ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​កែះ ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភពលោក មាន​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សត្វ​កែះ ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះថ្នាក់​ជាស​កល និង​ជា​សត្វ​ស្ថិត​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ របស់​អនុសញ្ញា​សាយ​តេស ។…

រាជធានី​ភ្នំពេញ ៖ សត្វ​កែះ ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះថ្នាក់​ជាស​កល និង​ជា​សត្វ​ស្ថិត​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ របស់​អនុសញ្ញា​សាយ​តេស ។

ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន បាន​រក​ឃើញ​វត្តមាន​សត្វ​កែះ នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​កម្ពុជា​តាម​រយៈ​ការ​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ស្ថិត​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​សិក្សា​ចងក្រង​ទិន្នន័យ​ប្រភេទ​សត្វ​កម្រ​ៗ​នៅ​កម្ពុជា​។

ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភពលោក​នេះ ត្រូវ​បាន​កត់​សម្គាល់ថា មាន​វត្ត​មាននៅ​ក្នុង​តំបន់ ការពារ​ធម្មជាតិ​នៅ​កម្ពុជា ដែល​នេះ គឺជា​ការ​ផ្តល់​នូវ​ទិន្នន័យ​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា ក៏​ដូច​ជា​សម្រាប់​ពិភពលោក​ទាំងមូល ។

គេ​មិន​ទាន់​មាន​ទិន្នន័យ​ពិតប្រាកដ​ថា មាន​សត្វ​កែះ​ប៉ុន្មាន​ក្បាល​រស់នៅ ក្នុង​ប្រទេស​កម្ពុជា​ទេ តែ​ប្រភេទ​សត្វ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​បំផុត ដោយសារ​តែ​ជា​សត្វ​កម្រ​។

បច្ចុប្បន្ន​នេះ សត្វ​កែះ​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ពូជ​ដោយសារ​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ និង​ការ​បាត់បង់​ជី​ជម្រក​។ អ្វី​ដែល​ធ្វើ​ឱ្យ​សត្វ​កែះ​រង​គ្រោះ​ខ្លាំង ដោយសារ​តែ​ការ​ប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឺ​ង​ក្នុង​ការ​ជួញដូរ​ដោយសារ​តែ​ជំនឿ ។

យោង​តាម​ការ​សិក្សា កែះ​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែង​ស្តើង វា​មាន​ដងខ្លួន​ខ្លី ហើយ​ជើង​ទាំង ៤​របស់​វា​វែង ។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ​មាន​ពណ៌​ចម្រុះ​ខ្មៅ ប្រផេះ លឿង ។ នៅ​លើ​ពំនូល​ក្បាល​រហូត​ដល់​ស្មា​របស់​វា មាន​រោម​រឹង​វែង​ៗ​សណ្ឋាន ដូច​ជា​ប្រែង ។ វា​មាន​ស្នែង​ដូច​សត្វ​ពពែ ដុះ​កោង​ទៅ​ក្រោយ​បន្តិច ប្រវែង​ប្រហែល ២៨០​មី​លី​ម៉ែត្រ ពណ៌​ខ្មៅ និង​មាន​គន្លាក់​ៗ ជា​រង្វង់​នៅ​ផ្នែក​គល់​។ កន្ទុយ​ខ្លី ហើយ​មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។

តាម​ការ​សិក្សា ចំពោះ​ជីវសាស្ត្រ​វិញ សត្វ​កែះ​ចូល​ចិត្ត​រស់នៅ​តំបន់​ព្រៃ​ភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់​ៗ​ដែល​មា​គម្រប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់​ក្រោម​ច្រើន​។ កែះ មាន​ជើង​យ៉ាង​ចំណាប់​ក្នុង​ការ​ដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​ចោត​ៗ ។ នៅ​ពេល​ថ្ងៃ​វា​ចូល​ចិត្ត​សម្រាក​តាម​គម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅ​ពេល​ព្រលឹម ឬ​ក្បាល​ព្រលប់​។ វា​ចូល​ចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ ។ សត្វ​កែះ​ចូល​ចិត្ត​យក​រូងភ្នំ​រាក់​ៗ ធ្វើ​ជាទី​ជម្រក​របស់​វា ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​ដោយសារ​គំនរ​លាមក ។
ដោយសារ​តែ​កែះ​ជា​សត្វ​មាន​ភាព​រហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់នៅ​តាម​ទីជម្រក​ស្ងាត់​ដូច្នេះ​គេ​កម្រ​នឹង​ជួប​ប្រទះ​វា​ណាស់​។ រដូវ​បន្ត​ពូជ​សត្វ​កែះ​មាននៅ​ខែតុលា និង​ខែធ្នូ ហើយ​កើត​បានកូន ១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ បន្ទាប់​ពី​ពពោះ ៧ ខែ​។ កូន​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ​មួយ​ឆ្នាំ ទើប​ចាកចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ