ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានសម្រេចធ្វើការបិទខ្ទប់ផ្លូវចំនួន៤កន្លែងនៅក្នុងក្រុងបានលុង ដោយសារតែរីករាលដាលផ្ទុះនូវជំងឺកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំ ដែលបង្កឱ្យមានការកើនឡើងជាលំដាប់។
ការសម្រេចបិទខ្ទប់ផ្លូវចំនួន៤កន្លែងនៅក្នុងក្រុងបានលុងនេះ រដ្ឋបាលខេត្ត បានចាប់ផ្តើមអនុវត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំកណ្តាលក្រុងបានលុងតែម្តង ស្ថិតក្នុងភូមិជ័យជំនេះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
![Picture]()
ហើយនៅចំណុចដែលត្រូវបិទខ្ទប់នោះ ដោយសារតែមានអ្នកជាប់ពាក់ព័ន្ធក្នុងករណីផ្ទុះកូវីដ១៩ ចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភ: តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កន្លងមកទៅ ដូចជានៅក្នុងសង្កាត់ឡាបានសៀក ក្នុងនោះអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៣នាក់ នៅក្នុងសង្កាត់ឡាបានសៀក នេះបើយោងតាមការបញ្ជាក់ពីលោក តេង សាវុធ អធិការរងក្រុងបានលុង នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
លោកបន្តថា ការបិទខ្ទប់នេះ គឺមានរយៈពេល១៤ថ្ងៃ ប៉ុន្តែបើនៅតែមិនបានធូរស្បើយនោះទេ នឹងបន្តការបិទខ្ទប់១៤ថ្ងៃតទៅទៀត។
![Picture]()
តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ គឺមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២១៣នាក់ហើយ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
បើតាមកាសង្កេតឃើញថា បងប្អូនអាជីវករលក់ដូរមួយចំនូនដូចជា ហាងលក់ទូរស័ព្ទដៃ ហាងលក់គ្រឿងបន្លាស់រថយន្ត និងគ្រឿងសំណង់ជាដើម។ល។ មានការបិទទ្វារអស់ហើយដែរ ដោយសារតែពួកគាត់ខ្លាចឆ្លងជំងឺដ៏កាចសា.ហាវមួយនេះបន្តទៀត។
ហើយរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានទាំងនោះក៏ត្រូវបានបញ្ជូនយកទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក ត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំអស់ហើយដែរ។ ហើយរដ្ឋបាលខេត្តក៏សូមឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» និងលាងដៃជាមួយសាប៊ូ ឬអាល់កុលជាប្រចាំផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ