ខេត្តរតនគិរី ៖ ជនជាតិវៀតណាម២នាក់បានរថយន្តទាំងស្រវឹងជោគជាំរេពេញផ្លូវទៅបុកម៉ូតូស្មាស់១គ្រឿងបណ្ដាលឲ្យស្លាប់៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២៥ វិច្ឆិកា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់មាន ១-ឈ្មោះ មុន សារឿន ភេទប្រុស អាយុ២០ឆ្នាំ ជាប្តី និងជាអ្នកបើកម៉ូតូ, ២-ឈ្មោះ ចាន់ លៀម ភេទស្រី អាយុ២១ឆ្នាំ ជាប្រពន្ធ និង ៣-ឈ្មោះ វិត សុវណ្ណ ភេទប្រុស អាយុ១០ឆ្នាំ ជាកូនចិញ្ចឹមរបស់ជនរងគ្រោះទាំង២ ។ ទាំង៣នាក់រស់នៅភូមិឃុំកើតហេតុ ។ ចំណែកជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់-ស្រាលជាជនជាតិវៀតណាម នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិវៀតណាម២នាក់បើករថយន្ត១គ្រឿងម៉ាក TRITON ពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខ រតនគិរី 2A-0380 តាមបណ្ដោយផ្លូវជាតិលេខ៧៦ក្នុងទិសដៅពីជើងទៅត្បូងរេពេញផ្លូវសង្ស័យស្រវឹងជោគជាំ ស្រាប់តែដល់កន្លែងកើតហេតុក៏រេចង្កូតបម្រុងធ្លាក់ផ្លូវក៏បួងចង្កូតមកវិញជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកស្មាស់ រីវ៉ូ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ រតនគិរី 1C-2287 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកនៅក្នុងរថយន្ត២នាក់រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះទាំង៣នាក់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនជាតិវៀតណាម២នាក់ដែលរងរបួសធ្ងន់ និងស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯរថយន្តបង្ក និងម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ