ក្រោយពេលសម្រាលកូនរួច ស្ត្រីជាម្តាយ ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឲ្យបានល្អពុំមែនចង់ធ្វើអ្វីតាមតែនឹកឃើញនោះទេ ត្រូវតែតមនូវអ្វីដែលគួរតមដើម្បីការពារសុខភាពមាំមួនពិសេសចំពោះស្ត្រីបំបៅដោះកូន ។ ប្រការដែលគួរប្រយ័ត្នមានដូចជា៖
-មិនត្រូវទទួលទានគ្រឿងស្រវឹង៖ ស្ត្រីជាម្តាយបន្ទាប់ពីសម្រាលកូនរួច មិនគួរទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានសារធាតុផ្សំពីអាល់កុលឡើយ ព្រោះអាចបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ ។ បើសិនជាស្ត្រីកំពុងបំបៅដោះកូន ហើយទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិអាល់កុល ជាពិសេសស្រាថ្នាំអាចបណ្តាលឲ្យសារជាតិទាំងនេះជ្រាបចូលទៅក្នុងទឹកដោះ ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដូចជា ប៉ះពាល់ដល់ការផលិតទឹកដោះ ប៉ះពាល់ដល់ទម្ងន់ទារក ប៉ះពាល់ដល់ការលូតលាស់របស់ទារក និងប៉ះពាល់ដល់ផ្នែករំលាយអាហាររបស់ទារកថែមទៀត ។
-អាហារដែលមិនគួរទទួលទានសម្រាប់ស្ត្រីសម្រាលកូនរួច៖ អាហារដែលមិនគួរទទួលទានមានដូចជា អាហារផ្អាប់ទុកយូរ អាហារស្រស់ ព្រោះអាចធ្វើឲ្យកើតមានបញ្ហាឆ្អល់ពោះ។
-ថ្នាំបុរាណ៖ ឱសថបុរាណមួយចំនួនដែលអះអាងថាជួយបង្កើនទឹកដោះ ឬជួយឲ្យស្បូនមានសភាពដូចដើមវិញ តែមិនគួរទទួលទានទេ ព្រោះឱសថទាំងនេះនៅមិនទាន់មានការពិសោធច្បាស់លាស់នៅឡើយ ។
-ហាមប្រើប្រាស់ថ្នាំ ៖ រាល់ថ្នាំលេប ទាំងឡាយ ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវមិនគួរប្រើប្រាស់នោះទេ បើសិនជាចាំបាច់ត្រូវប្រើប្រាស់ថ្នាំគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ។
-ស្ត្រីដែលបំបៅដោះកូនដោយទឹកដោះមិនគួរធ្វើឲ្យអារម្មណ៍ធុញថប់តប់ប្រមល់ ឬពិបាកចិត្តច្រើនពេកទេ ព្រោះអាចជាហេតុធ្វើឲ្យទឹកដោះផលិតមិនបានល្អ ឬផលិតបានតិចមិនអាចផ្គត់ផ្គង់តាមតម្រូវការចាំបាច់របស់ទារក ។
-ការធ្វើលំហាត់ប្រាណ៖ បន្ទាប់ពីសម្រាលកូនរួច ស្ត្រីមិនគួរធ្វើលំហាត់ប្រាណខ្លាំងពេកទេពិសេសនៅបរិវេណក្បាលពោះ ព្រោះវាអាចប៉ះពាល់ទៅដល់ទា្វរមាស និងស្បូន ។
-មិនគួរលើកវត្ថុធ្ងន់៖ រាល់ការងារដែលប្រើកម្លាំងខ្លាំង ស្ត្រីគួរចៀសវៀង ព្រោះការប្រឹងលើករបស់ធ្ងន់អាចធ្វើឲ្យប៉ះពាល់ទៅដល់ថ្នេរពិសេសស្បូនអាចបណ្តាលឲ្យកើតមានបញ្ហាស្រុតស្បូនដោយសារធ្វើការងារធ្ងន់បន្ទាប់ពីសម្រាលកូន ៕
ចែករំលែកព័តមាននេះ