ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ប្រភេទ អភិបាលស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមណ្ឌលព្យាបាល នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ឯកឧត្តម បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យបងប្អូនអ្នកសម្រាកព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ លេបថ្នាំហាត់ប្រាណ បរិភោគឱ្យបានគ្រប់គ្រាន់ និងស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយពីជំងឺនេះ នឹងបានត្រឡប់ទៅផ្ទះវិញ។
ឯកឧត្តមបានបន្ថែមទៀតថា នៅពេលជាសះស្បើយ ត្រឡប់ទៅវិញ ត្រូវបន្ដចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត ដើម្បីការពារករណីរើឡើងវិញ ព្រមទាំងត្រូវបន្ដអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម ក៏បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យយ៉ាងជ្រាលជ្រៅ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺរបស់យើង ឱ្យឆាប់បានជាសះស្បើយ។
ឯកឧត្តមបានប្រគល់អំណោយរបស់អង្គការយូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ប្រគល់ជូនគ្រួសារកុមារចំនួន ៩នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយក្នុង ១គ្រួសារ ទទួលបាន រួមមាន អង្ករ ៥០គីឡូ មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ ប្រេងឆា ២លីត្រ សាប៊ូ ១កញ្ចប់ សាប៊ូដុសខ្លួន ២ដុំ នំធុង ១ធុង និងឃីតកុមារ ១កញ្ចប់ផងដែរ។
ឯកឧត្តម ក៏បានប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនមណ្ឌលព្យាបាល និងចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម រួមមាន អង្ករ ២០គីឡូក្រាម ចំនួន ៣០បេ មី ១០០កេស ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ ម៉ាស់ ១កេសធំ អាល់កុល ២កាន។
ឯកឧត្តម ក៏បានប្រគល់អំណោយរបស់អង្គការយូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ប្រគល់ជូនគ្រួសារជួបការលំបាក ចំនួន ៧គ្រួសារ នៅសាលាឃុំត្រពាំងក្រហម ដោយក្នុង ១គ្រួសារ ទទួលបានរួមមាន អង្ករ ៥០គីឡូ មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ ប្រេងឆា ២លីត្រ សាប៊ូ ១កញ្ចប់ សាប៊ូដុសខ្លួន ២ដុំ នំធុង ១ធុង។
បើគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងមណ្ឌលព្យាបាល និងចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន ១៣៩នាក់ ក្នុងនោះស្រី ៣២នាក់ និងអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលសរុប ៤៩នាក់ ស្រី ១៤នាក់។
ដោយឡែក នៅក្នុងខេត្តរតនគិរី មានអ្នកឆ្លងសរុបចំនួន ១៦២នាក់ ក្នុងនោះ អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន ១៥៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលសរុប ២៤២នាក់ និងព្យាបាលជាសះស្បើយចំនួន ៨នាក់ហើយ។
រដ្ឋបាលខេត្តរតនគិរី ក៏បានសម្រេចដាក់បម្រាមគោចរជាបណ្ដោះអាសន្ន ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ផ្អាកបណ្ដោះអាសន្នការប្រមូលផ្ដុំ ការជួបជុំ និងផ្អាកជាបណ្ដោះអាសន្នសកម្មភាពមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១៕ ផង់ វិន









ចែករំលែកព័តមាននេះ