ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្យារពេល​ប្រឡង​ចៅក្រម​ជំនាន់​ទី​៧ ក្រោយ ACU បដិសេធ​មិន​សង្កេតការណ៍​ការ​ប្រឡង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​យោង​តាម​លិខិត​មួយ​ច្បាប់​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​លោក​អង្គ វង្ស​វ​ឌ្ឈ​នា​ ចុះ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ​បាន​ឱ្យ​ដឹង​ថា ក្រសួង​យុត្តិ​ធម៌​សម្រេច​ពន្យារពេល​ប្រឡងប្រជែង

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​មួយ​ច្បាប់​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​អង្គ វង្ស​វ​ឌ្ឈ​នា ចុះ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ​បានឱ្យ​ដឹង​ថា ក្រសួងយុត្តិធម៌​សម្រេច​ពន្យារពេល​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​ដំណើរការ​ប្រឡងប្រជែង ដោយហេតុ​ថា រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​គ្មាន​ឆន្ទៈ និង​មិន​មានការ​សហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

ការ​ប្រកាស​សម្រេច​ពន្យារពេល​ប្រឡង​របស់​ក្រសួងយុត្តិធម៌​ពេល​នេះ គឺ​យោង​តាម​ស្មារតី​នៃ​អង្គប្រជុំ​របស់​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥​។

លិខិត​នោះ​មាន​ខ្លឹមសារ​ថា ជម្រាប​ជូន​លោក ឈ​ន ព្រលឹង ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ក្រសួងយុត្តិធម៌​សម្រេច​លើក​ពេល​បរិច្ឆេទ​នៃ​ការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​៧​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​សម្រេច​បញ្ជូន​ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​បែបបទ និង​នីតិវិធី​នៃ​ការ​ប្រឡងប្រជែង ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កាន់តែ​មាន​តម្លាភាព និង​ភាព​ត្រឹមត្រូវ​យុត្តិធម៌​។

ក្រុម​សិស្ស​ដែល​ធ្លាប់​ប្រឡង​និយាយ​ថា កន្លង​ទៅ​មានការ​លើក​ឡើង​ថា ការ​ប្រឡង​នេះ​បែងចែក​ជា​ពីរ​ដំណាក់កាល គឺ​វិញ្ញាសាសរសេរ និង​សួរ​ផ្ទាល់មាត់​។ ប៉ុន្តែ​ជា​ទូទៅ វិញ្ញាសាសរសេរ​ភាគច្រើន​គឺ​ប្រឡង​ជាប់​។ ដោយឡែក​ដំណាក់កាល​សួរ​ផ្ទាល់មាត់​វិញ គឺ​មិន​ងាយ​ជាប់​ឡើយ​បើ​មិន​មានការ​សូកប៉ាន់​អ្នក​សម្ភាសន៍​នោះ​ទេ​។

ប្រការ​នេះ​ហើយ​ទើប​មានការ​សំណូមពរ​ពី​អ្នកចូលរួម​ប្រឡង​ឲ្យ​មានការ​ចូលរួម​សង្កេតការណ៍​ពី​សំណាក់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​នេះ​ប្រកបដោយ​សុ​ក្រិ​ត្យ​ភាព និង​តម្លាភាព តែ​គេ​មិនដឹង​ថា ការ​ប្រឡង​នឹង​កំណត់​យក​ថ្ងៃ​ណា​នៅឡើយ​ទេ​៕