ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ស្តារ​ប្រឡាយ​លូ​៥ គ្រោង​នឹង​បញ្ចប់​នៅ​ខែកក្កដា ខាងមុខនេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រុមការងារ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ស្តារ​ប្រឡាយ​លូ​៥ ដែលមាន​ប្រវែង​ជាង ១​គីឡូម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ​៖ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រុមការងារ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ស្តារ​ប្រឡាយ​លូ​៥ ដែលមាន​ប្រវែង​ជាង ១​គីឡូម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកក្កដា ខាងមុខនេះ ដើម្បី​បង្ហូរ​ទឹកភ្លៀង​នា​រដូវវស្សា​ឱ្យបាន​លឿន ពិសេស​ទៅកាន់​ស្ថានីយ​បូមទឹក បញ្ជៀ​ស​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​

​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា​នេះ​ថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ការចង្អុល​ណែនាំ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ​ការស្តារ​ប្រព័ន្ធ​បង្ហូរទឹក ជាពិសេស​ប្រឡាយ​មេ នៅ​រាជធានី​ភ្នំពេញ ខណ​:​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ដែលមាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ បាន និង​កំពុង​ស្តារ​ប្រឡាយ​លូ​៥ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ និង​មួយផ្នែក​ទៀត កុំឱ្យ​ហូរ​ចូលទៅ​ប្រឡាយ​បឹងទំពន់ និង​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។

​លោក ដួង ចាន់​សារ៉ាត់ បាន​បន្តថា ប្រឡាយ​លូ​៥ មាន​ប្រវែង​ជាង ១០០០​ម៉ែត្រ ទទឹង​មាន​ទំហំ​ពី ១៥ ទៅ ៣០​ម៉ែត្រ ចាប់ពី​ប្រឡាយ​លូ​ប្រាំ​ផ្លូវ​វេ​ង​ស្រេង ដល់​ស្ថានីយ​បូម​ទឹកលូ​៥​។ ការដ្ឋាន​នេះ បានចាប់ផ្តើម​ស្តារ ដោយ​ប្រើប្រាស់​សា​ឡង់ កាលពី​ថ្ងៃទី​១៩ មិថុនា ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែកក្កដា​ខាងមុខ​។

​លោក​បញ្ជាក់ថា ប្រឡាយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ដោយ​ទឹក​ហូរ​ចូល​ប្រឡាយ​លូ​៥ ទៅ​ស្ថានីយ​លូ​៥ ទើប​បូម​ទំលាក់​ទៅ​ប្រឡាយ​ម័ល និង​បន្ត​ចុះទៅ​ជើងឯក​។

​លោក ដួង ចាន់​សារ៉ាត់ បន្តទៀតថា ប្រឡាយ​លូ ៥​នេះ ពោរពេញ​ទៅដោយ​សំរាម និង​ភក់ ពិសេស​កាក​អំពៅ ត្រូវបាន​ប្រជាពលរដ្ឋ ដឹក​ទៅ​ទម្លាក់​ចូលក្នុង​ប្រឡាយ​នេះ​តែម្តង​។ ដូច្នេះ លោក​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ទីតាំង ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម បានកំណត់ កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយទឹក នាំ​ឲ្យ​បិទបាំង​ផ្លូវទឹក មិនអាច​ហូរ​ដល់​ស្ថានីយ​នោះទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ