សង្ខេបព្រឹត្តិការណ៍សប្តាហ៍មុន


ថ្ងៃ​ទី​៣០ វិច្ឆិកា ៖ ចៅក្រម​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា បាន​ប្រកាស​សាលដីកា​ច្រានចោល​បណ្តឹង​របស់​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​របស់​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រ​ង្ស៊ី ។ ចៅក្រម​ជំនុំជម្រះ លោក ប្លង់ សំណាង បាន​សម្រេច បន្ទាប់​ពី​សវនាការ​លើ​បណ្តឹង​របស់​លោក​មេធាវី ជួង ជូ​ងី ប្តឹង​ប្រឆាំង​នឹង​សាលក្រម​ចាត់​របៀប​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​តម្រូវ​ឱ្យ​មេធាវី​ដាក់​ភ័ស្តុតាង​បន្ថែម គឺ​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ក្លែង និង​ប្រើប្រាស់​ឯកសារ​ក្លែង​រឿង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ៕

*​សមាជិក​សមាជិកា​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប នៃ​ចំនួន​សមាជិក​សរុប បាន​អនុម័ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ និង​សេចក្តីព្រាងច្បាប់​ស្ថិតិ​ជា​ឯកច្ឆន្ទ ។ អង្គប្រជុំ​ប្រព្រឹត្ត​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មាន​វត្តមាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរុប​ចំនួន​៦៦​រូប ខណៈ​ដែល​សមាជិក​សមា​មក​រដ្ឋសភា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ ពហិការ​មិន​ចូលរួម​ប្រជុំ ។ សេចក្តីព្រាងច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥ ត្រូវ​បាន​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ក្នុង​ទឹកប្រាក់​១៧.៤៦២.៤៦២​លាន​រៀល មាន​កំណើន​១៦,១%​ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៥ ស្មើនឹង​២១,៣១%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​) ៕

ថ្ងៃ​ទី​០១ ធ្នូ ៖ ប្រភព​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ថា ចៅក្រម​សើ​ុ​ប​អង្កេត​សាលាដំបូង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជំនួយការ​លោក​ហុង សុខ​ហួរ និង​អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក​សម រ​ង្ស៊ី ពាក់ព័ន្ធ​ការ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ បាន​និង​កំពុង​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី ។ យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដែល​ចេញ​ដោយ​លោក​កៅ វ​ណ្ឌី អនុប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​សើ​ុ​ប​អង្កេត​លើ​សំណុំរឿង​នេះ គឺ​បាន​បង្គាប់​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ឈ្មោះ​សត្យា សម្បត្តិ ឬ​សម្បត្តិ សត្យា និង​ឈ្មោះ​អ៊ុ​ង ជុង​លាង ដើម្បី​យក​មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ៕

ថ្ងៃ​ទី​០២ ធ្នូ ៖ កម្ពុជា​ប្រារព្ធ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ជា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២​ធ្នូ ដែល​បាន​សង្គ្រោះ​ប្រជាជន​កម្ពុជា​ឱ្យ​រស់រាន​មានជីវិត​ទ្បើ​ង​វិញ រួច​ផុត​ពី​គ្រោះ​មហន្តរាយ​និង​ការ​កាប់សម្លាប់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម ។ ក្នុង​មី​ទ្ទិញ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា មាន​ប្រសាសន៍​ថា មី​ទ្ទិញ​ថ្ងៃនេះ​គឺ​ក្នុង​ស្មារតី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វីរ​យុទ្ធ​ជន យុទ្ធ​នារី និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ធ្វើ​ពលី​កម្ម​ធំធេង​នៅ​គ្រប់​សម័យកាល ដើម្បី​ភាព​ស្ថិតស្ថេរ គង់វង្ស រីក​ចម្រើន​នៃ​ទឹកដី​មាតុភូមិ និង​ប្រជាជន​ខ្មែរ ៕

ថ្ងៃ​ទី​០៣ ធ្នូ ៖ លោក យ៉ែ​ម បុញ្ញ​ឫ​ទិ្ធ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​កែទម្រង់​ក្នុង​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៥​ជា​ការ​ល្អ និង​គោរព​តាម​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ។ អ្នកនាំពាក្យ​គណបក្សជំទាស់ និង​ជា​អ្នកនាំពាក្យ​តំណាង​ក្រុម​ភាគតិច​ក្នុង​សភា​បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថ្ងៃ​ទី​៣​ធ្នូ ឆ្នាំ​២០១៥ ថា ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ គណៈកម្មការ​ចំពោះ​កិច្ច​មួយ​បាន​បង្កើត​ឡើង ដើម្បី​ធ្វើការ​សិក្សា ពិភាក្សា ធ្វើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា រហូត​ដល់​មានការ​បង្កើត​ឲ្យ​មាន​អ្នកនាំពាក្យ​ក្នុង​រដ្ឋសភា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ៕

*​អ្នកតំណាង​ចំនួន​ជាង​៣០​រូប​មក​ពី​សហជីព​ចំនួន​១៨ បាន​នាំ​យក​ញត្តិ​មួយ​ច្បាប់​ទៅ​ដាក់​ជូន​រដ្ឋ​សភាជាតិ​ជា​ថ្មី​ម្តងទៀត មុន​ពេល​រដ្ឋសភា​ធ្វើការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​សហជីព​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ខាង​មុខ​នេះ ដើម្បី​ស្នើ​សុំ​បញ្ចូល​សំណើ​រួម​របស់​សហជីព ដែល​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ និង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ដើម្បី​បញ្ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព ។ ការ​ទៅ​ដាក់​ញត្តិ​ទាមទារ​ជា​ថ្មី​ទៀត​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ នៅ​ខាង​មុខ​វិមាន​រដ្ឋ​សភាជាតិ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ៕

ថ្ងៃ​ទី​០៤ ធ្នូ ៖ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី ការ​រួមចំណែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ដំណើរការ​សភា​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា និង​ជា​ប្រធាន​ស្តីទី​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​សំដៅ​ប្រមូល​គំនិត បញ្ញាញាណ និង​ចែករំលែក​ចំណេះដឹង ព្រមទាំង​បទ​ពិសោធន៍​ល្អ​ៗ ក្នុង​ការ​ប្រាស្រ័យ​ឆ្លើយឆ្លង និង​ទំនាក់ទំនង​រវាង​សមាជិក​សភា និង​អ្នក​សារព័ត៌មាន​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ។ ចំណែក​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថែម​ទៀត​អំពី​សេចក្តី​ត្រូវការ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​សាធារណៈ ដើម្បី​ឆ្លើយ​តប​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ៕

ថ្ងៃ​ទី​០៥ ធ្នូ ៖ កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៥ ធ្នូ បាន​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ចំនួន​២.៥២០​គ្រួសារ​ដែល​ជា​គ្រួសារ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ ជន​ពិការ កុមារ​កំព្រា គ្រួសារ​ទីទ័ល​ក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​មក​ពី​១៣​សង្កាត់ ក្នុង​ខណ្ឌដង្កោ ។ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ទាំង​១២​បាន​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​កាន់តែ​សកម្ម ជួយ​ដល់​ជន​រង​គ្រោះ​និង​ជន​ងាយ​រង​គ្រោះជា​ពិសេស​ជន​ពិការ ចាស់ជរា ទុរគត​ជន កុមារ​កំព្រា​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ស្រប​ពេល​ដែល​ចលនា​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​អ្នក​ស្ម័គ្រចិត្ត​ពិភពលោក​៥ ធ្នូ ៕

ថ្ងៃ​ទី​០៦ ធ្នូ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នៅ​ថ្ងៃ​ទី​៦ ធ្នូ បាន​ថ្លែង​ថា​ចំពោះ​លោក​សម រ​ង្ស៊ី ដែល​ស្នើ​សភា​អឺរ៉ុប ឬ​សភា​អា​មេ​រិ​ក ឲ្យ​បង្កក​ជំនួយ ឬ​ផ្តាច់ជំនួយ​សម្រាប់​កម្ពុជា​នោះ គឺជា​សិទ្ធិ​របស់​គេ ។ ទោះជា​យ៉ាងណា​ក្តី​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ប្រទេស​កម្ពុជា​នឹង​រីក​ចម្រើន​ទៅ​មុខ​លើ​គ្រប់​វិស័យ ។ លោក​ឧបនាយករដ្ឋមន្ត្រីបាន​ថ្លែង​ឆ្លើយ​តប​បែប​នោះ​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​លោក​ចែក​អំណោយ និង​សួរសុខទុក្ខ​កុមារ​គ​-​ថ្លង់​នៅ​សាលា​កុមារ​គ​-​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លោក​ឧបនាយករដ្ឋមន្ត្រី​លើក​ឡើង​ថា ទោះបីជា​មាន​ជំនួយ​ពី​បរទេស ឬ​គ្មាន​ជំនួយ​ក្តី ប្រទេស​ជាតិ​យើង​នៅ​តែ​ទៅ​មុខជា​និច្ច ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បទយកការណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ