ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ម្ដាយ​ជាប់រវល់​មើល​កូនតូច​អាយុ ២​ខែ ស្រាប់តែ​កូនប្រុស​អាយុ ៣​ឆ្នាំ ចូល​លេង​ក្នុង​ពាងទឹក ក៏បាន​លង់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ ទើប​សម្រាលកូន​បាន ២​ខែ ហើយ​ជាប់រវល់​មើល​កូនតូច និង​ឲ្យ​កូនប្រុស អាយុ ៣​ឆ្នាំ​ម្នាក់ទៀត ទៅលេង​នៅផ្ទះ​ម្ដាយ​របស់ខ្លួន ដែល​ស្ថិតនៅ​ជិតគ្នា​នោះដែរ​។…

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ ទើប​សម្រាលកូន​បាន ២​ខែ ហើយ​ជាប់រវល់​មើល​កូនតូច និង​ឲ្យ​កូនប្រុស អាយុ ៣​ឆ្នាំ​ម្នាក់ទៀត ទៅលេង​នៅផ្ទះ​ម្ដាយ​របស់ខ្លួន ដែល​ស្ថិតនៅ​ជិតគ្នា​នោះដែរ​។ លុះ​ក្រោយមក មេឃ​ភ្លៀង ទើប​ទៅរក​កូន ស្រាប់តែ​ឃើញ​បាត់បង់​ជីវិត នៅក្នុង​ពាងទឹក ដែល​សង្ស័យថា កូនប្រុស​រូបនេះ ឡើង​លេង​លើ​ពាងទឹក ហើយក៏​ធ្លាក់​ដាំដូង ចូលទៅ បណ្ដាល​ឲ្យ​លង់​តែម្ដង​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥ និង ៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្មេងប្រុស​រងគ្រោះ ឈ្មោះ សុខ វុ​ធី អាយុ ៣​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ជាង អេ​ម អាយុ ២៥​ឆ្នាំ និង​ឪពុក​ឈ្មោះ ហុក សុក អាយុ ២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

​ម្ដាយ​បាន​និយាយថា នាង​ទើបតែ​សម្រាល​កូនតូច បាន​រយៈពេល ២​ខែ​ប៉ុណ្ណោះ ហើយ​នៅមុន​ពេល​កើតហេតុ ដោយសារតែ​ប្ដី មិន​នៅផ្ទះ ជាប់រវល់​ទៅរក​ស៊ី ដើម្បី​រកប្រាក់ មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​នាង​ជាប់​មើល​កូនតូច អាយុ ២​ខែ​នោះ​ផង ធ្វើ​ការងារ​ផ្ទះ​ផង​នោះ ទើប​នាង​បាន​ឲ្យ​កូនប្រុស ទៅលេង​ផ្ទះ​ជីដូន (​ម្ដាយបង្កើត​របស់​នាង​) ដែល​ស្ថិត​នៅក្បែរ​ផ្ទះ​នាង​ដែរ​។ ខណៈនោះ នាង​ពុំបាន​ដឹងថា មានរឿង​អកុសល​បែបនេះ កើតឡើង​ឡើយ ក្រោយមក មេឃ​ក៏​ធ្លាក់ភ្លៀង ទើប​នាង​ស្វះស្វែង​តាមរក​កូនប្រុស តែ​រក​មិនឃើញ​សោះ ហើយ​ខណៈនោះ ទាំង​នាង និង​ម្ដាយ​បាននាំគ្នា​តាមរក ក៏​ស្រាប់តែ​ប្រទះឃើញ​កូន នៅក្នុង​ទឹក​ពាង​គួរ​ឲ្យ​រន្ធត់​បាត់ទៅហើយ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ភ្លាមៗ​នោះ នាង​ម្ដាយ បាននាំគ្នា​ស្រង់​សព​កូន​ចេញ និង​វាយ​បំបែក​ពាងទឹក រួច​ជួយសង្គ្រោះ​បឋម ដោយ​ធ្វើ​ចលនា​បេះដូង​ដែរ​។ ប៉ុន្តែ​អ្វីៗ បាន​ហួសពេល​អស់​ទៅហើយ ព្រោះ​កូនប្រុស​នាង មិនអាច​ដឹងខ្លួន​ឡើងវិញ​ឡើយ​។

​អ្នកភូមិ និយាយថា បន្ទាប់ពី​រកឃើញ​កូន​នៅក្នុង​ទឹក​ពាង​បែបនេះ ស្ត្រី​ជា​ម្ដាយ​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​បាន​យំសោក រហូត​ស្ទះដង្ហើម​សន្លប់​ស្ដូកស្ដឹង​តែម្ដង​។ ប៉ុន្តែ​ត្រូវបាន​សាច់ញាតិ​នាំគ្នា​បី​ដាក់​ក្រោមផ្ទះ រួច​ជួយ​ធ្វើ​ចលនា​បេះដូង ទើប​ដឹងខ្លួន​ឡើងវិញ​។

​ក្រោយពេល​ទទួលបាន​ដំណឹង​នេះ ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ជើងឯក និង​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅកាន់​ទីតាំង​នោះ​ភ្លាមៗ ហើយ​បាន​រាយការណ៍ ជូនទៅ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះទៅពិនិត្យ​កោសល្យវិច័យ ហើយ​លទ្ធផល​រកឃើញ​ថា ក្មេងប្រុស​ខាងលើ ស្លាប់​ដោយសារ​លង់ទឹក ដែល​សង្ស័យ​ឡើង​លេង ហើយ​ដាំ​ក្បាល ចូល​ពាង​នោះ​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ