ​មក​ហើយ និង​ជិត​២​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០០៨ មក​ទល់​ពេល​នេះ​ត្រូវ​បាន​ទាហានសៀម​ចូល​មក​លុកលុយ​ដោយ​អះអាង​ថា ជាទឹកដី​របស់​សៀម​ក្នុង​ទំហំ​៤,៦​គីឡូ​ម៉ែត្រការ៉េ តាម​ផែនទី​ឯកតោភាគី​របស់​ខ្លួន ។ពេល​នេះបរិស្ថាន​នៅ​ក្នុង​បរិវេណ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ របស់​ខ្មែរ គេ​បាន​សង្កេត​ឃើញ​២៤​ម៉ោង​លើ២៤​ម៉ោង គ្មាន​អ្វី​ក្រៅពី​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​កម្ពុជា ដែល​បាន​បោះទីតាំង​ជុំវិញ​ក្នុង​បរិវេណ​វត្ដ ដើម្បី​ទប់ស្កាត់មហិច្ឆតា​ឈ្លានពាន​ពី​សំណាក់​ទាហាន​សៀម​ជា​ថ្មី​ទៀត​ទេ ។ រីឯ​កុដិ និង​ព្រះសង្ឃ​ដែល​គង់ក្នុង​វត្ដ​វិញ​នោះ ស្ទើរតែ​គ្រប់​កុដិ​គេ​សង្កេតឃើញ​មាន​រណ្ដៅ​ជា​លេណដ្ឋាន​សំរាប់​សុវត្ថិភាព​ដល់​ព្រះសង្ឃ និង​តាជីយាយជី​ដែល​នៅក្នុង​វត្ដ ។

ជុំវិញ​ការ​រំលោភ​ឈ្លានពាន​មក​លើ​បរិវេ​ណ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ក្នុង​ទឹកដី​របស់​ខ្មែរ​ពី​សំណាក់​ទាហាន​សៀម​នោះ ព្រះ​តេជគុណ ខាន់ យ៉ុ​ន ជា​ចៅអធិការ​វត្ដ បាន​មាន​ថេរ​ដីកា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ឱ្យ​កោះសន្ដិភាព បានដឹង​ពី​ស្ថានភាព​គង់ និង​រស់នៅ​របស់​ព្រះសង្ឃ ព្រមទាំង​តាជីយាយជី​ក្នុង​វត្ដថា ជិត​២ឆ្នាំ​មក​ហើយ​ដែល​ព្រះសង្ឃ​គង់​ក្នុង​វត្ដ​មិនសូវ​បាន​សុខ​ស្រួល​ទេ តែងតែ​ទទួល​រង​ការ​ហាមប្រាម​មិន​ឱ្យធ្វើ​ការ​សាងសង់ ឬ​ក៏​ជួសជុល​ទី អារាម ហើយ​ព្រះសង្ឃ​តែងតែមាន​ព្រះ​ទ័យ ខឹង​ទៅ​នឹង​មហិច្ឆតា​របស់​សៀម ។ ជាក់ស្ដែងដូច​ជា​ពេល​កន្លង​ទៅ​ព្រះសង្ឃ​ជួសជុល​កុដិ​, បន្ទប់ទឹក​, បន្ទប់​អនាម័យ​នៅ​ក្នុង​បរិវេណ​វត្ដកែវ​សិក្ខា​គិរី​ស្វា​រៈ​នៅ​ក្នុង​ទឹកដី​របស់​ខ្មែរសំរាប់​ប្រើប្រាស់​របស់​ព្រះសង្ឃ និង​ពុទ្ធ​បរិស័​ទ​ដែល​ទៅ​ពី​ទី​ជិត​ទី​ឆ្ងាយ ត្រូវ​ក្រុម​ទាហានសៀម​ហាម​មិន​ឱ្យ​ដំណើរការ​ជួសជុល​ទេ​ដោយ​ពួក​គេ​និយាយ​ថា ដី​បរិវេណ​វត្ដ​នេះ​មិន​ឥ​ទាន់ដឹង​ថា​ជា​ដី​អ្នក​ណា​ទេ រង់ចាំ​ដោះស្រាយ​សិន​។

ព្រះ​អង្គ​បន្ដ​ថា ទោះបីជា​បែប​ណា​ក្ដី ការហាមឃាត់​នោះ​បាន​បង្ហាញ​ច្បាស់​ថា ពួកសៀម​បាន​ចាត់​ទុក​ថា​ទីវ​ត្ដ​ជា​ទឹកដី​របស់​ខ្លួន​។ កន្លង​ទៅ​ទោះបីជា​មានការ​ហាមឃាត់​ពីសំណាក់​សៀម​ក៏​ដោយក៏​ព្រះ​អង្គ​ប្រកាន់ច្បាស់លាស់​ពី​បញ្ហា​អធិបតេយ្យភាព​កម្ពុជា គឺ​វត្ដ​នេះ​ត្រូវ​បានសាងសង់​ឡើង​ក្នុង​ទឹកដីកម្ពុជា ។ ដូច្នេះ​ព្រះ​អង្គ​បាន​សំរេច​ដំណើរការជួសជុល​ឱ្យ​ខាង​តែ​បាន ដោយ​មិន​ស្ដាប់​ការហាមឃាត់​របស់​សៀម​ឈ្លា​ម​ពាន​ឡើយ ។ព្រះ​តេជគុណ​ចៅអធិការ​វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈ បាន​រំលឹក​ក្នុង​ការ​ដែល​ព្រះ​អង្គ​បានសាងសង់​បន្ទប់​អនាម័យ​មួយ​នៅ​ក្នុង​បរិវេណ​វត្ដ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០០៩ ត្រូវប្រឈម​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​ការ​មិន​អនុញ្ញាត​ពី​មេទ័ព​សៀម តែ​ព្រះ​អង្គ​បាន​សំរេច​ព្រះទ័យ​ថា បើ​ទោះជា​មាន​បំរាម​យ៉ាង​ដាច់ខាត​ពីមេទ័ព​សៀម​បែប​ណា​ក្ដីក៏​ត្រូវ​តែ​ធ្វើ​ឱ្យ​រួចរាល់​ដើម្បី​បាន​ប្រើប្រាស់​នៅ​ក្នុង​ទី​អារាម​។

រហូត​មក​ដល់​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០០៩ ដោយសារ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​គង់នៅរបស់​ព្រះសង្ឃ​ខ្លាំង​ពេកព្រះ​អង្គ​បាន​សំរេច​រុះរើ​កុដិ​ចាស់ ដែល​មាន​ទំហំ​តូច និង​មាន​សភាពទ្រុឌទ្រោម​ផង​នោះ​សង់​ជា​ថ្មី​ក្នុង​ទំហំ​៦,៥ ម៉ែត្រ គុណ​៩​ម៉ែត្រ ដោយ​មានការ​ឧបត្ថម្ភដ៏​ថ្លៃថ្លា​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​បណ្ដា​នាយទាហាន ពលទាហាន​ដែល​កំពុង​ឈរជើង​ការពារ​បូ​រណភាព​ទឹកដី​នៅ​តំបន់​ប្រាសាទព្រះវិហារ និងអាជ្ញាធរ​ដែនដីដែល​មាន​លោក​ស ថា​វី អភិបាលរង​ខេត្ដ ព្រមទាំង​សប្បុរសជន​ជាច្រើនទាំង​ក្នុង និង​ក្រៅប្រទេស ។ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​រំលឹក​ថា ពេល នោះ​ទទួល​រង​ការ​ហាមឃាត់​ពី​មេទ័ព​សៀម​យ៉ាង​ដាច់ខាត​ឱ្យ​ព្រះ​អង្គ​បញ្ឈប់​ការ​សាងសង់​កុដិ​ថ្មី​ម្ដងទៀត ដោយ​ពួក​សៀម​នៅ​ប្រើពាក្យ​ដដែល​ឥត​អៀនខ្មាស​ថា ទីវ​ត្ដ​កែវ​សិក្ខាគិរី​ស្វា​រៈ គឺជា​ចំណែក​ដី​៤,៦​គីឡូ​ម៉ែត្រការ៉េ មិន​អនុញ្ញាត​ឱ្យ​ភាគី​ណា​សាងសង់​អ្វី​បាន​ទេ ប៉ុន្ដែ​សៀម​មិន​អាច​ប្រើ​ភាសា​បែប​នេះ​ហាមព្រះ​អង្គ​បាន​ឡើយ គឺ​ព្រះ​អង្គ​សំរេច​នាំ​គ្នាសាងសង់​កុដិ​ថ្មី​នៅ​លើ​ទឹកដី​របស់​ខ្មែរ​រហូត​រួចរាល់​បាន​ប្រើប្រាស់​មក​ទល់​ពេល​នេះ ។

ព្រះ​តេជគុណ​ចៅអធិការ​បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ មានកុដិ​តូច​ៗ​ចំនួន​៦ មាន​ព្រះសង្ឃ​គង់នៅ​ចំនួន១៦​អង្គ និង​មាន​សាលាឆាន់​១ និង​សា​ឡុំ​១​។ ពេល​នេះ​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ចង់​កសាងខ្លោងទ្វារវត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ដើម្បី​ជាសំគាល់​សំរាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ដែលចូល​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​របស់​ខ្មែរ ដែល​បច្ចុប្បន្ន​ខ្លោងទ្វារវត្ដ​ដែល​សង់​ឡើង​អំពី​ឈើ​នេះ​ត្រូវ​បាន​ពុក​អស់ហើយ ។ នៅ​ពេលខ្លះ​ភ្លៀវ​ដើរ​កាត់មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ដោយ​មើល​មិនឃើញមិន​បាន​ចាប់អារម្មណ៍ ទៅ​ហួស​មក​ហួស​មិន​បាន​ចូល​អុជ​ធូប​គោរព​បូជា​នៅ​ទី​សក្ការៈ​នេះ​ទេ ។ ម្យ៉ាងទៀត​ការសាងសង់​ខ្លោងទ្វារ គឺ​ដើម្បី​ឱ្យ​ភ្ញៀវ​ទាំងអស់បាន​ស្គាល់​ពី​ប្រវត្ដិ​នៃ​ការ​កសាង​វត្ដ​របស់​ខ្មែរ នៅ​លើ​ទឹកដី​របស់​ខ្មែរ ព្រោះ​កន្លង​ទៅ​ភ្ញៀវខ្លះ​បាន​ចូល​ទៅ​ឃើញ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​ដ៏​ល្បីល្បាញប៉ុន្ដែ​ដោយឡែក​វត្ដ​កែវសិក្ខា​គិរី​ស្វា​រៈ​ដែល​សង់​នៅ​លើ​ដី​ខ្មែរ​ក្បែរប្រាសាទ​ចំងាយ​ជាង​មួយ​រយ​ម៉ែត្រ គឺ​គេ​ពុំ បាន​មើលឃើញ​ទេដោយ​ពុំ​មាន​ខ្លោងទ្វារវត្ដជា​សំគាល់ ។

ជុំវិញ​ការ​ចោទប្រកាន់​ពី​សំណាក់​ក្រុម​មេដឹកនាំ​សៀម​ដ៏​លេលា​ថា វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈ​មិនមែន​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​នេះ នៅ​រសៀល​ថ្ងៃ​ទី​៧ ឧសភា លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ជា តារា អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការ​ឯកភាព​សមរភូមិ​ជួរ​មុខ​ទិសយោធភូមិ​ភាគ​ទី​៤ បាន​មាន​ប្រសាសន៍បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព នៅ​លើ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​ថា ជុំវិញការ​ដាក់​បញ្ហា​ជា​ច្រើន​ពី​សំណាក់​សៀម​ឈ្លា​នពាន​ទៅ​លើ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​បានសង់​ឡើង​ក្នុង​ទឹកដី​របស់​កម្ពុជា​នោះ គឺ​មេ​ដឹកនាំ​សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ​មិន​គួរ​បង្កើតឡើង​នូវ​ភាព​អមិត្ដ​រវាង​ប្រទេស​ជាប់​ភូមិ​ផងរបង​តែ​មួយ​ឡើយ។ ចំពោះ​ផែនទី​ដែលបង្ហាញ​ពី​ខ្សែបន្ទាត់​ព្រំដែន​ជាប់​គ្នា​រវាងប្រទេស​ទាំង​២ គឺ​កម្ពុជា​-​សៀម គេ​បានទទួលស្គាល់​ជា​អន្ដរជាតិ​លើ​ខ្សែបន្ទាត់​ផែនទី អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញាឆ្នាំ​១៩០៧​រួច ទៅ​ហើយ ។

ចំពោះកម្ពុជា​វិញ​មិន​ដែល​ទទួលស្គាល់​ថា​មាន​ដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រការ៉េ​ដូចដែល​មេដឹកនាំ​សៀម​បាន​បំ​ផ្លោង​ពាក្យ​ដូច​ផ្គរលាន់​នោះ​ទេ ព្រោះនៅ​លើ​ចំណុច​៤,៦​គីឡូ​ម៉ែត្រការ៉េ ដែល​មេដឹកនាំ​សៀម​ដ៏​លេលា​តែងតែ​ប្រើ​ពាក្យ​ឥត អៀនខ្មាស​ថា​ជា​ទឹកដី​របស់​ពួក​គេ​នោះ វា​ជាយូរយារ​ណាស់​មក​ហើយ​ដែល​ទឹកដី​ទាំង​អស់នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាក់ស្ដែង​តំបន់​ទាំងអស់ដែល​កងកម្លាំង​កម្ពុជា​បាន​និង​កំពុង​ឈរ​យ៉ាង​រឹង​មាំ​នៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ប្រាសាទព្រះ​វិហារ​របស់​ខ្មែរ គឺ​មាន​ជា​ប្រចាំ​តាំងពី​មុនចុះ​អនុស្សរណៈ (MOU) មក​ម្ល៉េះ ។ដូច្នេះជុំវិញ​ការ​បង្កើត​បញ្ហា​ដូចដែល​សៀម​តែងតែបាន​និយាយ​ថាវ​ត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​របស់​ខ្មែរ បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ចំណុច​៤,៦​គីឡូ​ម៉ែត្រការ៉េ​របស់​សៀម​នោះ គឺជា​អំពើ​ដ៏​ឥត​អៀនខ្មាស​របស់​មេដឹកនាំ​សៀម​តែ​ប៉ុណ្ណោះ​។

លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ជា តារា បាន​មាន​ប្រសាសន៍​រំលឹក​ថា វត្ដ​កែវសិក្ខា​គិរី​ស្វា​រៈ បាន​សង់​ឡើង​តាំងពី​អំឡុង​ឆ្នាំ១៩៩៨ បន្ទាប់​ពី​កងកម្លាំង​ខ្មែរក្រហម​បាន​ធ្វើសមាហរណកម្ម​ចូល​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្ដេច​តេ​ជោ​នាយ​ឧត្ដមសេនីយ៍​ផុត​លេខផ្កាយ​មាស​៥ ហ៊ុន សែន ។ វត្ដ​របស់​ខ្មែរ​មួយនេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​កសាង​ឡើងទុក​គ្រាន់​ប្រារឰ​ពិធីបុណ្យ​ប្រពៃណី​តាម​គន្លងព្រះពុទ្ធ​សាសនា និង​ព្រមទាំង​បាន​ទទួល​ការជួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទាំង​សំភារថវិកា និង​មធ្យោបាយ​សំរាប់​ផ្គត់ផ្គង់​ជា​ច្រើន​ទៀត​ផង ។ លោកនាយ​ឧត្ដមសេនីយ៍ ជា តារា បាន បញ្ជាក់​ថា ពេល​ថ្មី​ៗ​នេះ​ក្រុម​ជន​វង្វេង​ប្រវត្ដិសាស្ដ្រ​សៀម​ញុះញង់​ឱ្យ​ក្រុម​បាតុករ​ជ្រុលនិយម​អាវ​លឿង​លើកគ្នា​រាប់​ពាន់​នាក់​បំរុងចូល​ទៅ​ដក​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ​ក្នុង តំបន់​ប្រាសាទ​តា​មាន់នៅ​ថ្ងៃ​ទី​១, ២ និង​ទី​៣ ឧសភា ដោយ​ចោទ​ថា ការ​ព្រមព្រៀង​គ្នារវាង​កម្ពុជា​-​សៀម​ក្នុង​ការ​បោះបង្គោល​កាលពី​ពេល​មុន​នោះ​មិន​ត្រឹមត្រូវ​ទៅ​វិញ ។តាមពិតតែ​វា​ជា​ការ​ប៉ុនប៉ង​ក្នុង​មហិច្ឆតា​ដ៏​ខ្មៅងងឹត​របស់​មេដឹកនាំ​សៀម និង​ក្រុម​ជ្រុលនិយម​អាវ​លឿង​សៀម​ដែល​តែងតែ​ព្រូសប៉ុណ្ណោះ ។

ទី​បញ្ចប់​ពួក​គេ​បរាជ័យ​យ៉ាង អាម៉ាស់​គឺ​មិន​ហ៊ាន​ចូល​មក​ដក​ទេ ដោយសារតែ​កម្ពុជា​មាន​ភាពរឹងមាំ​ខាង​យោធា ហើយភាគី​កម្ពុជា​បាន​កំណត់​ជា​ស្រេច​នូវ​លក្ខខណ្ឌ មួយបើ​ក្រុម​បាតុករ​ជ្រុលនិយម​អាវ​លឿងសៀម​ហ៊ាន​រត់​កាត់មុខ​កាណុង​១២,៧​មី​ល្លី ម៉ែត្រ​ទើប​ថា​ក្រុម​នោះ​វា​គ្រាន់តែ​ពួក​ជ្រុលនិយម​សៀម​ទាំង​អស់នោះ​ពិតជា​មិន​ហ៊ានប្រថុយ​ស្បែក​ឡើយ ។លោ​នាយ​ឧត្ដមសេនីយ៍ ជា តារា បានរំលឹក​បន្ដ​ថា យើង​បានដឹង​ហើយ​ថា មេដឹកនាំសៀម​ធ្លាប់​បានឱ្យ​ក្រុម​ជ្រុលនិយម​អាវ​លឿង​កាលពី​ចុងឆ្នាំ​មុន​ម្ដង​មក​ហើយ​ចូល​ទៅ​លើក​ទង់ជាតិ​សៀម​នៅ​ក្បែរ​ផ្ទះ​ក្រហម ហើយស្រែករ​ឡេ​រឡូ​ទាំង​ឥត​អៀនខ្មាស​នៅ​មុខប្រាសាទព្រះវិហារ​របស់​ខ្មែរ​ឱ្យ​កងទ័ព​ខ្មែរប្រញាប់​ចាកចេញ​ពីលើ​ប្រាសាទព្រះវិហារ និង​ប្រញាប់​ចាកចេញ​ពីលើ​ចំណុច​ដី​៤,៦​គីឡូ ម៉ែត្រការ៉េ ដែល​ពួក​គេ​ថា​ជា​ដី​របស់​ពួក​គេប៉ុន្ដែ​ទី​បញ្ចប់​ក្រុម​បាតុករ​អាវ​លឿង​មិន​ហ៊ាន​ទាំង​ចូល​មក​ដល់​ចំណុច​ស​នៅ​មុខ​ប្រាសាទព្រះ​វិហារ​របស់​ខ្មែរ​ដែល​ពួក​គេ​បាន​កំណត់នោះ​ឡើយ ព្រោះ​នៅ​ទល់មុខ​ចំណុច​នោះពោរពេញ​ទៅ​ដោយ​កងកំលាំង​អ្នក​ស្នេហាជាតិខ្មែរ​ដែល​បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវបញ្ជា​ដ៏​មាន​ប្រសិទ្ធភាព​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សេន ថាសូ​ម្បីតែ​ដី​១​មី​ល្លី​ម៉ែត្រ​ក៏​មិន​ឱ្យ​បាត់បង់​បានឡើយ​។

កន្លង​មក​ក្រុម​ជ្រុលនិយម​សៀមតែងតែ​បញ្ឈប់​ការ​ហែ​ក្បួន​មក​ក្បែរ​ប្រាសាទព្រះវិហារ​របស់​ខ្មែរដោយសារ​តែ​ប្រជាជនថៃ​នៅ​តាម​ព្រំដែន​មិន​ពេញចិត្ដ​នឹង​ការ​បង្កអ​ស្ថិរភាព​តាម​ព្រំដែន​រហូត​ពួក​គេ​បាន​ស្ទាក់វាយប្រហារ​ទៅ​លើ​ពួក​ជ្រុលនិយម ធ្វើ​ឱ្យរបួស និង​ស្លាប់​ទៀត​ផង ។ វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ ហៅ​វត្ដ​ប្រាសាទព្រះ​វិហារ បើ​ទោះជា​មេដឹកនាំ​សៀម​ដ៏​លេលា បាន​និង​កំពុង​បំ​ផ្លោង​ពាក្យ​ដ៏​ឥត​អៀនខ្មាស​ថា វត្ដ​របស់​ខ្មែរ​មួយ​នេះ​បាន​សង់​នៅ​លើ​ដី​ចំណុច​៤,៦​គីឡូ​ម៉ែត្រការ៉េ​ក៏​ដោយ ក៏​កម្ពុជា​វិញនៅ​តែ​គោរព និង​រក្សា​អធិបតេយ្យភាព​របស់ខ្លួន​ជា​និច្ច ។ កម្ពុជា​ពេល​នេះ​មិន​ញញើត​ក្នុងការ​ប្រឈម​មុខការ​ពារ​អធិបតេយ្យភាពរបស់​ខ្លួន​ទេ ។ ចំណុច​ទំហំ​ដី​៤,៦​គីឡូម៉ែត្រកា​រ៉េ ដែល​មេដឹកនាំ​សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ បាន​គូសវាស​តែ​ម្នាក់ឯង មិន​មាន​អន្ដរជាតិទទួលស្គាល់​នោះ គឺ​ស្ថិត​នៅ​លើ​ចំណុច​វាលឥន្ទ្រី ភ្នំ​ទ្រព្យ ៥​មក​រា វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង​សំបុក​ឃ្មុំ បច្ចុប្បន្ន​គឺ​ស្ថិត​ក្នុង​ការ​ឈរជើង ការពារ​យ៉ាង​រឹង​មាំ​ពី​សំណាក់​កងកំលាំងកម្ពុជា​ទាំងស្រុង គឺ​មិន​មាន​ទ័ព​សៀម​ណា ម្នាក់​បាន​ឈរជើង​ដូចដែល​ពួក​គេ​មានគំនិត​ឈ្លានពាន​នោះ​ឡើយ ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​ទៅ​ក្រសួង​ការ​បរទេស​ថៃ​ដោយ​បញ្ជាក់​ច្បាស់​ថា វត្ដ​កែវ​សិក្ខា គី​រី​ស្វា​រៈ​ដែល​ស្ថិត​នៅ​ជិត​ប្រាសាទព្រះវិហារ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា យោង​តាម​ផែនទីដងរែក ដែល​គូស​ដោយ​គណៈកម្មការ​បារាំង​- សៀម​ក្នុង​ឆ្នាំ​១៩០៨ ហើយ​ត្រូវ​បាន​ទទួលស្គាល់ និង​ប្រើប្រាស់​ដោយ​តុលាការ​យុត្ដិធម៌ អន្ដរជាតិ​ជា​ផែនទី​“​ឧ​ប​សម្ព័ន្ធ​១” ក្នុង​ការ​កាត់ ក្ដី​នៅ​ឆ្នាំ​១៩៦២​។ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ អនុសញា​ឆ្នាំ​១៩០៨​មក ប្រទេស​ថៃ​បានទទួលស្គាល់​ថា តំបន់​នោះ​ជា​ទឹកដី​របស់កម្ពុជា ហើយ​ក៏​នៅ​តែ​បន្ដ​ទទួលស្គាល់​បែបនេះ​ទៀត បន្ទាប់​ពី​មានការ​កាត់ក្ដី​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​នៅ​ឆ្នាំ​១៩៦២​។ ក៏​ប៉ុន្ដែទើបតែ​ក្រោយ​ពី​ប្រាសាទព្រះវិហារ​ត្រូវ​បានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨ ប៉ុណ្ណោះ​ដែល​ប្រទេស​ថៃ បាន​ទាមទារ​ដោយ​បំពាន​ថា តំបន់​នេះ​ជា​ទឹកដី​របស់​ខ្លួន ។ នា​ពេល​ថ្មី​ៗ​នេះការងារ​ជួសជុល​នៅ​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដែនដី​កម្ពុជា​យ៉ាង​ជាក់ច្បាស់ ។ ហេតុដូច្នេះ​កម្ពុជា​បដិសេធ​ទាំងស្រុង​ជា​ថ្មី​ម្ដងទៀត​នូវ​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​របស់ក្រសួងការបរទេស​ថៃ ។

ជាមួយនឹង​ការ​បង្ហាញ ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ក៏​បាន​ទាមទារ​ឱ្យ​ក្រសួង​ការបរទេស​ថៃ​ពិនិត្យ​មើល​ឯកសារ​ដែល​កម្ពុជា ធ្លាប់​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ​កន្លង​មក​ដើម្បីជា​គតិ មុន​នឹង​ធ្វើការ​ប្រឌិត​រឿង​ដដែល​ៗ​ម្ដង ហើយ​ម្ដងទៀត​។ លិខិត​ចុះ​ថ្ងៃ​ទី​១៩ កក្កដា ២០០៨ (​មាន​ផែនទី​ភ្ជាប់​) របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ លោក​សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វេ​ដ នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​ថៃ និង​កំណត់​ទូត​ជា​ហូរហែ​តាំងពី​ឆ្នាំ​២០០៨​រហូត​ដល់​ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ឡើង​ក្នុង​កំរិត​ស្ថានទូត​ប្រចាំ​ក្រុង​បាងកក និង​ថ្នាក់​ក្រសួងការបរទេស ។ជា​ការ​ពិតការ​ប្រកាន់​ជំហរ​របស់​សៀម​ពី ផ្ទៃដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រការ៉េ​បាន​បង្ហាញ​ថា ពួក​គេ​មិន​ខ្វល់​ពី​ឯកសារ​ស្របច្បាប់​នានា​ដែលកម្ពុជា​បាន​បង្ហាញ​នោះ​ទេ គេ​នៅ​តែ​ប្រកាន់យក​ផែនទី​ឯកតោភាគី​របស់​ខ្លួន​ដដែល​។ ដូច្នេះ​វា​ច្បាស់​ណាស់​ថា រឿងរ៉ាវ​ដែល​ធ្លាប់បាន​ក្ដីក្ដាំ​គ្នា​កាលពី​៤៨​ឆ្នាំ​មុន​នៅ​តុលាការ អន្ដរជាតិ​ចៀស​មិន​ផុត​ទេពី​ការ​សុំ​ទៅ​ឱ្យ តុលាការអន្ដរជាតិ​យក​សាលក្រម​ដែល​ធ្លាប់ បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ឆ្នាំ​១៩៦២ មកធ្វើការ​បកស្រាយ​ឱ្យ​ច្បាស់លាស់​ឡើង​វិញ ។