ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ ១អង្គ នៅខេត្តព្រៃវែង សុគតដោយសារតែជំងឺកូវីដ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង៖ ជាករណីដំបូង​ហើយ ក្នុងប្រទេសកម្ពុជា ដែលមានព្រះសង្ឃឆ្លងកូវីដ ហើយបាន​សុគត​។ នោះគឺព្រះសង្ឃ​ព្រះជន្ម​ ២៣ព្រះវស្សា​ ព្រះនាម គន់ គីមហ៊ាង…

ខេត្តព្រៃវែង៖ ជាករណីដំបូង​ហើយ ក្នុងប្រទេសកម្ពុជា ដែលមានព្រះសង្ឃឆ្លងកូវីដ ហើយបាន​សុគត​។ នោះគឺព្រះសង្ឃ​ព្រះជន្ម​ ២៣ព្រះវស្សា​ ព្រះនាម គន់ គីមហ៊ាង គង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានសុគត​ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសរបស់​រដ្ឋបាល​ខេត្តព្រៃវែង​។

សេចក្តីប្រកាស លើកឡើងថា មុនពេលរកឃើញ​ជំងឺកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមិថុនា គឺកាលពី ៣ថ្ងៃមុន ពោលគឺនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ព្រះតេជគុណ គន់ គីមហ៊ាង បានចូលពិនិត្យ​ជំងឺ​ នៅមន្ទីរពេទ្យ​បង្អែក ស្រុកមេសាង ជាមួយនឹងអាការៈហត់​ដង្ហក់​ខ្លាំង និងរវើរវាយ បន្ទាប់មកបាត់បង់​ស្មារតី។ ក្រុមគ្រូពេទ្យ​ បានយកសំណាក ធ្វើតេស្ត​រហ័ស Rapid Test លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ និងបានដាក់​ឲ្យព្រះអង្គ គង់សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​មេសា។​

សេចក្តីប្រកាស បន្ថែមថា នៅល្ងាច​ថ្ងៃទី១៩មិថុនា ទើបក្រុមគ្រូពេទ្យ​បញ្ជូន​ព្រះអង្គ​ បន្តមកព្យាបាលនៅមន្ទីរពេត្យ​ខេត្តព្រៃវែង។ តែដោយសារស្ថានភាពជំងឺ​មិនធូរស្រាល ព្រះតេជគុណ គន់ គីមហ៊ាង បានសុគត នៅម៉ោង ៨ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។​

នៅថ្ងៃទី២២ ខែមិថុនានេះ រដ្ឋបាលខេត្តព្រៃវែង ក៏បានប្រកាសពី​មរណភាពរបស់ស្ត្រីម្នាក់ទៀត ដោយសារជំងឺកូវីដ១៩  កាលពីថ្ងៃទី២១ ខែមិថុនា។ នោះគឺអ្នកស្រី តឹប សួន អាយុ ៤៤ឆ្នាំ​ ជា​ប្រជាពលរដ្ឋ រស់នៅភូមិព្រៃវល្លិ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែង បានប្រកាសថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំណយន ១២២៣នាក់។ ក្នុងនោះ ជាសះស្បើយ ៧៥១នាក់ កំពុងសម្រាកព្យាបាល ៤៥៥នាក់ និងស្លាប់ ១៧នាក់៕