ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​រំពឹង​ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​៣​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទោះបីជា​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រារាំង​ដល់​ដំណើរការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​យ៉ាងនេះ​ក្ដី តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​៣​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​រួច​ហើយ រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ នេះ​បើ​តាម​លោក​ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ថ្លែងប្រាប់​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​កាលពី​ពេល​ថ្មី​ៗ​នេះ ។ លោក​ស៊ា​ង…

រាជធានី​ភ្នំពេញ​៖ ទោះបីជា​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រារាំង​ដល់​ដំណើរការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​យ៉ាងនេះ​ក្ដី តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​៣​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​រួច​ហើយ រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ នេះ​បើ​តាម​លោក​ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ថ្លែងប្រាប់​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​ស៊ា​ង ថៃ​បានឱ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​ដែល​កម្ពុជា​សង្ឃឹម​នឹង​ចូល​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ មាន ១​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ហៅ​កាត់​ថា RCEP ដោយ​កិច្ចព្រមព្រៀង​នេះ​បាន​ឆ្លង​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួច​ហើយ រង់ចាំ​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា និង​បន្ត​ទៅ​ព្រឹទ្ធសភា ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន ក៏​បាន​បញ្ជូន​ទៅ​រដ្ឋសភា​រួច​ហើយ​ដែរ ដោយ​កំពុង​រង់ចាំ​ការ​កោះ​អញ្ជើញ​ទៅ​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ​រួច​បន្ត​ទៅ​កិច្ចប្រជុំ​សភា​ពេញអង្គ​និង​ទៅ​ព្រឹទ្ធសភា ។ ចំណែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយទៀត​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា កូរ៉េ ក៏​បាន​បញ្ចប់​ការ​ចរចា​ទាំងស្រុង​ហើយ​ដែរ ។ សម្ដេច​តេ​ជោ បាន​ប្រគល់​សិទ្ធិ​ប្រទាន​ជូន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចុះហត្ថលេខា​ជាមួយ​ភាគី​កូរ៉េ ។ ភាគី​ទាំង​ពីរ​កំពុង​រក​ពេលវេលា​សម​ស្រប ដើម្បី​ចុះហត្ថលេខា ។ ពេល​ចុះហត្ថលេខា​រួច នឹង​ត្រូវ​បំពេញ​នីតិវិធី​ដូច​កិច្ចព្រមព្រៀង​ខាងលើ​ដែរ ដើម្បី​អាច​ចូល​ជា​ធរមាន​បាន ។

ឯកឧ​ត្តម​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី​និង​ពហុភាគី គឺ​បាន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​ច្រើន​ណាស់ ដូច​ជា​កម្ពុជា​អាច​បង្កើន​ការ​នាំ​ចេញ​បន្ថែម​ទៀត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជា​ដៃគូ ជាក់ស្ដែង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន នឹង​ជួយ​កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បន្ថែម​ទៀត​ហើយ​ក៏​អាច​ទាក់ទាញ​វិនិយោគិន​ចិន​ចូល​មក​ក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ ។

ឯកឧត្តម​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២១​នេះ យើង​រំពឹង​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន​៣​នឹង​ចូល​ជា​ធរមាន នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ហើយ​រំពឹង​ថា​នៅ​ចុងឆ្នាំ​ឬ​ដើមឆ្នាំ​២០២២ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​នឹង​ចាប់ផ្ដើម​ដាក់​ដំណើរការ ។

លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា​ចិន​បាន​ក្លាយជា​ទីផ្សារ​ធំ​មួយ​សម្រាប់​កម្ពុជា នៅ​ក្នុង​បរិការណ៍​កូ​វី​ដ​១៩​នេះ ដោយ​បាន​បន្ថែម​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ជា​ពិសេស​ផលិតផល​កសិកម្ម ហើយ​ថ្មី​ៗ​នេះ​ចិន​ក៏​បាន​បន្ថែម​ការ​នាំ​ចូល​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង​បន្ថែម​ទៀត​ពី​កម្ពុជា ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​របស់​ខ្លួន ។​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​ក៏​នឹង​ធ្វើ​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ហើយនឹង​ទាក់ទាញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ដែល​ធ្វើ​ចិន​ក្លាយជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

យោង​តាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ថ្លែង​ថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​បី​កម្ពុជា​ក៏​មាន​ផែនការ​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្ដា​ប្រទេស​មាន​ទីផ្សារ​ធំ​ៗ​នៅ​លើ​ពិភពលោក​ផង​ដែរ ដើម្បី​ពង្រីក​ទីផ្សារ​នាំ​របស់​របស់​ខ្លួន​បន្ថែម​ទៀត ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ធំ​នៅ​លើ​ពិភពលោក​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ