ខេត្តមណ្ឌលគិរី ៖ អាវរងាជជុះ(មួយទឹក) កំពុងត្រូវប៉ាន់ខ្លាំង ខណៈអាកាសធាតុចាប់ផ្តើមចុះត្រជាក់ជាងពីរសប្តាហ៍មកហើយ ដោយសីតុណ្ហភាពនៅពេលថ្ងៃមានត្រឹម២៦ទៅ២៨អង្សា និងពេលយប់ធ្លាក់ចុះរហូតដល់១៨ទៅ២២អង្សា (ក្នុងក្រុងសែនមនោរម្យ) តែនៅកន្លែងខ្លះដូចជាទីរួមស្រុកអូររាំង និងភ្នំដាក់ដាំដែលនៅជិតព្រំដែនកម្ពុជា-វៀតណាម យប់ខ្លះសីតុណ្ហភាពធ្លាក់ចុះដល់១៤ទៅ១៦អង្សាឯណោះ ។ នេះបើយោងទៅតាមការពិនិត្យជាក់ស្តែងលើឧបករណ៍វាស់សីតុណ្ហភាព ។
ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលកំពុងដណ្តើមគ្នាលអាវរងាប្រភេទជជុះដែលគេតាំងលក់នៅតាមផ្លូវក្នុងក្រុងសែនមនោរម្យ បានឲ្យដឹងថា បានជាពួកគាត់ចាប់អារម្មណ៍ទិញខោអាវជជុះ ព្រោះវាមានតម្លៃសមរម្យ និងពាក់ទៅមានភាពកក់ក្តៅដូចខោអាវដែលទិញក្នុងតម្លៃថ្លៃៗដែរ ។ ពួកគាត់បានបន្តថា សម្រាប់ខោអាវប្រភេទហ្នឹងគេអាចទិញបានចាប់ពីតម្លៃមួយម៉ឺនរៀលឡើងទៅ ហើយតម្លៃដែលថ្លៃបំផុតអាចមានដល់៤ម៉ឺនរៀលស្របពេលដែលខោអាវរងាដែលគេដាក់លក់នៅតាមហាងវិញ អាចមានតម្លៃចាប់ពី៨ម៉ឺនរៀលរហូតដល់រាប់រយដុល្លារ។ ដូច្នេះហើយទើបពួកគាត់សម្រេចចិត្តទិញអាវជជុះយកទៅប្រើ ព្រោះរដូវរងាក៏មានមិនសូវយូរប៉ុន្មានដែរ តែពីរបីខែផុតហើយ បើខូចឆ្នាំក្រោយទិញទៀតមិនសូវស្តាយព្រោះតម្លៃថោក។ នេះជាការបញ្ជាក់បន្ថែមរបស់ពួកគាត់ ។
ចំណែកអ្នកដែលមានជីវភាពមធ្យមមួយចំនួនបានគិតថា ការទិញខោអាវជជុះមកប្រើប្រាស់ពេលខ្លះអាចបណ្តាលឲ្យឆ្លងរោគផ្សេងៗ ព្រោះថាខោអាវទាំងនោះជារបស់គេប្រើរួចហើយ និងត្រូវបានគេនាំចូលមកស្តុកទុករាប់ខែទម្រាំលក់ចេញ មិនដឹងថាដាក់ថ្នាំគីមីការពារអ្វីខ្លះទេ ។ ទោះជាយ៉ាងណា ពួកគាត់យល់ស្របថា បើសិនជាយើងទិញខោអាវជជុះមកប្រើប្រាស់គប្បីត្រូវសម្អាតវាជាមុនសិនព្រោះទឹកសាប៊ូពិតជាអាចកាត់បន្ថយនូវមេរោគដែលតោងមកជាមួយខោអាវទាំងនោះ។ម្យ៉ាងវិញទៀត ខោអាវជជុះពិតជាមានតម្លៃសមរម្យនិងអាចបំបាត់ភាពរងាដូចខោអាវថ្លៃៗដែរ ៕
ចែករំលែកព័តមាននេះ