យោងតាមព្រឹត្តិបត្តិ «ការយល់ដឹងអំពីប្រទេសកម្ពុជា» ចេញផ្សាយនាឆ្នាំ១៩៨៨ សូមបង្ហាញជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាបអំពីប្រវត្តិក្រុងកំពង់សោម ដែលបច្ចុប្បន្នមានឈ្មោះថា «ខេត្តព្រះសីហនុ» ។
ក្រុងកំពង់សោម (ក្រុងនេះពីដំបូងយកឈ្មោះឆកកំពង់សោមនេះដាក់ ក្រោយមកមានឈ្មោះថា ក្រុងព្រះសីហនុវិញ ដោយយកឈ្មោះសម្តេចព្រះនរោត្តម សីហនុ ដាក់ ព្រោះទីក្រុងនេះជាសមិទ្ធផលសំខាន់ក្នុងសម័យព្រះអង្គ។ ក្រោយរដ្ឋប្រហារ (១៨ មីនា ១៩៧០) គេបានដូរឈ្មោះទៅជា ក្រុងកំពង់សោមវិញ) ជាទីក្រុងស្វយ័តមួយក្នុងចំណោមទីក្រុងស្វយ័តទាំង២ នៃប្រទេសកម្ពុជាយើង ។ ទីក្រុងនេះមិនត្រឹមតែជាច្រកអន្តរជាតិតាមផ្លូវសមុទ្ររបស់ប្រទេសប៉ុណ្ណោះទេ តែថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រទេសថែមទៀតផង ។ អាស្រ័យហេតុនេះហើយបានជាលើកជូនប្រិយមិត្តអ្នកអានអំពីប្រវត្តិនៃការកកើតទីក្រុងនោះឡើង ។ ប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនេះយើងសូមលើកជូនជាមុនអំពីលក្ខណៈទូទៅរបស់ទីក្រុងនេះជូនប្រិយមិត្តអ្នកអានសិន ។
លក្ខណៈទូទៅរបស់ទីក្រុងកំពង់សោម
ក្រុងកំពង់សោមស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពត ខាងជើងជាប់នឹងខេត្តកោះកុង ខាងលិចនិងខាងត្បូងជាប់នឹងសមុទ្រ ។ ផ្ទៃក្រឡាក្រុងកំពង់សោមនៅឆ្នាំ១៩៦២ គឺគេកំណត់យក៦៨,២គីឡូម៉ែត្រការ៉េ តែមកដល់បច្ចុប្បន្ននេះ ដោយការបញ្ចូលស្រុកព្រៃនប់នៅក្នុងការគ្រប់គ្រងរបស់ក្រុងទៀតនោះ ផ្ទៃក្រឡារបស់ក្រុងបានពង្រីករហូតដល់ ១.៣០៣គីឡូម៉ែត្រការ៉េ នាឆ្នាំ១៩៨៦នេះ ។
នៅឆ្នាំ១៩៨២ ការបែងចែករដ្ឋបាលរបស់ក្រុងគឺមានសង្កាត់៧ និងស្រុកព្រៃនប់ តែមកដល់ឆ្នាំ១៩៨៦នេះ យើងឃើញមានស្រុុកព្រៃនប់ ដែលមាន១៤ឃុំ និងខណ្ឌស្ទឹងហាវ ដែលមាន៣សង្កាត់ និង៤សង្កាត់ទៀតជុំវិញក្រុង ។
ឆ្នេរសមុទ្រក្រុងកំពង់សោមមានប្រវែង១០០គីឡូម៉ែត្រ ដែលលាតសន្ធឹងនៅចន្លោះឆ្នេរសមុទ្រខេត្តកោះកុង និងខេត្តកំពត ។ ឆ្នេរនេះមានសភាពបត់បែនរកេតរកូត បង្កើតបានជាឆក២ គឺឆកកំពង់សោម និងឆកវាលរេញ ។ ឆកកំពង់សោម មានបណ្តោយ៦០គីឡូម៉ែត្រ និងទទឹង៣០គីឡូម៉ែត្រ ។
ឆ្នេរសមុទ្រក្រុងកំពង់សោមទទួលរបបទឹកសាប ដែលហូរចុះតាមព្រែក ធំៗពីរ គឺព្រែកទឹកសាប និងព្រែកកំពង់ស្មាច់ និងតាមព្រែក តូចៗ ចំនួន៧ផ្សេងទៀត ។
ឈូងសមុទ្រក្រុងកំពង់សោម មានជម្រៅ
មិនសូវជាជ្រៅប៉ុន្មានទេ ហើយមានបាតរាបស្មើ។ ជម្រៅទឹកជាមធ្យម៥០ម៉ែត្រ ជម្រៅជាអតិបរិមាមិនលើសពី៨០ម៉ែត្រឡើយ។ ឈូងសមុទ្រនេះខ័ណ្ឌប្រទេសកម្ពុជា ពីឧបទ្វីបម៉ាឡាកា ។
នៅចំពីមុខឆកកំពង់សោមមានកោះរុង និងកោះរុងសន្លឹម ។ នៅចំពីមុខកំពង់ផែអន្តរជាតិ មានកោះពស់, កោះដែកគោល, កោះថាស និងកោះព្រាប ។ នៅចំពីមុខរាមមានកោះតាគាវ, កោះឫស្សី, កោះត្រេះ, កោះចន្លុះ និងកោះស្រមោច (រួមទាំងអស់ក្រុងកំពង់សោមមានកោះ១៩) ។
គំនិតផ្តើម ដំបូងៗ ស្តីពីការបង្កើតកំពង់ផែសមុទ្រ
នៅសម័យមុនអាណានិគមបារាំង កំពង់ផែកំពត គឺជាច្រកនៃការដឹកជញ្ជូន ឬការធ្វើដំណើរតាមផ្លូវសមុទ្ររបស់ប្រទេសយើង ។ នៅសម័យបារាំងចូលមក គឹបានបោះបង់លែងប្រើប្រាស់កំពង់ផែកំពតទៀត ហើយគេប្រើប្រាស់ផ្លូវទឹកទន្លេមេគង្គ ចុះទៅកាន់សមុទ្រវិញ ដោយកាត់តាមប្រទេសវៀតណាមភាគខាងត្បូង ។ នៅដើមសតវត្សទី២០ បារាំងបានយកចិត្តទុកដាក់គិតគូរដល់ការបង្កើតច្រកសមុទ្រតាមតំបន់ឆ្នេររបស់ប្រទេសកម្ពុជាវិញ ព្រោះកន្លងមកបារាំងយកចិត្តទុកដាក់បង្កើតច្រកសមុទ្រតែភាគខាងកើតប៉ុណ្ណោះ ដោយចោលឈូងសមុទ្រសៀម ដែលមានផលប្រយោជន៍ជាសំខាន់ដល់បារាំងដែរនោះ ។
យោងលើទស្សនៈខាងលើ បារាំងបានចាប់ផ្តើមសិក្សាស្រាវជ្រាវរកកន្លែងបង្កើតផែសមុទ្រនៅកម្ពុជា ។ ការសិក្សាស្រាវជ្រាវនេះបានរកឃើញត្រង់តំបន់កំពង់សោម ដែលត្រូវបង្កើតកំពង់ផែសមុទ្រមួយឡើង ។ ប៉ុន្តែដោយគ្មានផ្លូវគមនាគមន៍ទាក់ទងមកផ្ទៃក្នុងប្រទេស ហើយដែលទាមទារឱ្យចំណាយប្រាក់់ច្រើន ដើម្បីសង់ផ្លូវគមនាគមន៍ផង និងកំពង់់ផែផងនោះ គម្រោងបង្កើតកំពង់ផែសមុទ្រត្រង់ឆកកំពង់សោមក៏ត្រូវទុកចោលជាបណ្តោះអាសន្នសិនព្រោះស្ថានភាពសេដ្ឋកិច្ចនាពេលនោះ មិនអាចធានាការចំណាយដ៏ធំនេះបាន ។
នៅក្រោយសង្គ្រាមលោកលើកទី១ បញ្ហាបង្កើតច្រកតាមសមុទ្រនៅកម្ពុជានេះ ក៏បានលើកឡើងម្តងទៀត ។ ការធ្វើផ្លូវពីកំពតទៅរាមនៅឆ្នាំ១៩២៥ បានអនុញ្ញាតឱ្យគេស្ថាបនានូវឋបនភណ្ឌ ដំបូងៗនៃកំពង់ផែនៅរាម ។ ការជ្រើសរើសយករាមនេះ មានអត្ថប្រយោជន៍ពីរ ដោយម្យ៉ាងអាចធ្វើកំពង់ផែបានផង និងម្យ៉ាងទៀតគេអាចធ្វើផ្លូវគមនាគមន៍ជើងគោកភ្ជាប់មកតំបន់ផ្ទៃក្នុងប្រទេសបានផង ។ ប៉ុន្តែ ជាក់ស្តែងរាមគ្រាន់តែជាកំពង់ផែដ៏តូចសម្រាប់កងនាវាចរណ៍ដែលពុំមានផ្តល់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ច ណិងតំបន់ឆ្នេរសមុទ្រនៃប្រទេសទេ ។
គម្រោងនៃការបង្កើតកំពង់ផែថ្មីមួយទៀត ក៏បានត្រូវគេសិក្សាស្រាវជ្រាវជាបន្តបន្ទាប់មកទៀត នៅឆ្នាំ១៩៣៧, ១៩៤២ និង១៩៤៨ ។ ប៉ុន្តែ ដោយសារសង្គ្រាម និងការបំផ្លាញផ្លូវពីកំពតទៅរាមនោះបានកាត់ផ្តាច់មិនឱ្យគម្រោងផែនការខាងលើសម្រេចជារូបរាងឡើយ ។
នៅឆ្នាំ១៩៤៨ កំពង់ផែភ្នំពេញ នៅតែជាកំពង់ផែសមុទ្រនៃប្រទេសដដែល ។ នៅក្រោយពេលបានឯករាជ្យនាឆ្នាំ១៩៥៣ ភាពចាំបាច់ដែលត្រូវបង្កើតកំពង់ផែសមុទ្រមួយនៅលើទឹកដីកម្ពុជានោះ កាន់តែសំខាន់ឡើង ។ ព្រោះការដឹកជញ្ជូនតាមទន្លេមេគង្គអាចធ្វើបាន តែនាវាដឹកទំនិញធុនមធ្យម ដែលមានបាតចុះទៅក្នុងទឹកជម្រៅមិនហួសពី៤,១០ម៉ែត្រប៉ុណ្ណោះ ។ ការបង្កើតកំពង់ផែដែលអាចឱ្យកប៉ាល់ដឹកជញ្ជូន ធំៗ ចូលចតដូចជាកប៉ាល់ដឹកប្រេងជាដើម ទាមទារឱ្យរដ្ឋាភិបាលត្រូវតែធ្វើការសម្រេចពីបញ្ហានេះជាបន្ទាន់ បន្ទាប់ពីបានឯករាជ្យមក ។ នៅដើមឆ្នាំ១៩៥៤ រាជរដ្ឋាភិបាលនាសម័យនោះបានសម្រេចឱ្យស្ថាបនាកំពង់ផែសមុទ្រមួយ ដែលអាចឱ្យនាវាដឹកជញ្ជូន ធំៗចូលចតបាន ។
ការជ្រើសរើសទីកន្លែង៖
បន្ទាប់ពីការសិក្សា ដំបូងៗទាំងឡាយក្នុងការជ្រើសរើសទីកន្លែងកំពង់ផែសមុទ្រនេះ គេមើលឃើញទីកន្លែងពីរ ដែលមានជម្រៅទឹកប្រហែល១០ម៉ែត្រ ។ កន្លែងទី១ ស្ថិតនៅផ្នែកអាគ្នេយ៍នៃឆកកំពង់សោមជិតកោះពស់ (ត្រង់ក្រុងកំពង់សោមសព្វថ្ងៃ) និងទីកន្លែងមួយទៀត ស្ថិតនៅប៉ែកនិរតីនៃឆកកំពង់សោមនេះ ។
គេមិនជ្រើសរើសយកតំបន់រាមទេ ព្រោះទីកន្លែងនោះរាក់ពេក (ប្រហែល៦ម៉ែត្រ) ហើយគេក៏មិនជ្រើសយកតំបន់ឆ្នេររាបស្មើ ពីរាមទៅដល់ព្រំដែនប្រទេសវៀតណាមដែរ ។
ដោយមូលហេតុពិបាកធ្វើដំណើរទៅដល់ គេក៏មិនរុករកទីកន្លែងសម្រាប់សង់កំពង់ផែនៅតាមឆ្នេរភាគខាងលិច រហូតទៅដល់ព្រំប្រទល់ប្រទេសថៃផងដែរ ។ ដោយយោងលើមូលហេតុដដែលនេះដែរ គេក៏បានបោះបង់ចោលកន្លែងទី២ គឺភាគខាងនិរតីឆកសមុទ្រកំពង់សោមចេញ ។ នៅទីបំផុុតទីកន្លែងចុងក្រោយ ដែលគេជ្រើសរើសយកសម្រាប់សង់កំពង់ផែនោះគឺភាគអាគ្នេយ៍នៃឆកសមុទ្រកំពង់សោម ជិតកោះពស់ (ត្រង់ទីក្រុងកំពង់សោមបច្ចុប្បន្ននេះ) ។
បន្ទាប់ពីបានថតរូបពីលើយន្តហោះ ពីសភាពកន្លែងខាងលើនេះ នៅខែឧសភា ១៩៥៥ គេបានដឹងថា តំបន់ឆ្នេរនេះជាតំបន់មួយដែលមានព្រៃក្រាស់រហូតដល់មាត់ច្រាំង ហើយពុំមានមនុស្សចូលទៅដល់ឡើយ ។ ថ្វីបើតំបន់នេះមានការលំបាកជាខ្លាំងក្នុងការធ្វើដំណើរទៅដល់ជាលើកដំបូងនោះក៏ដោយ ក៏ទីកន្លែងនេះគឺជាកន្លែងអំណោយផលជាងកន្លែងដទៃទៀតទាំងអស់ក្នុងការសង់កំពង់ផែនោះ ។ ព្រោះទីកន្លែងនេះមានជម្រៅទឹកជ្រៅ ការចូលចតមានភាពងាយស្រួលនៅគ្រប់ពេល និងរដូវ ហើយទីកន្លែងនេះមានចម្ងាយពីភ្នំពេញជិតជាងកន្លែងឯទៀត ។ លើសពីនេះទៅទៀត តាមការសិក្សា និងការពិនិត្យមើលជារួមនៅកន្លែងនេះ គេអាចមានលទ្ធភាពងាយស្រួលក្នុងការពង្រីកនូវកំពង់ផែនេះទៅថ្ងៃក្រោយទៀត ប្រសិនបើមានភាពចាំបាច់ និងការរីកចម្រើននោះ ។
កោះពស់ដែលនៅពីមុខតំបន់ឆ្នេរដែលត្រូវសង់កំពង់ផែនោះ អាចការពារខ្យល់ព្យុះបាន ខ្លះៗដែរ ។ ចន្លោះកោះពស់ និងឆ្នេរជម្រៅទឹកសម្រាប់ផ្លូវកប៉ាល់ចូលមានពី១១ទៅ១៣ម៉ែត្រ លើកលែងកន្លែងមួយដែលមានថ្ម ជម្រៅ៨,៤ម៉ែត្រ ។ ដូច្នេះកប៉ាល់អាចចេញចូលមកកំពង់ផែបាននៅពេលទឹកជោរ ចំពោះនាវាដែលមានបាតជ្រៅទៅក្នុងទឹកមិនលើសពី៩ម៉ែត្រ ។
សមិទ្ធផលដំបូងៗទាំងឡាយរបស់ក្រុងកំពង់សោម
ការស្ថាបនាក្រុងកំពង់សោមដំបូងបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥៥មក ។ មូលហេតុនៃការកសាងទីក្រុងនេះ គឺបង្កើតកំពង់ផែសមុទ្រមួយ ។ ដូច្នេះការងារស្ថាបនាដំបូងគឺកំពង់ផែ ។ ក្រុមអ្នកឯកទេស និងកម្មករ ដែលទៅដល់ដំបូង គឺធ្វើដំណើរតាមកាណូតពីកំពតទៅ (ផ្លូវគោកពីកំពតទៅរាម នៅពេលនោះប្រើប្រាស់ពុំកើតទេ ដោយសារការកម្ទេចស្ពានសឹងតែទាំងអស់ក្នុងកំណាត់ផ្លូវនេះ នៅពេលមានអសន្តិសុខកន្លងមកនោះ) រួចកាប់ឆ្ការព្រៃបោះជំរំដំបូងនៅម្តុំមាត់សមុទ្រ ត្រង់ម្តុំមន្ទីរគណៈកម្មាធិការក្រុងសព្វថ្ងៃនេះ ។
ការងារ ដំបូងៗទាំងនេះមានការលំបាកណាស់ ព្រោះគ្មានផ្លូវគមនាគមន៍ផ្លូវគោកជាមួយនឹងផ្ទៃក្នុងប្រទេសទេ ។ ភាពចាំបាច់ក្នុងការទាក់ទងជាមួយក្រុងភ្នំពេញបានឆាប់រហ័សនោះទាមទារត្រូវតែស្ថាបនាវាលយន្តហោះ ដែលមានបណ្តោយ៥០០ម៉ែត្រ បានត្រូវសម្រេចឡើងនៅខែមករា ឆ្នាំ១៩៥៦ ។ ដោយសារវាលយន្តហោះនេះ (ស្ថិតនៅរហូតសព្វថ្ងៃ) យន្តហោះតូចៗដែលអាចដឹកកមនុស្សបាន៦នាក់ អាចធ្វើដំណើរតែមួយម៉ោងប៉ុណ្ណោះដល់ភ្នំពេញ ដែលពីមុននេះគេត្រូវការប្រើពេលយ៉ាងតិច១០ម៉ោង (ពីរម៉ោងពីភ្នំពេញទៅកំពត និង៨ម៉ោងពីកំពតទៅកំពង់សោម)។ ការប្រើប្រាស់ផ្លូវគមនាគមន៍ខាងអាកាសនេះ បានជួយសម្រួលច្រើនដល់ការងារស្ថាបនា ដំបូងៗទាំងនេះ ទម្រាំមានផ្លូវគោកពីភ្នំពេញទៅកំពង់សោម(កាត់តាមកំពត) អាចដំណើរការបានពាក់កណ្តាលឆ្នាំ១៩៥៧ ។ ផ្លូវជាតិលេខ៤ ទទឹងចាក់កៅស៊ូ៧ម៉ែត្រ ពីភ្នំពេញទៅកំពង់សោម (កាត់តាមកំពង់ស្ពឺ) បានធ្វើហើយស្រេចនៅឆ្នាំ១៩៥៩ ។
កំពង់ផែ៖ ទន្ទឹមនឹងការកសាងសំណង់ទាំងឡាយខាងលើនេះ កំពង់ផែក៏ចាប់កសាងឡើងដែរ ។ ផែបានសង់លយចូលទៅក្នុងសមុទ្រប្រវែង២៨៥ម៉ែត្រ ដែលមានទទឹង២៨ម៉ែត្រ។ ផែបានភ្ជាប់ពីមាត់ច្រាំងដោយស្ពានដែលមានប្រវែង១៨៥ម៉ែត្រ ទទឹង១០ម៉ែត្រ ។ ផែដែលមានកសាងមានប្រវែង២៨៥ម៉ែត្រនេះ អាចទទួលឱ្យចូលចតទាំងសងខាងនូវនាវាចំនួន៤គ្រឿងយ៉ាងតិច(៤គ្រឿងចំពោះនាវាដែលមានចំណុះ១០.០០០តោន) តែេអាចចូលចតបាន៦គ្រឿង ចំពោះនាវាដែលមានចំណុះប្រហែល៤.០០០តោន ។ ជម្រៅទឹកដែលនាវាចូលផែនេះមាន១០ម៉ែត្រ ។ កំពង់ផែនេះបានចាប់ទទួលឱ្យនាវាចូលសំចតតាំងពីឆ្នាំ១៩៦០មក ។
តាមការគ្រោងទុកជាមុនពីការសាងសង់កំពង់ផែនេះ គឺគេគ្រោងសង់កំពង់ផែនេះសម្រាប់ការដឹកជញ្ជូនទំនិញតែ២០០ទៅ២៤០ពាន់តោនប៉ុណ្ណោះក្នុង១ឆ្នាំ ។ ប៉ុន្តែគម្រោងនេះត្រូវខុសអស់ក្នុងរយៈពេលដ៏ខ្លីបំផុត គឺចាប់ពីឆ្នាំ១៩៦៤មក ភាពកកស្ទះក្នុងការដឹកជញ្ជូនតាមសមុទ្របានកើតមានឡើង ដោយពេលខ្លះនាវាត្រូវរង់ចាំសំចតមានចំនួន១០ទៅ១២គ្រឿង (នៅឆ្នាំ១៩៨៨) ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ គេបានចាប់គិតគូរពង្រីកកំពង់ផែនេះ ។
កំពង់ផែថ្មីដែលមានទំហំធំច្រើនជាងពីមុននោះ បានចាប់សាងឡើងនៅភាគខាងជើងផែចាស់ ។ ទំនប់ផែពីរបានស្ថាបនាឡើង ។ ទំនប់ផែទី១ ប្រវែង៣.០០០ម៉ែត្រ ចាក់ទៅរកកោះថ្មតូចមួយ ។ ទំនប់ទី២ មានប្រវែង៦០០ម៉ែត្រ ។ តាមគម្រោងកំពង់ផែថ្មីនេះ អាចចូលសំចតបាននាវាចំនួន២០គ្រឿង ។ ការសាងសង់កំពុងតែដំណើរការមិនទាន់បានចប់សព្វគ្រប់ ក៏មានព្រឹត្តិការណ៍រដ្ឋប្រហាថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ ធ្វើឱ្យអាក់ខានការសាងសង់នេះរហូតមកទល់នឹងសព្វថ្ងៃនេះទៅ(តែចាប់ពីឆ្នាំ១៩៦៨មក មាននាវាខ្លះចូលសំចត បណ្តើរៗនៅកំពង់ផែថ្មីនេះហើយដែរ) ។
ការពង្រីកកំពុងផែនេះ វាទាក់ទងទៅនឹងការរីកចម្រើនរបស់ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាតិ ។ ទាល់តែមានការរីកចម្រើនសេដ្ឋកិច្ចជាតិ ទើបការដឹកជញ្ជូនមានការកើនឡើង ហើយទាមទារឱ្យពង្រីកកំពង់ផែ ។ បើយើងពិនិត្យពីការដឹកជញ្ជូនតាំងពីកំពង់ផែកំពង់សោមចាប់ដំណើរការមកនោះ ៖
-ឆ្នាំ១៩៦០ ៖ ៣៥.០០០តោន ។
-ឆ្នាំ១៩៦១ ៖ ៩៥.០០០តោន ។
-ឆ្នាំ១៩៦២ ៖ ១៦៦.០០០តោន ។
-ឆ្នាំ១៩៦៣ ៖ ៣៧០.០០០តោន ។
-ឆ្នាំ១៩៦៤ ៖ ៧១៥.០០០តោន ។
-ឆ្នាំ១៩៦៥ ៖ ៧៥៥.០០០តោន ។
-ឆ្នាំ១៩៦៦ ៖ ៥៤៨.០០០តោន ។
-ឆ្នាំ១៩៦៧ ៖ ៥៤៥.០០០តោន ។
-ឆ្នាំ១៩៦៨ ៖ ៧២១.៣១៨តោន ។
-ឆ្នាំ១៩៧០ ៖ ៥៩៦.០០០តោន ។
-ឆ្នាំ១៩៧១ ៖ ២២៣.០០០តោន ។
-ឆ្នាំ១៩៨០ ៖ ២៩២.០០០តោន ។
-ឆ្នាំ១៩៨១ ៖ ១៩០.០០០តោន ។
-ឆ្នាំ១៩៨២ ៖ ១៣០.០០០តោន ។
-ឆ្នាំ១៩៨៣ ៖ ៩៧.០០០តោន ។
-ឆ្នាំ១៩៨៤ ៖ ១១៨.០០០តោន ។
-ឆ្នាំ១៩៨៥ ៖ ១១៦.២០០តោន ។
-ឆ្នាំ១៩៨៦ ៖ ១២៥.០០០តោន ។
យើងសង្កេតឃើញតួលេខខាងលើនេះថា ចាប់ពីឆ្នាំ១៩៦៦មក ការដឹកជញ្ជូនលែងកើនឡើងទៀត ដែលបង្ហាញឱ្យឃើញថា ការពង្រីកកំពង់ផែនេះវាហួសពីសេចក្តីត្រូវការនៃការដឹកជញ្ជូនយ៉ាងច្រើន ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលជំនាន់នោះមានគម្រោងបង្កើតតំបន់កំពង់ផែនេះឱ្យទៅជាតំបន់រួចពន្ធ(zone franc) ដើម្បីឱ្យកំពង់ផែនេះរីកចម្រើនដូចកំពង់ផែអន្តរជាតិនានានៅតំបន់អាស៊ីអាគ្នេយ៍នេះ ។ ប៉ុន្តែ គម្រោងការនេះក៏ត្រូវអាក់ខានទៅវិញក្រោយរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០មក ។
បច្ចុប្បន្ននេះទៀត បើយើងពិនិត្យពីតួលេខនៃការដឹកជញ្ជូនតាមកំពង់ផែកំពង់សោមនេះ យើងឃើញថា ផែចាស់វាធានាបានយ៉ាងគ្រប់គ្រាន់ដល់ការដឹកជញ្ជូននេះហើយ ។ ការចាប់បន្តការកសាងកំពង់ផែថ្មីអាចនឹងប្រព្រឹត្តទៅឡើងវិញបាន នៅពេលណាដែលការដឹកជញ្ជូនតាមកំពង់ផែនេះកើនឡើងបី បួនដង លើសពីបរិមាណដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ ។ ដូចយើងបានជម្រាបហើយថា ការកើនឡើងនៃការដឹកជញ្ជូនអាចកើតមានបានទាល់តែសេដ្ឋកិច្ចជាតិរីកចម្រើនខ្លាំងក្លាឡើងនោះ ។
ផ្លូវដែក ៖ ការសម្រេចឱ្យកសាងផ្លូវដែកពីភ្នំពេញទៅក្រុងកំពង់សោម កាត់តាមកំពតនេះ បានសម្រេចឡើងតាំងពីឆ្នាំ១៩៥៨មកម្ល៉េះ តែការចាប់កសាងពិតប្រាកដទើបចាប់ដំណើរការពីរឆ្នាំ១៩៦៥មកទេ ។ ផ្លូវដែកនេះធ្វើមកដល់កំពតនៅខែឧសភា ឆ្នាំ១៩៦៨ និងទៅដល់ក្រុងកំពង់សោមនៅចុងឆ្នាំ១៩៦៩។ ផ្លូវដែកនេះមានផលប្រយោជន៍ខាងសេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះផ្លូវដែកនេះកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនទំនិញ បានច្រើនជាងដឹកតាមផ្លូវថ្នល់។
ផ្លូវអាកាស ៖ គេបានសាងសង់នៅមុនឆ្នាំនេះដែរនូវវាលយន្តហោះមួយទៀតនៅជិតរាម ដែលអាចចុះចតបាននូវយន្តហោះធុនមធ្យម។ វាលយន្តហោះនេះប្រើប្រាស់ច្រើននៅសម័យលន់ លន់ ដោយសារផ្លូវជាតិលេខ៤ ត្រូវកាត់ផ្តាច់ដោយសង្គ្រាម ។
ការសាងសង់រោងចក្រមួយចំនួន ៖
-រោងចក្រចម្រាញ់ប្រេងកាត ៖ រោងចក្រនេះសង់ពីឆ្នាំ១៩៦៦ដល់១៩៦៨ ដែលសាងសង់ឡើងដោយទុនចម្រុះ (៦៥ភាគរយរបស់រដ្ឋ និង៣៥ភាគរយរបស់ក្រុមហ៊ុនអែល (Eif )របស់បារាំង) ។ សមត្ថភាពផលិតរបស់រោងចក្រនេះមានដល់៦០០.០០០តោន តែនៅពេលនោះគេផលិតតែ៤០០.០០០តោនប៉ុណ្ណោះ ។ រីឯសេចក្តីត្រូវការពិតប្រាកដរបស់ប្រទេសនាពេលនោះ គឺមានតែ២៥០.០០០តោនប៉ុណ្ណោះ ។ សូម្បីស្រូបយកឱ្យអស់ផលិតផលដែលរោងចក្រនេះផលិតបាន រាជរដ្ឋាភិបាលជំនាន់នោះមានគម្រោងរកផ្សារអន្តរជាតិដើម្បីលក់ប្រេងនោះ និងការបង្កើតរោងចក្រជាច្រើនទៀតដូចជា៖ រោងចក្រធ្វើជី រោងចក្រប៊ុយតានជាដើម (នៅពុំទាន់បានសាងសង់នៅឡើយ) ។ ក្នុងសម័យលុន លន់ រោងចក្រនោះត្រូវខូតខាតជាដំណំដោយសារសង្គ្រាម ។ បច្ចុប្បន្ននេះ យើងប្រើប្រាស់ជាកន្លែងស្តុកប្រេងឥន្ធនៈប៉ុណ្ណោះ ។
-រោងចក្រស្រាបៀរ ៖ រោងចក្រនេះសង់ហើយនៅឆ្នាំ១៩៦៨ ដោយទុនរបស់រដ្ឋ (ក្រុមហ៊ុនសុរាគារខ្មែរ) ។ រោងចក្រនេះមានសមត្ថភាពផលិតបាន២០០.០០០ហិកតូលីត្រ ស្រាបៀរ តែពេលនោះគេផលិតតែ១០០.០០០ហិកតូលីត្រស្រាបៀរ និង៣០.០០០ហិកតូលីត្រទឹកក្រូច សូដាប៉ុណ្ណោះ។ ការសង់រោងចក្រស្រាបៀរនៅក្រុងកំពង់សោមនេះ មិនសូវមានផលប្រយោជន៍ខាងសេដ្ឋកិច្ច ព្រោះរោងចក្រស្រាបៀរទាមទារឱ្យសង់នៅកន្លែងដែលសម្បូរទឹកសាប និងអ្នកប្រើប្រាស់នៅជិតច្រើន ដែលក្រុងកំពង់សោមមិនអាចបំពេញលក្ខខណ្ឌទាំងពីរនេះបាន ។ បច្ចុប្បន្នរោងចក្រនេះពុំមានដំណើរការទេ ។
-រោងចក្រដំឡើងត្រាក់ទ័រ ៖ រោងចក្រនេះចាប់ដំណើរការចាប់តាំងពីឆ្នាំ១៩៦៦មក ដែលគ្រប់គ្រងដោយរដ្ឋ (ក្រុមហ៊ុនជាតិដំឡើងត្រាក់ទ័រ) ។ រោងចក្រនេះដំឡើងត្រាក់ទ័ររបស់ឆេកូស្លូវ៉ាគី ។ រោងចក្រនេះមានទំហំតូច ពុំឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេសនាជំនាន់នោះបានទេ ។ គម្រោងដំបូង គេគិតផលិតគ្រឿងបន្លាស់២៥ភាគរយ នៅក្នុងប្រទេស ដើម្បីដំឡើងត្រាក់ទ័រនេះ តែពេលដំណើរការគ្រឿងបន្លាស់ទាំងអស់នាំចូលមកពីក្រៅដែលជាហេតុនាំឱ្យពុំមានចំណេញដល់ការបង្កើតរោងចក្រនេះទេ។ បច្ចុប្បន្នរោងចក្រនេះពុំមានដំណើរការទេ ។
-រោងចក្រផលិតទឹកកក ៖ ចាប់ដំណើរការតាំងពីឆ្នាំ១៩៦៨ ។ បច្ចុប្បន្ននេះ រោងចក្របានត្រូវស្ថាបនាឱ្យដំណើរការឡើងវិញ ។
-ក្រៅពីនេះនៅមានរោងចក្រអគ្គិសនី និងរដ្ឋាករទឹកក៏បានបង្កើតឡើងនៅគ្រា ដំបូងៗនេះដែរ ។ បច្ចុប្បន្នរោងចក្រអគ្គិសនី និងរដ្ឋាករទឹកនេះបានស្ថាបនាឱ្យដំណើរការឡើងវិញ ។
អំពីការវិវឌ្ឍចំនួនប្រជាជន
ដោយសារការស្ថាបនាកំពង់ផែ ការរៀបចំប្រព័ន្ធរដ្ឋបាល និងការធ្វើពាណិជ្ជកម្ម ផ្សេងៗ ប្រជាជនទីក្រុងកំពង់សោមបានរីកចម្រើនយ៉ាង ឆាប់រហ័ស តាំងពីឆ្នាំបង្កើតក្រុងនេះមក ។ ប៉ុន្តែការកើនចំនួនប្រជាជននេះបាននៅទ្រឹងតាំងពីឆ្នាំ១៩៦៣មក ។
-ឆ្នាំ១៩៦១ មានប្រជាជន ៦.០០០នាក់ ។
-ឆ្នាំ១៩៦២ មានប្រជាជន ៩.១៦៥នាក់ ។
-ឆ្នាំ១៩៦៣ មានប្រជាជន ១៣.៥០០០ ។
-ឆ្នាំ១៩៦៤ មានប្រជាជន ១៣.៥០០នាក់។
-ឆ្នាំ១៩៦៥ មានប្រជាជន ១៤.០០០នាក់។
-ឆ្នាំ១៩៦៦ មានប្រជាជន ១៤.៥០០នាក់។
-ឆ្នាំ១៩៦៧ មានប្រជាជន ១៥.៨០០នាក់។ (អត្រានេះមិនរួមបញ្ចូលប្រជាជនស្រុកព្រៃនប់ទេ) ។
-ឆ្នាំ១៩៨០ មានប្រជាជន ៥១.៨៨៣នាក់។
-ឆ្នាំ១៩៨៦ មានប្រជាជន៦៤.៩៦០នាក់។ (អត្រានេះបញ្ចូលប្រជាជនស្រុកព្រៃនប់) ។
ប្រជាជនក្រុងកំពង់សោមពីមុនឆ្នាំ១៩៧០ ក៏ដូចបច្ចុប្បន្នដែរ ច្រើនជាប្រជាជនមានដើមកំណើតមកពីខេត្តកំពត និងមកពីខេត្តវាលទំនាបនៃប្រទេស ។ តាមស្ថិតិនាឆ្នាំ១៩៨៦ ប្រជាជនក្រុងកំពង់សោម ដែលមានវ័យពលកម្មមានកម្រិតទាបជាងកាលពីសម័យមុនឆ្នាំ១៩៧០ ។ ឆ្នាំ១៩៨៦នេះ ប្រជាជនក្នុងវ័យពលកម្មមានតែ៤២ភាគរយទេ នៅឆ្នាំ១៩៦៧ ប្រជាជនប្រភេទនេះមានរហូតដល់៦០ភាគរយ ។ ចំពោះជនជាតិវិញ ក្រុងកំពង់សោមមានជនជាតិខ្មែរជាង៨០ភាគរយ ក្រៅពីនេះមានជនជាតិចាម(ជាង៥ពាន់នាក់) ជនជាតិស្អូច(៧០នាក់) អាណិកជនវៀតណាម និងចិន ដែលរួមមានជាង១០ភាគរយ នៃប្រជាជនរបស់ក្រុងទាំងមូល ។
សកម្មភាពវិស័យកសិកម្មរបស់ក្រុងកំពង់សោម
១-កៅស៊ូ ៖ ផ្ទៃដីដែលអាចដាំកៅស៊ូបានរបស់ក្រុងមានចំនួនប្រហែល១.២០០ហិកតា មុនឆ្នាំ១៩៧៥ កៅស៊ូដែលដាំហើយមានប្រហែលជិត៤០០ហិកតា ។ ក្នុងសម័យសម្តេចព្រះនរោត្តម សីហនុ គេបានធ្វើអាជីវកម្មយកជ័របានខ្លះហើយ ។ ទិន្នផលបានប្រហែល៨០០គីឡូក្រាម ក្នុងមួយហិកតា ។ គេបានសង់រោងចក្រចម្រាញ់ជ័រស្ងួតនៅទីនោះតែម្តង បច្ចុប្បន្ននេះ រដ្ឋអំណាចក្រុងបានគ្រប់គ្រង និងស្ថាបនាឡើងវិញចំការកៅស៊ូនេះ ។
២-ឈើ ៖ ដូចយើងបានជម្រាបពីខាងលើរួចមកហើយថា ក្រុងកំពង់សោមពីមុនជាព្រៃស្តុក ដែលពុំដែលមានមនុស្សចូលទៅដល់។ ការកាប់ឆ្ការព្រៃដើម្បីវាតទីក្រុង និងដាំដំណាំកាន់តែធ្វើឱ្យព្រៃឈើថមថយជាលំដាប់ ។ បច្ចុប្បន្ននេះតាមការប៉ាន់ប្រមាណ ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើមានប្រហែល២ភាគ៣ ។ ឈើជាមុខព្រួញសេដ្ឋកិច្ចសំខាន់មួយដែររបស់ទីក្រុងកំពង់សោម ។ ផលិតផលនាឆ្នាំ១៩៨៧ មានចំនួន៤.៥០០ម៉ែត្រគូប ឈើមូល ។ រដ្ឋអំណាចក្រុងក៏ដូចរដ្ឋអំណាចមជ្ឈិម បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការការពារព្រៃឈើនេះ ក្នុងពេលធ្វើអាជីវកម្ម ព្រោះបើគ្មានវិធានការសមស្របទេនោះ ធនធាននេះនឹងត្រូវវិនាសអន្តរាយអស់ហើយបង្កឱ្យមានការប្រែប្រួលដល់ធាតុអាកាស និងបរិយាកាសថែមទៀតផង ។
៣-ម្រេច ៖ ដីដែលអាចដាំម្រេចបាន អ្នកឯកទេសបានប៉ាន់ប្រមាណថាមានប្រហែល១.៤០០ហិកតា ។ ម្រេចជាដំណាំ សំខាន់មួយរបស់ក្រុងកំពង់សោមសម្រាប់នាំចេញ ។ តាមស្ថិតិនាឆ្នាំ១៩៦៨ ផ្ទៃដីដាំម្រេចហើយនៅកំពង់សោមក្រុងមានចំនួន២៥៤ហិកតា បានផល៧៧៨តោន នៅស្រុកព្រៃនប់មានចំនួន៣០៥ហិកតា បានផល៨៨៣តោន ។ នៅពេលសង្គ្រាម៥ឆ្នាំ និងសម័យបនប៉ុល ពត ដំណាំនេះត្រូវខូចខាតអស់ ។ បច្ចុប្បន្ននេះប្រជាជនចាប់ដាំដំណាំនេះឡើងវិញ តាំងពីឆ្នាំ១៩៨២មក ហើយមកដល់ឆ្នាំ១៩៨៨ ប្រជាជនដាំ៦១,៨៩ហិកតា។ ផលិតផលដែលសម្រេចបានឆ្នាំកន្លងមក(១៩៨៧)នេះមានចំនួន៣២,៤តោន ។ តាមការដកពិសោធរបស់ប្រជាជន ដំណាំម្រេចនេះបានទទួលផលទាប និងអាយុខ្លីជាងពីមុន ដោយសារគេដាំលើដីចាស់ ។ ចំពោះបញ្ហានេះយើងមិនហ៊ានអារកាត់ថាយ៉ាងណាទេ ទុកជូនអ្នកឯកទេសសិក្សាវិភាគចុះ ។ ដំណាំម្រេចនេះកំពុងមានការផុលផុសណាស់ក្នុងចំណោមប្រជាជន ហើយផ្ទៃដីដំណាំនេះ ចេះតែកើនឡើងជារៀងរាល់ឆ្នាំ ។
៤-ស្រូវ ៖ ផ្ទៃដីដែលបានបង្កបង្កើនផលដំណាំស្រូវនេះមាន ១១.៤០០ហិកតា ។ ស្រែរដូវវស្សាឆ្នាំ១៩៨៧ អនុវត្តបាន៨.៨១២ហិកតា ដូច្នេះនៅសល់២.៥៨៨ហិកតាទៀតពុំទាន់បានស្ថាបនាឡើងវិញ ។
ក្រៅពីដំណាំខាងលើនេះ នៅមានដំណាំ ផ្សេងៗទៀតជាច្រើន ដែលប្រជាជនបានអនុវត្តកន្លងមកដូចជាស្វាយចន្ទី, ទៀបបារាំង, អំពៅ, ម្នាស់ ។ល។
៥-ជលផល ៖ ជលផលជាមុខព្រួញសំខាន់បំផុតរបស់ក្រុងកំពង់សោម ។
នៅតាមឆ្នេរសមុទ្រក្នុងស្រុកព្រៃនប់ និងតាមមាត់ព្រែកនានាសំបូរទៅដោយព្រៃលិចទឹកដុះពាសពេញ ហើយមួយភាគធំនៃព្រៃលិចទឹកទាំងនោះ គឺសុទ្ធជាព្រៃកោងកាង ស្មាច់ ដែលជាជម្រកយ៉ាងសំខាន់សម្រាប់ត្រីពង និងជាប្រភពចំណីរបស់ហ្វូងត្រី បង្គា និងមច្ឆជាតិ ផ្សេងទៀត ។ ព្រៃលិចទឹកទាំងនោះមានទំហំប្រមាណជាង៣.៧០០ហិកតា ។ ម្យ៉ាងទៀត សមុទ្រនេះជាទីប្រសព្វនៃចរន្តទឹកក្តៅ និងទឹកត្រជាក់ ទើបបានជាសមុទ្រកំពង់សោមនេះសំបូរមច្ឆជាតិជាងគេ ។
តាមការស្រាវជ្រាវជាជំហានដំបូងរបស់នាវាសូវៀត នៅក្រុងកំពង់សោម ជារៀងរាល់ឆ្នាំ គេអាចមានលទ្ធភាពនេសាទបានត្រីគ្រប់ប្រភេទ ២៥.០០០តោន ។ មុនឆ្នាំ១៩៧៥ ការនេសាទនៅក្រុងកំពង់សោមបានបរិមាណផលជារៀងរាល់ឆ្នាំ ២០.០០០តោន ។ តាមការប៉ាន់ប្រមាណនៅមុនឆ្នាំ១៩៧០ ការនេសាទសមុទ្រទាំងអស់មានប្រហែល៣០.០០០តោន ប៉ុណ្ណោះ ។ ដូច្នេះសមុទ្រក្រុងកំពង់សោមផ្តល់បរិមាណ២ភាគ៣ នៃបរិមាណផលនេសាទសមុទ្រទាំងអស់នៃប្រទេស ។
បច្ចុប្បន្ននេះ ការនេសាទត្រីនេះមានសកម្មភាពរីកចម្រើនឡើងជារៀងរាល់ឆ្នាំ ។ តាមស្ថិតិថ្មីៗនេះបានឱ្យដឹងថា ចំនួនទូកយន្តគ្រប់ប្រភេទសរុបមានចំនួន៨៩២គ្រឿង និងទូកចែវចំនួន៣០០គ្រឿង ដែលកំពុងដំណើរការនេសាទនៅក្រុងកំពង់សោមនេះ ។ នៅឆ្នាំ១៩៨៦ ផលិតផលដែលបានពីនេសាទនេះ ក្នុង១ឆ្នាំមានចំនួនប្រហែល១.៧០០តោន ទៅ២.០០០តោន ប៉ុណ្ណោះ (ស្ថិតិបរិមាណផលិតផលនេះ នៅឃ្លាតឆ្ងាយណាស់ពីបរិមាណផលមុនឆ្នាំ១៩៧៥ ដូច្នេះស្ថិតិនេះអាចខុសពីការណ៍ពិតច្រើន) ។
ក្រៅពីវិស័យទាំងឡាយខាងលើនេះ ក្រុងកំពង់សោម ថែមទាំងជាមាត់ច្រកនៃពាណិជ្ជកម្មក្រៅប្រទេសមួយសំខាន់របស់ប្រទេសថែមទៀតផង ។ តាមការប៉ាន់ប្រមាណពីទស្សនវិស័យនៃការរីកចម្រើនរបស់ក្រុងកំពង់សោមនេះ យើងអាចសន្និដ្ឋានថា ក្រុងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសយើងនាពេលអនាគតខាងមុខនេះជាមិនខាន ៕
ចែករំលែកព័តមាននេះ