ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ជ្រក​ក្រោម​ស្លាក​កាហ្វេ​ម្លប់​ជ្រៃ​ក្រុង​បា​វិត

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ប្រមាណ​ជាង​៤០​នាក់ បាន​មក​ពពាក់ពពូន​គ្នា ភ្នាល់​ជល់​មាន់នៅ​ក្នុង​ហាង​កាហ្វេ អត់​យីហោ​មួយ​កន្លែង​នៅ​ចំណុច​ខាងក្រោយ​សាលាសង្កាត់​ច្រក​ម្ទេស ចម្ងាយ​ជាង​១០០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ទួល​អំ​ពឹ​ល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។ បើ​តាម​សមត្ថកិច្ច…

ខេត្តស្វាយរៀង ៖ អ្នក​ញៀន​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ប្រមាណ​ជាង​៤០​នាក់ បាន​មក​ពពាក់ពពូន​គ្នា ភ្នាល់​ជល់​មាន់នៅ​ក្នុង​ហាង​កាហ្វេ អត់​យីហោ​មួយ​កន្លែង​នៅ​ចំណុច​ខាងក្រោយ​សាលាសង្កាត់​ច្រក​ម្ទេស ចម្ងាយ​ជាង​១០០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ទួល​អំ​ពឹ​ល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។ បើ​តាម​សមត្ថកិច្ច នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​កាហ្វេ​លួច​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ឲ្យ​ភ្ញៀវ​ចូល​ភ្នាល់​គ្នា​នេះ​ឈ្មោះ ភិន រ​ដ្ឋា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​កើតហេតុ​ខាងលើ បាន​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ជ្រក​ក្រោម ហាង​កាហ្វេ​។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​ទួល​អំ​ពឹ​ល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

បើ​តាម​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​ម្លប់​ជ្រៃ​នេះ គឺ​បាន​បើក​លេង​យូ​ឆ្នាំ​មក​ហើយ បើ​និយាយ​ឲ្យ​សាមញ្ញ គឺ​ដុស​ស្លែ​ទៅ​ហើយ​។ ប្រភព​បន្ត​ទៀត​ថា ប្តី​របស់​គាត់ គឺ​ញៀន​ល្បែងភ្នាល់​ជល់​មាន់​នេះ​គឺ​រាល់ថ្ងៃ​ឲ្យ​តែ​ម៉ោង​២​រសៀល គឺ​ចេញពីផ្ទះ​ហើយ ដោយ​ប្រាប់​ថា ទៅ​ផឹក​កាហ្វេ ផឹក​កាហ្វេ ចាប់ពី​ម៉ោង​០២​រសៀល​ដល់​ម៉ោង​០៥​ល្ងាច ការ​ពិត​គឺ​ទៅ​លេងល្បែង​ភ្នាល់​ជល់​មាន់នៅ​ក្នុង​ហាង​កាហ្វេ​សោះ​។ ហើយ​ពេល​ណា​ចាញ់ល្បែង​អស់​លុយ គឺ​សួរនាំ​មិន​បាន​ទេ ធ្វើ​មុខយក្ស​រករឿង​ជេរ​បញ្ចោ​ប្រពន្ធ​កូន និង​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​ក៏​មាន​។ បើ​តាម​អ្នក​រស់នៅ​ជិត​ហាង​កាហ្វេ​នោះ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ គឺ​មាន​អ្នក​មក​លេងល្បែង​ម្នាល់​ជល់​មាន់​តាម​អន​ឡាញ​នេះ មិន​តិច​ជាង​៥០​នាក់​ទៅ​៦០​នាក់ ចាក់​ភ្នាល់​គ្នា ហ៊ោ​ក្រេវ​ៗ​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ ឮ​គេ​បង្ហើប​ឲ្យ​ដឹង​ថា មាន​ខ្នង​ធំ​ណាស់ ទើប​គេ​មិន​ខ្លាចញញើត​សមត្ថកិច្ច​អាជ្ញាធរ​បែប​នេះ​។

ទាក់ទិន​ករណី​ខាងលើ លោក ហួត សា​ម័​យ ចៅសង្កាត់​ច្រក​ម្ទេស បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ពិតមែន អាជ្ញាធរ​សង្កាត់​ធ្លាប់​បាន​ឲ្យ​លោក​ចៅសង្កាត់​រង​ទី​២ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា ឈប់​ឲ្យ​បើក​ល្បែងភ្នាល់​ជល់​មាន់​ទៀត និង​មិន​អនុញ្ញាត​ឲ្យ​បើក​ទទួលភ្ញៀវ​ចូល​លេងល្បែង​ភ្នាល់​ឬ​ជួបជុំ​ផឹក​កាហ្វេ​មាន​គ្នា​ច្រើន​ឲ្យ​ចូលរួម​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​រក្សា​គម្លាត ក៏​ប៉ុន្តែ​ជន​ខាងលើ​មិន​គោរព​តាម​ថែម​ទាំង​ផ្គើន បន្ទាប់​មក​លោក​អភិបាលរង​ក្រុង​បា​វិត​មួយ​រូប​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​២ ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទៅ​សហគមន៍ ក៏​ប៉ុន្តែ​ជន​នេះ​ដូច​ជា មិន​គោរព​តាម​កិច្ចសន្យា​សោះ នៅ​តែ​លួច​បើក​ល្បែងភ្នាល់​ជន់​មាន់​តាម​អន​ឡាញ​ដដែល​។

ទាក់ទិន​ករណី​នេះ​ដែរ ឈ្មោះ ភិន រ​ដ្ឋា ម្ចាស់​ហាង​កាហ្វេ បាន​ឲ្យ​ដឹង​ថា ខ្លួន​បើក​លក់​តែ​កាហ្វេ​ទេ ក៏​ប៉ុន្តែ​ភ្ញៀវ​បាន​សុំ​ឲ្យ​បើក​ទូរទស្សន៍​មើល​មាន់​ជល់ ទើប​តម្រូវ​តាម​ភ្ញៀវ ហើយ​ភ្ញៀវ​គេ​ភ្នាល់​គ្នា ដាក់​លុយ​ស៊ីសង​គ្នា​គេ ខ្លួន​មិន​ហ៊ាន​ហាមឃាត់​ទេ​។ ទាក់ទិន​ករណី​នេះ​ដែរ អ្នក​ធ្លាប់​ញៀន​ល្បែងភ្នាល់​ជល់​មាន់​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នកលេង​ធំ គឺ​ចាប់​៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល បើ​អ្នក​ចាក់​ជា​ដុល្លារ​គឺ​ចាប់ពី​៥០​ដុល្លារ​ដល់​១០០​ដុល្លារ​ក្នុង​មួយគូ​ៗ ចំណែក​គាត់​ធ្លាប់​ចាញ់​អស់​ម៉ូតូ​ម្តង​មក​ហើយ​ចាក់​ក្នុង​មួយ​ល្ងាច​នៅ​ហាង​កាហ្វេ​នេះ​។ លោក កើត សា​រ៉េ​ន នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចុះ​ទៅ​អប់រំ​ឲ្យ​ឈប់​បើក​ឲ្យ​ភ្ញៀវ​ចូល​ផឹក​កាហ្វេ​ច្រើន​ជុំ​គ្នា ត្រូវ​រក្សា​គម្លាត បើ​ល្អ​សូម​ឲ្យ​ភ្ញៀវ​ច្រក​យក​ទៅ​ផ្ទះ តែ​ម្ចាស់​ហាង​ខាងលើ​មិន​អនុវត្ត​បែ​លួច​បង្កប់​ល្បែង​ជល់​មាន់​ទៀត លោក​នឹង​សុំ​គោលការណ៍​ទៅ​លោក​ចៅសង្កាត់ និង​លោក​អធិការ​ដើម្បី​មាន​ចំណាត់ការ​។

លោក ហែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ នគ​បាល​ក្រុង​បា​វិត​បាន​មាន​ប្រសាសន៍​ថា ចាំ​លោក​ចាត់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​អប់រំ​ណែនាំ បើ​មិន​គោរព​តាម​ការ​ណែនាំ និង​សេច​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​លោក​នឹង​ចុះ​បង្ក្រាប​តែ​ម្តង​។ លោក​អធិការ​បន្ត​ទៀត​ថា ក្នុង​មួយ​រយៈពេល​នេះ​លោក​មានកា​មមារ​ញឹក​ក្នុង​ការ​ចុះ​ស្រាវជ្រាវ អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ និង​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស​ក័​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ទើប​មាន​អ្នក​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​បែប​នេះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ