ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកគ្រឿងចក្រ រត់បះសក់ ចូលព្រៃបាត់​ស្រមោល ខណ:ពលរដ្ឋ អះអាងថា ឈូសឆាយ​យកដីកម្មសិទ្ធិពួកគាត់ ហើយនាំគ្នាដេញព័ទ្ធ

3 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល៖ កាលព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានឈ្មួញសុច្ចរិតមួយក្រុម បាន​ចុះបាញ់ម៉ាស៊ីនGPS វាស់វែង និងដាក់​គ្រឿង​ចក្រ ត្រាក់ទ័រ ចំនួន…

ខេត្តកណ្តាល៖ កាលព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានឈ្មួញសុច្ចរិតមួយក្រុម បាន​ចុះបាញ់ម៉ាស៊ីនGPS វាស់វែង និងដាក់​គ្រឿង​ចក្រ ត្រាក់ទ័រ ចំនួន ២គ្រឿង ទៅឈូសឆាយយកដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ជាង ៣០០គ្រួសារ នៅក្នុងភូមិលេខប្រាំ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ គ្រឿងចក្រ​នោះ បានឈូសឆាយ​អស់ប្រហែល ៣០០ម៉ែត្រ ក៏ធ្វើអោយប្រជាពលរដ្ឋ ក្តៅក្រហាយ នាំគ្នាដេញព័ទ្ធគ្រឿងចក្រ នាំឲ្យ​អ្នក​បើកបរ​ បើក​រត់ចូលព្រៃ បាត់ស្រមោល ទាំងព្រលឹង​ចុងសក់។

ប្រជាពលរដ្ឋ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ដីនេះ ស្ថិតនៅខាងក្រោយភូមិលេខប្រាំ ដែលរដ្ឋអំណាច ចែកអោយតាំង​ពីសម័យរដ្ឋកម្ពុជា មានទាំងបង្កាន់ដៃ កាន់កាប់ប្រើប្រាស់ដីធ្លី ទទួលស្គាល់ពីមេភូមិ ខ្លះមេឃុំ ម្នាក់ទំហំប្រវែង ៤០ម៉ែត្រ ៣០ម៉ែត្រ ឬ ២០ម៉ែត្រ ទៅតាមរបបចំនួនសមាជិកគ្រួសារតិច ឬច្រើន ដើម្បីបង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិត។

ពលរដ្ឋបន្តទៀតថា ដោយសារខ្វះប្រភពទឹកស្រោចស្របស្រូវ ពួកគាត់ក៏លែងធ្វើស្រូវ នាំគ្នាជីកស្រះដាក់សម្រាស់ យកត្រី​ចិញ្ចឹម​ជីវិតវិញ ទើបបានជាមានព្រៃកក់ ដុះច្រើនបែបនេះ។ ស្រាប់តែនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ មានជនសុច្ចរិត​មួយក្រុម ចុះមកវាស់វែងបាញ់ម៉ាស៊ីន(ជីភីអេស) និងដាក់ត្រាក់ទ័រ ២គ្រឿង ឈូសឆាយដល់ដីកម្មសិទ្ធិរបស់ពួកគាត់ ដែលមិន​ទាន់បានលក់ ឬទទួលលុយកក់ពីឈ្មួញណាម្នាក់នោះឡើយ អស់ប្រវែងជា ៣០០ម៉ែត្រ។

ពេលឃើញដូច្នេះ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅអាជ្ញាធរឃុំប្រាសាទ និងមេភូមិ អោយជួយអន្តរាគមន៍ទប់ស្កាត់។ ប៉ុន្តែគ្មានអាជ្ញាធរណាម្នាក់ ចុះមកជួយអន្តរាគមន៍នោះទេ ទើបពួកគាត់ ជាម្ចាស់ដី នាំគ្នា ចុះទៅបំណងសួរនាំ តែក្រុមជន​សុច្ចរិតទាំងនោះ គ្រាន់តែឃើញប្រជាពលរដ្ឋ ក៏បើកត្រាក់ទ័ររត់ចូលព្រៃអស់ទៅ។

បញ្ហានេះ ធ្វើអោយពលរដ្ឋ មានការព្រួយបារម្ភ ខ្លាចឈ្មួញឃុបឃិតគ្នា ក្លែងបន្លំឯកសារ រំលោភយកដីកម្មសិទ្ធិរបស់ខ្លួន។ ពួកគាត់ សូមសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយទប់ស្កាត់ការពារដី​ប្រជាពលរដ្ឋ​ផង។                                            

ពាក់ព័ន្ធករណីនេះ លោកស្រី ប៉ិល សាត សមាជិកភូមិ តំណាងអោយលោក អោម ព្រឿង មេភូមិលេខប្រាំ ក៏បានទទួល​ស្គាល់ថា ដីនេះ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលរដ្ឋអំណាចចែកអោយតាំងពីសម័យរដ្ឋកម្ពុជា និងមានបង្កាន់ដៃ​កាន់កាប់ប្រើប្រាស់ដីធ្លីពិតប្រាកដមែន ហើយដីនេះ ប្រជាពលរដ្ឋគាត់ក៏មិនទាន់បានលក់ ឬទទួលយកលុយកក់ពីឈ្មួញ​ណាម្នាក់ដែរ។

ចំណែកលោក ឈាង លី មេឃុំប្រាសាទ និងលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ភ្នាក់ងារយើង មិនអាចទំនាក់ទំនង សូម​ការ​បំភ្លឺបានទេ៕ ស៊ឹម សាន់​

Picture